ការឃោសនាបោះឆ្នោតត្រូវបិទបញ្ចប់នៅថ្ងៃនេះ ដោយមិនមានបញ្ហាអ្វីគួរឲ្យកត់សំគាល់
ចុះផ្សាយនៅថ្ងៃ៖
នៅថ្ងៃសុក្រនេះគឺជាថ្ងៃចុងក្រោយនៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៣។ ក្នុងរយៈពេល៨ថ្ងៃនៃយុទ្ធនាការបោះឆ្នោតអសកលនេះ គឺមានតែគណបក្សប្រជាជនកម្ពុជាប៉ុណ្ណោះដែលមានការហែក្បួន និងឃោសនាទ្រង់ទ្រាយធំជាងគេទាំងនៅភ្នំពេញ និងនៅតាមខេត្ត ខណៈគណបក្សចំនួន៦ទៀត ខ្លះឃោសនាទ្រង់ទ្រាយតូចនៅស្នាក់ការបក្ស និងបក្សខ្លះទៀតមិនធ្វើការឃោសនាសោះឡើយ ស្របពេលដែលខ្លួនគ្មានអង្គបោះឆ្នោត។
នៅថ្ងៃចុងក្រោយនៃយុទ្ធនាការឃោសនាបោះឆ្នោតអសកលនេះ គណបក្សប្រជាជនកម្ពុជា បានឃោសនាទ្រង់ទ្រាយធំនៅភ្នំពេញដោយមានមនុស្សចូលរួមប្រមាណជាង១ម៉ឺននាក់។ នេះជាការគូសបញ្ជាក់របស់លោក សុខ ឥសាន។
បើតាមអ្នកនាំពាក្យគណបក្សកាន់អំណាចដដែល ក្នុងរយៈពេល៨ថ្ងៃការឃោសនានេះ គឺមិនមានបញ្ហាអ្វីគួរឲ្យកត់សំគាល់ឡើយ ដោយគណបក្សគោរពតាមគោលការណ៍ណែនាំ ពី គ.ជ.ប។ ម្យ៉ាងទៀតដោយសារតែជាការឃោសនាបោះឆ្នោតអសកល ដែលមិនមានការចូលរួមផ្ទាល់ពីពលរដ្ឋនោះ គឺការឃោសនាមិនមានលក្ខណៈស្មុគស្មាញនោះទេ។
យោងតាមសេចក្តីប្រកាសរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) គណបក្សប្រជាជនកម្ពុជា កំពុងកាន់អំណាច បានធ្វើសកម្មភាពជួបប្រជុំសមាជិកបក្ស បេក្ខជនឈរឈ្មោះ និងអង្គបោះឆ្នោត ដោយអ្នកចូលរួមសរុបប្រមាណជាង៣០០០នាក់ក្នុងមួយថ្ងៃៗ។
ចំណែកគណបក្សនយោបាយចំនួន៥ទៀត ដូចជា គណបក្សឆន្ទៈខ្មែរ គណបក្សសញ្ជាតិកម្ពុជា គណបក្សយុវជនកម្ពុជា គណបក្សខ្មែររួបរួមជាតិ និងគណបក្សហ៊្វុនស៊ិនប៉ិច បានធ្វើសកម្មភាពជួបជុំ សមាជិកខ្លួនដែលជាអង្គបោះឆ្នោត តែនៅតាមឃុំ សង្កាត់ និងហែក្បួនទ្រង់ទ្រាយតូចដែលមនុស្សចូលរួមពី៦នាក់ទៅជាង១០០នាក់ប៉ុណ្ណោះ នៅគ្រាដែលគណបក្សខ្មែរសាធារណរដ្ឋរបស់កូនប្រុសអតីតសេនាប្រមុខលន់ នល់ មិនធ្វើសកម្មភាពឃោសនាជាសាធារណៈសោះឡើយ។
លោក គង់ មុនីកា ប្រធានគណបក្សឆន្ទៈខ្មែរបានវាយតម្លៃថា ការឃោសនាបោះឆ្នោតនេះមិនមានការចាប់អារម្មណ៍ពីប្រជាពលរដ្ឋឡើយព្រោះជាការបោះឆ្នោតអសកល ទើបគណបក្សរបស់លោកគ្រាន់តែជួបជុំគ្នាតាមស្នាក់ការបក្សនិងហែក្បួនទ្រង់ទ្រាយតូចតែប៉ុណ្ណោះ។
សូមជម្រាបថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នឹងធ្វើនៅថ្ងៃអាទិត្យ ចុងសប្តាហ៍នេះ ដោយមានគណបក្សនយោបាយចំនួន៧ចូលរួមប្រកួត៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ