កម្ពុជា-នយោបាយ

ច្បាប់​គណបក្ស​នយោបាយ៖ ព្រឹទ្ធសភា​កម្ពុជា​បាន​អនុម័ត​ទាំង​ស្រុង ដោយ​មិន​មាន​វត្តមាន​សមាជិក​សភា​បក្ស​ប្រឆាំង

រដ្ឋសភា​អនុម័ត​ទាំង​ស្រុង​លើ​វិសោធនកម្ម​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ ដោយ​គ្មាន​ការ​ចូល​រួម​ពី​គណបក្ស​ប្រឆាំង
រដ្ឋសភា​អនុម័ត​ទាំង​ស្រុង​លើ​វិសោធនកម្ម​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ ដោយ​គ្មាន​ការ​ចូល​រួម​ពី​គណបក្ស​ប្រឆាំង

ក្រោយ​ពី​ព្រឹទ្ធសភា​កម្ពុជា​បាន​អនុម័ត​ទាំង​ស្រុង​លើ​សេចក្តី​ស្នើ​ច្បាប់​ស្តី​ពី​វិសោធនកម្ម​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ នៅ​ថ្ងៃ​ទី​១៨ ខែ​កក្កដា​នេះ អនុប្រធាន​បក្ស​ប្រឆាំង​បាន​បញ្ជាក់​ថា​ក្រុម​តំណាង​រាស្ត្រ​គណបក្ស​នេះ នឹង​ថ្វាយ​លិខិត​ទៅ​ព្រះ​មហាក្សត្រ​កម្ពុជា នៅ​ថ្ងៃ​ទី​១៩ ខែ​កក្កដា​ស្អែក​នេះ ដើម្បី​ទូល​ពិត​ពី​ចំណុច​ខ្វះ​ខាត ដែល​មាន​នៅ​ក្នុង​សេចក្តី​ស្នើ​ច្បាប់​នេះ។

ផ្សាយពាណិជ្ជកម្ម

ការណ៍​ដែល​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង​គ្រោង​នឹង​ទូល​ពិត​ព្រះ​មហាក្សត្រ ដោយ​សារ​តែ​ចំណុច​មួយ​ចំនួន​នៃ​សេចក្តី​ស្នើ​ច្បាប់​នោះ ប៉ះ​ពាល់​ដល់​រដ្ឋធម្មនុញ្ញ​កម្ពុជា ដែល​ការពារ​សិទ្ធិ​ពលរដ្ឋ​ឲ្យ​ចូល​រួម​នៅ​ក្នុង​វិស័យ​នយោបាយ។ នេះ​បើ​តាម​លោក​ស្រី មូរ សុខហួរ អនុ​ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ។

លោក​ចាន់ វិបុល បណ្ឌិត​វិទ្យាសាស្ត្រ​នយោបាយ​បាន​ហៅ​ការ​ថ្វាយ​លិខិត​ទៅ​ព្រះ​មហាក្សត្រ​របស់​ក្រុម​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង​ថា គឺ​ជា​យន្តការ​មួយ​នៃ​ការ​តស៊ូ​មតិ នៅ​ពេល​ដែល​បក្ស​ប្រឆាំង​មិន​យល់​ស្រប​នឹង​ច្បាប់​នោះ។ លោក​ចាន់ វិបុល​មិន​អាច​បញ្ជាក់​បាន​ទេ​ថា​ការ​ថ្វាយ​លិខិត​ទៅ​ព្រះ​មហាក្សត្រ នឹង​បាន​លទ្ធផល​បែប​ណា​នោះ។

គួរ​ជម្រាប​ជូន​ថា​នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ខែ​កក្កដា ព្រឹទ្ធសភា​កម្ពុជា​បាន​ពិនិត្យ និង​ឲ្យ​យោបល់​ឯកភាព​ទាំង​ស្រុង​លើ​សេចក្តី​ស្នើ​ច្បាប់​ស្តីពី​វិសោធនកម្ម​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ ដោយ​ឥត​កែ​ប្រែ​ចំនួន ៤២ សំឡេង នៃ​ចំនួន​សមាជិក​ព្រឹទ្ធសភា​ទាំង​មូល។ ដោយ​ឡែក​សមាជិក​ព្រឹទ្ធសភា​មក​ពី​គណបក្ស​សម រង្ស៊ី​មិន​បាន​ចូល​រួម​ក្នុង​ការ​អនុម័ត​នេះ​ទេ។

ក្រុម​សមាជិក​ព្រឹទ្ធសភា​គណបក្ស​សម រង្ស៊ី បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​នៅ​ថ្ងៃ​ទី​១៨ កក្កដា ចាត់​ទុក​ការ​ផ្តល់​មតិយោបល់​លើ​ច្បាប់​គណបក្ស​នយោបាយ​នោះ​ថា មាន​ចរិត​នយោបាយ គាប​សង្កត់​ទៅ​លើ​សិទ្ធិ​បុគ្គល និង​គាប​សង្កត់​មក​លើ​គណបក្ស​នយោបាយ​ក្នុង​ន័យ​កម្ចាត់​កម្ចាយ​ខ្មែរ​គ្នា​ឯង និង​គាប​សង្កត់​គូ​ប្រជែង​នយោបាយ​តែ​ប៉ុណ្ណោះ។ ក្នុង​សេចក្តី​ថ្លែង​ការណ៍​ដដែល​បញ្ជាក់​ថា​សេចក្តី​ស្នើ​ច្បាប់​នេះ មិន​ស្រប​តាម​គោលការណ៍​នីតិរដ្ឋ ហើយ​ផ្ទុយ​ពី​គោលការណ៍​ប្រជាធិបតេយ្យ សេរី​ពហុបក្ស ដែល​ធានា​ដោយ​រដ្ឋ​ធម្មនុញ្ញ​កម្ពុជា។

អ្នក​នាំ​ពាក្យ​ព្រឹទ្ធសភា​កម្ពុជា​លោក​ម៉ម ប៊ុននាង បាន​បញ្ជាក់​ប្រាប់​វិទ្យុ​បារាំង​ថា​រាល់​ច្បាប់ ដែល​បង្កើត​ឡើង គឺ​មិន​មែន​ដើម្បី​កម្ចាត់​កម្ចាយ ឬ​បំបែក​បំបាក់​ជាតិ​នោះ​ទេ ប៉ុន្តែ​ច្បាប់​បង្កើត​ឡើង គឺ​ដើម្បី​ពង្រឹង​នីតិរដ្ឋ និង​កុំ​ឲ្យ​មាន​ការ​បែក​បាក់​ជាតិ។ លោក​បន្ថែម​ថា​បើ​សេចក្តី​ស្នើ​ច្បាប់​នោះ មាន​ចំណុច ដែល​មិន​ត្រឹម​ត្រូវ គួរ​តែ​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង និង​សមាជិក​ព្រឹទ្ធសភា​គណបក្ស​ប្រឆាំង​ចូល​មក​ជជែក​គ្នា។

សូម​បញ្ជាក់​ថា​សេចក្តី​ស្នើ​ច្បាប់​ស្តីពី​វិសោធនកម្ម​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ​ត្រូវ​បាន​រដ្ឋសភា​កម្ពុជា​អនុម័ត​ទាំង​ស្រុង នៅ​ថ្ងៃ​ទី​១០ កក្កដា។ សេចក្តី​ស្នើ​ច្បាប់​នេះ ត្រូវ​បាន​ស្នើ​ឡើង បន្ទាប់​ពី​ការ​លើក​ឡើង​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន។ មាត្រា​ថ្មី​នៃ​ច្បាប់​គណបក្ស​នយោបាយ​នេះ​នឹង​មិន​អនុញ្ញាត​ឲ្យ​បក្ស​នយោបាយ ឃុប​ឃិត​ជាមួយ​ទណ្ឌិត​នោះ​ឡើយ សូម្បី​តែ​ការ​ប្រើ​ប្រាស់​សារ​ជា​សំឡេង រូបភាព ឯកសារ​ជា​លាយ​លក្ខណ៍​អក្សរ ឬ​សកម្មភាព​របស់​ទណ្ឌិត ដែល​ជាប់​ទោស​ពី​បទ​ឧក្រិដ្ឋ​ឬ​បទ​មជ្ឈិម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI