កម្ពុជា-ចរាចរណ៍

លោក ស៊ុន ចាន់ថុល ដុស​ក្អែល​ប្រធាន​មន្ទីរ​ចំពោះ​ចន្លោះ​ប្រហោង​ក្នុង​ការ​ថែ​ទាំ​ផ្លូវ

លោក ស៊ុន ចាន់ថុល
លោក ស៊ុន ចាន់ថុល RFI

លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រី​ក្រសួង​សាធារណៈ​ការ​និង​ដឹក​ជញ្ជូន​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះបាន​ជួប​ប្រជុំ​ជាមួយ​ប្រធាន​មន្ទីរ​សាធារណៈការ​និង​ដឹក​ជញ្ជូន មក​ពី​គ្រប់​បណ្ដាល​ខេត្តដែល​ផ្ដោត​សំខាន់​ចំពោះ​ចន្លោះ​ប្រហោង​ក្នុង​ការ​ថែ​ទាំ​ផ្លូវ។ ជា​ការ​ជួប​ប្រជុំ​បន្ទាប់​ពី​បញ្ហាផ្លូវ​ថ្នល់​នៅ​កម្ពុជា នៅ​តែ​ត្រូវ​បាន​លើក​ឡើង​ថា ធ្វើ​មិន​ចេះ​ចប់​មិន​ចេះ​ហើយ។

ផ្សាយពាណិជ្ជកម្ម

លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រី​ក្រសួង​សាធារណៈការ​និង​ដឹក​ជញ្ជូន បាន​ក្រើន​រម្លឹក​ទៅកាន់​ប្រធាន​មន្ទីរ​សាធារណៈការ​និង​ដឹក​ជញ្ជូន​គ្រប់​ខេត្ត​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ ជួស​ជុល ថែទាំ សាងសង់ផ្លូវ ត្រូវ​ធ្វើ​ឲ្យ​មាន​គុណភាព​តាម​ស្តង់ដា​ដើម្បី​បញ្ចប់​រូបភាពដែល​នាំ​មក​នូវ​ការ​រិះគន់​ថា ធ្វើ​មិន​ចេះ​ចប់​ មិន​ចេះ​ហើយ។ ​

លោករដ្ឋមន្ត្រី​បាន​គូស​បញ្ជាក់​ថា មូល​ហេតុ​សំខាន់​មួយ​ក្នុង​ចំណោម​មូល​ហេតុ​ជា​ច្រើនទៀត​ដែល​នាំ​ឲ្យ​ផ្លូវ​នៅ​កម្ពុជា​ខូចខាត​ក្នុង​រូបភាព​មួយ​ធ្ងន់ធ្ងរ​នោះ គឺ​ការ​ដឹក​លើស​ទម្ងន់​។ ព្រោះ​ថា បើ​ក្នុង​មួយ​ថ្ងៃ​មាន​រថយន្ត​មួយ​គ្រឿង​ដឹក​លើស​ទម្ងន់​រហូត​ដល់​៣០​តោនស្មើ​នឹង​មាន​រថយន្ត​៨១​ម៉ឺន​គ្រឿង​បើកបរ​លើ​ដង​ផ្លូវ​ ទើប​នាំ​ឲ្យ​ផ្លូវ​ឆាប់​រេច​រឹល។

ប្រឈម​បញ្ហា​នេះ ក្រសួង​សាធារណៈ​បាន​ដាក់​ចេញ​នីតិវិធី​មួយ​ចំនួន​ដើម្បី​ធ្វើ​ជា​មូលដ្ឋាន​ឲ្យ​ប្រធាន​មន្ទីរ​អនុវត្ត​ក្នុង​ការ​ថែទាំ​ផ្លូវ។ នីតិវិធី​នេះមិន​ត្រូវ​បាន​បញ្ជាក់​ថា មានចំណុច​អ្វី​ខ្លះ​នោះ​ទេ ប៉ុន្តែ​នឹង​ចេញ​ផ្សាយ​ជា​សាធារណៈ​នៅ​ខែ​វិច្ឆិកា​ខាង​មុខ។

ក្នុង​អាណត្តិ​ជា​រដ្ឋមន្ត្រី​ក្រសួង​សាធារណៈការ​និង​ដឹក​ជញ្ជូន​លោក ស៊ុន ចាន់ថុល បានប្ដេជ្ញា​លុប​បំបាត់​ពាក្យ​ថា«ផ្លូវ​ស្រុក​ខ្មែរ​ធ្វើ​ជាប់​រហូត»។

សូមបញ្ជាក់ថា ការ​កោះ​ប្រជុំ​របស់​លោក ស៊ុន ចាន់ថុល ជាមួយ​ប្រធាន​មន្ទីរ​សាធារណៈការ​និង​ដឹក​ជញ្ជូន​នៅ​ពេល​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​ពលរដ្ឋ​ជា​ច្រើន​ចូល​ទៅComments នៅ​ក្នុង​ទំព័រ​ហ្វេសប៊ុក​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង ទំព័រ​ហ្វេស​ប៊ុកក្រសួង​សាធារណៈ​ចំពោះ​ការ​ខូច​ខាត​ផ្លូវ​យ៉ាង​ដំណំ​នា​ពេល​កន្លង​មក​និង​បច្ចុប្បន្ន។

លោក ស៊ុន ចាន់ថុល ជឿជាក់ថា ការ​ដោះ​ស្រាយ​បញ្ហា​ផ្លូវ​តាម​ហ្វេស​ប៊ុក​តាមរយៈ​Comments នឹង​ទទួល​បាន​ប្រសិទ្ធិភាព​ខ្ពស់។ ព្រោះ​រាល់​បញ្ហា​ផ្លូវ​ដែល​ខូច​ខាត​ក្រសួងធ្វើ​ការ​ដោះ​ស្រាយ​ភ្លាម៕
​​
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI