អានតួអត្ថបទ
កម្ពុជា

លោកប៉ាវ ស៊ីណា៖ បណ្តឹង​របស់​ក្រុម​ហ៊ុន ​សៅលែន ជា​ការ​គំរាម​កំហែង​សហជីព និងបំបិទ​សិទ្ធិ​កម្មករ

លោក ប៉ាវ ស៊ីណា ​ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ​ បាន​ចូល​ទៅ​បំភ្លឺ​ នៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅព្រឹកថ្ងៃ​ទី​១៤​ ខែ​កក្កដា​ ឆ្នាំ២០១៦នេះ។
លោក ប៉ាវ ស៊ីណា ​ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ​ បាន​ចូល​ទៅ​បំភ្លឺ​ នៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅព្រឹកថ្ងៃ​ទី​១៤​ ខែ​កក្កដា​ ឆ្នាំ២០១៦នេះ។ សហការី
ដោយ៖ ហេង ឧត្តម
1 នាទី

នៅ​ព្រឹក​ថ្ងៃ​ទី​១៤ ខែ​កក្កដា​នេះ លោក ប៉ាវស៊ីណាប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ ​បាន​ចូល​ទៅ​បំភ្លឺនៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ។​លោកប៉ាវស៊ីណាត្រូវ​បាន​ក្រុម​ហ៊ុន​កាត់​ដេរ​សៅលែន ប្តឹង​ចោទ​ប្រកាន់​ពី​បទក្លែង​លិខិតនិង​ផ្តល់​ព័ត៌មាន​មិន​ពិត ពាក់ព័ន្ធ​នឹង​សំណើ​សុំ​ចុះ​បញ្ជី​បង្កើត​សហជីព​នៅ​ក្នុង​ក្រុមហ៊ុន​។ បើ​តាម​លោក​ ប៉ាវ ស៊ីណា​ តំណាង​របស់​ក្រុមហ៊ុន​បាន​បដិសេធ​ជា​ច្រើន​លើក​ច្រើន​សា គឺ​មិន​ទទួល​សំណើ​សុំ​បង្កើត​សហជីព​របស់​ក្រុម​កម្មករ​ឡើយ​ ហើយ​ថែម​ទាំង​ប្តឹង​រូប​ថែម​ទៀត​។ថ្លែង​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ លោកប៉ាវស៊ីណា ចាត់​ទុក​បណ្តឹង​របស់​ក្រុម​ហ៊ុន​កាត់​ដេរ​សៅលែន នៅ​ពេល​នេះ ថា​ជាការ​គំរាម​កំហែង​សហជីព និង​បំបិទ​សិទ្ធិ​កម្មករ​។

ផ្សាយពាណិជ្ជកម្ម

ក្នុងសម្លៀក​បំពាក់​សមរម្យ ​អាវ​ពណ៌​ផ្កាឈូក​ដាក់​ក្នុង​ខោ​ដូច​រាល់​ដង លោក ប៉ាវស៊ីណា ​បាន​ចូល​ទៅ​ឆ្លើយ​បំភ្លឺ​នៅ​តុលាការ​ក្រុងអស់​​ជាង​១​ម៉ោង​។ ​ការ​ចូល​ទៅ​ឆ្លើយ​បំភ្លឺ​ជា​លើក​ទី២​ក្នុង​សំណុំ​រឿង​តែ​មួយ​នេះ​ ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ ​​បាន​ប្រាប់​វិទ្យុ​បារាំងRFI ក្រោយ​ពេល​ចេញ​មក​វិញ​ថា ដើម​ហេតុ​ព្រោះ​ក្រុម​កម្មករ ​បាន​បោះឆ្នោត​ជ្រើសរើស​អ្នក​ដឹកនាំ​និង​សមាជិក ហើយ​សម្រេច​បង្កើត​សហជីព​នៅ​ក្នុង​ក្រុមហ៊ុន​កាត់​ដេរ​សៅលែន ព្រម​ទាំង​បាន​សរសេរ​លិខិត​ជូន​ដំណឹង​ទៅ​ក្រុមហ៊ុន​។ លិខិត​នោះ ​មាន​ទាំង​សរសេរ​ដៃ និង​វាយ​កុំព្យូទ័រ ព្រមទាំង​បាន​ផ្ញើ​តាម​ប្រៃសណីយ៍​ថែមទៀត ក៏​ប៉ុន្តែ​ត្រូវ​ក្រុមហ៊ុន​បដិសេធ​ទាំង​បីលើក។ នេះ​បើ​តាម​លោក ប៉ាវ ស៊ីណា។

លោកប៉ាវស៊ីណា ចាត់​ទុក​បណ្តឹង​របស់​ក្រុម​ហ៊ុនកាត់​ដេរ​សៅលែន​នៅ​ពេល​នេះ ថា​ជា​ការ​គំរាម​កំហែង​សហជីព រើស​អើង​ និង​បំបិទ​សិទ្ធិ​កម្មករ​។ លោក​ថែម​ទាំង​សង្កត់​ក្នុង​សម្តី​ធ្ងន់ថា​ ក្រុមហ៊ុន​ចង់​ប្រឆាំង​នឹង​ការ​បង្កើត​សហជីព និង​មាន​គោល​បំណង​ទប់​ស្កាត់​ការ​បង្កើត​សហជីព​ឯករាជ្យ​នៅ​ក្នុង​រោងចក្រ។មានន័យ​ថាមិន​ឲ្យ​មាន​សហជីព​ឯករាជ្យនិង​ម្យ៉ាង​ទៀត ចង់​បំបាក់ស្មារតី​ក្រុម​កម្មករ ដែល​ចង់​បង្កើត​សហជីព​មួយ​ពិត​ប្រាកដ​របស់​ពួក​គេ។​

ទោះ​យ៉ាង​នេះ​ក្តី ប្រភព​ដដែល​ក៏​បាន​ទទួល​ស្គាល់​ដែរ​ថា ក្នុង​លិខិត​ជូន​ដំណឹង​ពី​ការ​បង្កើត​សហជីព​នោះ គឺ​ពិត​ជា​មាន​កំហុស​ខ្លះ​មែន តែ​ជា​កំហុស​អក្ខរាវិរុទ្ធ​តែ​ប៉ុណ្ណោះ ដូចជា ខុស​ឈ្មោះ​បន្តិច​បន្តួច​ ដូចជា​កម្មករ ឈ្មោះ​ «ចិត្រ» សរសេរ ដាក់​ជើង «រ» តែ​ក្នុង​លិខិត​សរសេរ ដាក់​ជើង «ត» ជា​ដើម​។ កំហុស​នេះ ត្រូវ​លោក ប៉ាវ ស៊ីណា ពន្យល់​ថា​ក្រុមហ៊ុន​បដិសេធ​ ច្រាន​ចោល​ថា​មិនមែន​ជា​កម្មករ​និយោជិត​របស់​ខ្លួន​នោះ​ទេ។

ទោះ​យ៉ាង​ណា​ក្តី​ ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ នៅ​មិន​ដឹង​ថា តំណាង​អយ្យការ​នឹង​កោះ​ហៅ​រូប​លោក​ ទៅ​សួរ​ដេញ​ដោល​ពេល​ណា​ទៀតទេ ប៉ុន្តែ​លោកប៉ាវស៊ីណា ​បញ្ជា​ក់ថា សហការី​របស់​លោក រួម​ទាំង​សាក្សី និង​កម្មករ​ផ្សេង​ទៀត​ ដែល​ពាក់ព័ន្ធ ក៏​នឹង​ត្រូវ​តុលា​ការ​កោះ​ហៅ​ទៅ​បង្ហាញ​ខ្លួន​ និង​ឆ្លើយ​បំភ្លឺ​ជា​បន្ត​បន្ទាប់​ទៀត​ផង​ដែរ។

សូម​រម្លឹកជូន​ថា ​លោក ប៉ាវ ស៊ីណា ក៏​កំពុង​ជាប់​បណ្តឹង​ជា​ច្រើន​ផ្សេង​ទៀត។​ ក្នុង​នោះ មន្ត្រី​របស់​ក្រសួង​ការងារ​ ​ប្តឹងរូប​លោក​ពី​បទ​បរិហារកេរ្តិ៍​ជា​សាធារណៈ ប្រមាថ​អ្នក​រាជការ​សាធារណៈ និង​បិទ​ផ្លូវ​សាធារណៈ។ តែ​លោក ប៉ាវ ស៊ីណា​ ថា​បណ្តឹង​នេះ បាន​ដាក់​ព័ត៌មាន​ពីរូប​លោក​ខុស ហើយ​លោក​ត្រូវ​បដិសេធ​ និង​ជូន​ដំណឹង​ទៅ​ក្រសួង​រួច​ហើយ។​ ក៏ប៉ុន្តែ​​តុលាការ​មិន​ទាន់​ចាត់​ការ​យ៉ាង​ណា​ទេ។

សំណុំ​រឿង​ផ្សេង​ទៀត គឺ​នៅ​ពេល​ផ្ទុះ​ហិង្សា​ លើ​ផ្លូវ​វែងស្រេង​ ពី​ឆ្នាំ​២០១៣ រហូត​មក​ទល់​នេះ លោក ប៉ាវ ស៊ីណា​ ត្រូវ​តុលាការ​សម្រេច​ដាក់​ឲ្យ​ស្ថិត​នៅ​ក្រោម​ការ​ត្រួត​ពិនិត្យ។ ​មេសហជីព​រូបនេះ ឲ្យ​ដឹង​ថា លោក​បាន​ចូល​ទៅ​បង្ហាញ​ខ្លួន​នៅ​សង្កាត់​ចោម​ចៅ ​ក៏​ប៉ុន្តែ​លោក​នៅ​តែ​អាច​ដើរ​ហោះ​ហើរ​ ទៅ​បរទេស ​ធ្វើ​ការ​ងារ​របស់​លោក បាន​ដដែល​៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ