អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

ប្រជាជន​ចាប់​អារម្មណ៍​ច្រើន​ពី​បុណ្យ​ទាន ​នៅ​ពេល​នយោបាយ​ថយ​កំដៅ

សំឡេង ០៤:៣០
រូបភាពព្រះសង្ឃស្ថិតនៅក្នុងសាលាឆាន់ នៅរដូវភ្ជុំបិណ្ឌ។
រូបភាពព្រះសង្ឃស្ថិតនៅក្នុងសាលាឆាន់ នៅរដូវភ្ជុំបិណ្ឌ។ RFI/ Siv Channa
ដោយ៖ ញឹម សុផល

ពិធី​បុណ្យ​ភ្ជុំបិណ្ឌ​ជា​ពិធី​បុណ្យ​ដ៏​ធំ​មួយ​ក្នុង​ចំណោម​ពិធី​បុណ្យ​ធំ​ៗ​ ជា​ច្រើន​នៅ​ក្នុង​ពិធី​បុណ្យ​ ប្រពៃណី​ជាតិ​ខ្មែរ​ដែល​ត្រូវ​បាន​ប្រារព្ធ​ធ្វើ​ឡើង​ជា​រៀង​រាល់​ឆ្នាំ។ ប្រជាជន​ខ្មែរ​តែង​ប្រារព្ធ​ធ្វើ​ពិធី​កាន់​បិណ្ឌ​នេះ​ឡើងដោយ​គិត​ចាប់​ពី​ថ្ងៃ​១​រោច​ ខែភទ្របទ ទៅ​ដល់​ថ្ងៃ​ ១៤រោច​ ខែភទ្របទ​គឺ​មាន​រយៈពេល​១៤​ថ្ងៃនិង​ថ្ងៃ​ទី​១៥ជា​ថ្ងៃ​ចុង​ក្រោយ​ហៅ​ថា​«ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ»។ រយៈពេល​ប៉ុន្មាន​ថ្ងៃ​នៃ​ការ​ដាក់​បិណ្ឌ​នៅ​ឆ្នាំ​នេះ​ សកម្មភាព​ធ្វើ​បុណ្យ​របស់​ពលរដ្ឋ​ខ្មែរ ហាក់​ដូច​មមា​ញឹក​ និង​ធ្វើ​បុណ្យ​ប្រកប​ដោយ​ការ​សប្បាយ​ចិត្ត​ខុស​ពី​ឆ្នាំ​ទៅ​ដែល​តាន​តឹង​ដោយ​នយោបាយ។

ផ្សាយពាណិជ្ជកម្ម

មួយ​ថ្ងៃ​មុន​ពិធី​បុណ្យ​ដាក់​បិណ្ឌ​ឈាន​ចូល​មក​ដល់ ប្រជាជន​ខ្មែរ​ចាប់​ផ្តើម​លាង​សម្អាត​ចាន​ស្រាក់ ទិញ​អីវ៉ែអីវ៉ាន់​ទៀន​ ធូប បាច់ផ្កា ដែល​ជា​របស់​សក្ការៈ​សម្រាប់​បូជា​ដល់​ព្រះ​រតនៈ​ត្រ័យ​ ដល់​ព្រះ​សង្ឃ​ដើម្បី​ឧទ្ទិស​កុសល​ដល់​វិញ្ញាណខន្ត​មាតា​បិតា​ញាតិ​ការ​ទាំង​៧​សណ្តាន​ដែល​បាន​ចែកឋាន​ទៅ​កាន់​លោក​ខាង​មុខ។

ជា​ការ​កត់​សម្គាល់ ការ​ធ្វើ​បុណ្យ​ដាក់​បិណ្ឌ​នៅ​ក្នុង​ឆ្នាំ​នេះ បាន​ប្រព្រឹត្តិ​ទៅ​ពី​ដើម​ទី​នៃ​ពិធី​កាន់​បិណ្ឌ​ឬ​ដាក់​បិណ្ឌ​រយៈពេល​១៤​ថ្ងៃ មាន​សភាព​គគ្រឹក​គគ្រេង​ស្ទើរ​គ្រប់​អារ៉ាម។ ស្ថានភាព​បែប​នេះ​បង្ហាញ​ថា​ប្រជាជន​ខ្មែរ ស្ទើរ​តែ​ទាំង​អស់​ជា​អ្នក​កាន់​ព្រះពុទ្ធ​សាសនា មាន​អារម្មណ៍​បុណ្យ​ទាន​បណ្តើរ​ៗ​ហើយ បន្ទាប់​ពី​ការ​ភ័យ​ខ្លាច និង​ខកខាន​មិន​បាន​ធ្វើ​បុណ្យ​ពេញ​ដៃ​ពេញ​ជើង​ ដោយសារ​តែ​ភាព​រញ៉េរញ៉ៃ​មិន​ចេះចប់​មិន​ចេះ​ហើយ​នៃ​នយោបាយ​ស្រុក​ទេស។

ជា​ការ​ពិត តាម​ការ​សង្កេត​ក្នុង​អំឡុង​ពេល​ដាក់​បិណ្ឌ​ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ​នេះ ប្រជាពលរដ្ឋ​បាន​បាន​ទៅ​កាន់​វត្ត​អារ៉ាម​ពេញ​ៗ​វត្ត​គ្រប់​ទីកន្លែង មិន​ថា​វត្ត​នៅ​ទីក្រុង​ឬ​នៅ​តាម​ជន​បទ​នោះ​ទេ។នេះ​មិន​ទាន់​និយាយ​ដល់​ថ្ងៃ​ឈប់​សម្រាក​ចុង​សប្តាហ៍​របស់​មន្ត្រី​រាជការ​ផង ដែល​គេ​សន្និដ្ឋាន​ថា​អាច​នឹង​ស្ទះ​ផ្លូវ​ជា​អន្លើ ដោយ​សារ​សកម្មភាព​ធ្វើ​ដំណើរ​ទៅ​កាន់​វត្ត​នានា​នៅ​ទូទាំង​ប្រទេស។

សកម្មភាព​ទាំង​នេះ​ត្រូវ​គេ​សម្គាល់​ថា​អាច​បណ្តាល​មក​ពី​ភាព​ស្ងប់ស្ងាត់​នៃ​នយោបាយ​ រួម​ទាំង​អធិករណ៍​ទាំង​ឡាយ​នៅ​តាម​វត្ត​មួយ​ចំនួន​ត្រូវ​បាន​កាត់​បន្ថយ។ មិនមែន​តែ​កត្តា​ស្ងប់​ស្ងាត់​ប៉ុណ្ណោះ​ទេ ដែល​ជា​ហេតុ​ផល​នាំ​ឲ្យ​មាន​សកម្មភាព​បុណ្យ​ទាន​ច្រើន​នៅ​រដូវ​ភ្ជុំ​បិណ្ឌ​ឆ្នាំ​នេះ តែ​បើ​គេ​ពិនិត្យ​មើល​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​និង​បណ្តាញ​ទំនាក់​ទំនង​សង្គម​នានា ជា​ពិសេស ហ្វេសប៊ុក ការ​ណែនាំ​និង​ដាស់តឿន​ឲ្យ​ប្រជាជន​ចាប់​អារម្មណ៍​ពី​បុណ្យ​ទាន មាន​សភាព​កក្រើក​ឡើង។

មាន​ន័យ​ថា​ប្រជាជន​បាន​យល់​ច្រើន ពី​សារៈ​សំខាន់​នៃ​ការ​ធ្វើ​បុណ្យ​ទាន​តាម​បែប​ព្រះពុទ្ធ​សាសនា។ ការ​ឲ្យ​តម្លៃ​ទាប​ទៅ​លើ​ព្រះពុទ្ធ​សាសនា​កន្លង​មក​ពី​ប្រជាពលរដ្ឋ​មួយ​ចំនួន បាន​រលប់​បាត់​អស់ ដូច​ជា​ការ​កើត​អធិករណ៍​ជា​បន្ត​បន្ទាប់​នៅ​តាម​អារ៉ាម​ខ្លះ​ៗ ជា​ហេតុ​ធ្វើ​ឲ្យ​មាន​ការ​វាយ​តម្លៃ​ជា​រួម មិន​បាន​និយាយ​ដល់​បុគ្គល​អ្វី​ទេ គឺ​ធ្វើ​ឲ្យ​មាន​ការ​កាត់​បន្ថយ​សកម្មភាព​ធ្វើ​បុណ្យ​ទាន​កន្លង​មក។

មួយ​វិញ​ទៀត សកម្មភាព​របស់​ព្រះសង្ឃ​ពី​អតីតកាល​ត្រូវ​បាន​បង្ហាញ​ជា​សាធារណៈ​ ខណៈ​ដែល​នយោបាយ​មាន​សភាព​តាន​តឹង​បន្ទាប់​ពី​ការ​បោះឆ្នោត​សកល​កាល​ពី​ឆ្នាំ​២០១៣។ តាម​ពិត​ព្រះ​សង្ឃ គឺ​ជា​ពលរដ្ឋ​មួយ​រូប ដែល​មាន​សិទ្ធិ​ក្នុង​ការ​ដឹង​ឮ​នូវ​ការ​វិវត្ត​សង្គម និង​នយោបាយ​ផង​នោះ ត្រូវ​បាន​គេ​លាប​ព័ណ៌​ពី​ការ​ប្រកាន់​បក្ស​នយោបាយ ដោយ​ព្រះ​សង្ឃ​អង្គ​ខ្លះ​មាន​សង្ឃដីការ​ថា គ្រាន់​តែ​បង្ហាញ​សកម្មភាព​ជា​សាធារណៈ ជា​លក្ខណៈ​មនុស្ស​ធម៌​តាម​បែប​ប្រជាធិបតេយ្យ។

តាម​ការ​សម្គាល់​ប្រជាជន​ខ្មែរ​កន្លង​មក​តែង​មាន​ទំលាប់​ធ្វើ​បុណ្យ​ជាមួយ​តែ​វត្ត​នៅ​ក្នុង​ស្រុក​កំណើត​របស់​ខ្លួន ឬ​ក៏​ព្រះចៅ​អធិការ​ដែល​មាន​ស្រុក​កំណើត​ដូច​គ្នា។ ខុស​ពី​បរទេស​ដែល​ការ​ធ្វើ​បុណ្យ ឬ​ការ​ផ្តល់​ជា​ជំនួយ​មនុស្ស​ធម៌​ត្រូវ​បាន​ធ្វើ​ឡើង​ជា​ទូទៅ។
ក៏​ប៉ុន្តែ​រូប​ភាព​ទាំង​អស់​នេះ ហាក់​ដូចជា​កាត់​បន្ថយ និង​ជា​ឱកាស​មួយ​ដែល​អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ បាន​ធ្វើ​បុណ្យ​ និង​បំពេញ​កុសល ដូចជា​មិន​សូវ​ព្រួយ​បារម្ភ​ដូចជា​ឆ្នាំ​មុន​ៗ​នោះ​ទេ។

ជាទូទៅ​អារ៉ាម​ព្រះពុទ្ធ​សាសនា​នៅ​ទូទាំង​ប្រទេស​មាន​ប្រមាណ​ជាជាង​៤​ពាន់​វត្ត។ ភ្ជុំបិណ្ឌ​ឆ្នាំ​នេះ គេ​ឃើញ​ប្រជាពលរដ្ឋ​បាន​ធ្វើ​បុណ្យ​បែប​រាយប៉ាយ​ រហូត​ដល់​ទី​ជនបទ ចុង​កាត់​មាត់​ញក​តំបន់​ដាច់​ស្រយាល ដែល​ពី​មុន​មាន​អ្នក​មាន​ធនធាន​ទៅ​ដល់​តិច​តួច ឬ​ក៏​មិន​មាន​តែ​ម្តង។ នេះ​សរ​បញ្ជាក់​ឲ្យ​ឃើញ​ថា​ប្រជាជន​ខ្មែរ​បាន​យល់​ច្រើន​ពី​របៀប​ធ្វើ​បុណ្យ ដូច​ដែល​អ្វី​គេ​តែង​លើក​ឡើង​ថា ធ្វើ​បុណ្យ​នៅ​ទី​អារ៉ាម​ដែល​ជួប​ការ​លំបាក មាន​ភាព​អត្តខាត់ នោះ​បុណ្យ​កុសល​នឹង​បាន​ច្រើន​ទៅ​តាម​ការ​ប៉ង​ប្រាថ្នា​និង​អនុមោទនា​រៀង​ៗ​ខ្លួន។

ទោះ​យ៉ាង​នេះ​ក្តី​គ្រប់​វត្ត​អារ៉ាម សុទ្ធ​តែ​បរិបូរណ៍ ហូរហៀរ ដោយ​បាយ​សម្លរ នំ ចំណី ហើយ​វ​ត្តមួយ​ចំនួន​កំពុង​តែ​ធ្វើ​ការ​បែង​ចែក​អាហារ​ទាំង​អស់​នេះ ទៅ​ដល់​ជន​ទីទាល់​ក្រ កុមារ​កំព្រា​ដែល ធ្វើ​ឲ្យ​ពួកគេ​អាច​មាន​ឱកាស​ហូប​ឆ្អែត​ និង​គ្រប់គ្រាន់​យ៉ាង​ហោច​ក៏​១៥​ថ្ងៃ​ដែរ​ក្នុង​មួយ​ឆ្នាំ៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ