កម្ពុជា

បោះ​បាយ​បិណ្ឌ​ តាម​ទម្លាប់​ដូនតា​ខ្មែរ​ កំពុង​ក្លាយ​ជា​ប្រស្នា​បញ្ញា​មួយ សម្រាប់​មនុស្ស​ជំនាន់​ថ្មី​

ពុទ្ធបរិស័ទបាននាំគ្នាបោះបាយបិណ្ឌ នៅតាមវត្តអារ៉ាម។
ពុទ្ធបរិស័ទបាននាំគ្នាបោះបាយបិណ្ឌ នៅតាមវត្តអារ៉ាម។ RFI/ Siv Channa

ពេល​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ​មក​ដល់​ម្តងៗ សង្គ្រាម​ប៉ាកកា​លើ​ទស្សនៈ​នៃ​ការ​បោះ​បាយ​បិណ្ឌ តែង​ត្រឡប់​មក​ជា​ប្រធាន​បទ​សម្រាប់​ពិភាក្សា​មួយ​ឆ្នាំ​ម្តង​ដូច​គ្នា។ ខណៈ​ក្រសួង​ធម្មការ និង​សាសនា មិន​បាន​បដិសេធ​ ពិ​ធី​បោះ​បាយ​បិណ្ឌ ​នៅ​តាម​វត្ត​អារាម អ្នក​សិក្សា​ខាង​ពុទ្ធ​សាសនា​ សម្តែង​ការ​យល់​ឃើញ​ផ្សេង​គ្នា​ដែរ​ និង​ព្យាយាម​ពន្យល់ អោយ​ប្រតិបត្តិករ ជា​ពុទ្ធសាសនិកជន ប្រើ​បញ្ញា មក​ពិចារណា​ លើជំនឿ​ និង​ទំនៀម​ទំលាប់​ដូន​តា​មួយ​នេះ។

ផ្សាយពាណិជ្ជកម្ម

លោក សំណាង សំណាក់ មន្រ្តី​ការិយាល័យ​អភិរក្ស​ស្នាដៃ​វប្បធម៌​សាសនា វិទ្យាស្ថាន​ពុទ្ធសាសន​បណ្ឌិត នៃ​ក្រសួង​ធម្មការ និង​សាសនា​ បាន​ថ្លែង​ថា ពិធី​បោះបាយ​បិណ្ឌ​ មិនមាន​ចែង​ក្នុង​គម្ពីរ​ព្រះពុទ្ធ​សាសនា​ទេ តែ​ជា​ទម្លាប់​ដូនតា​ខ្មែរ ដែល​មាន​ជំនឿ​ថា ប្រែត​មួយ​ប្រភេទ និង​សត្វ​ស្រមោច សង្អារ អាច​ទទួល​ដុំបាយ ដែល​ពុទ្ធសាសនិក​ជន បោះ​ចោល​នោះ។ លោក​យល់​ថា ការ​បោះ​បាយ​បិណ្ឌ​ចោល​នៅ​ទីវត្ត​អារ៉ាម យ៉ាង​ច្រើន​ហួស​ហេតុ​ពេក​ សាង​ប្រយោជន៍​បាន​តិច​តួច​ណាស់ ព្រោះ​អាច​ប៉ះពាល់​ដល់​សោភណ្ឌភាព​ទី​វត្ត​អារាម ព្រម​ទាំង​ខ្ជះខ្ជាយ​ដុំ​បាយ​ផង​ដែរ។​ លោក​ផ្តល់​យោបល់​ថា បើ​នៅ​តែ​ចង់​បន្ត​ប្រតិបត្តិ គណៈកម្មការ​វត្ត​គួរ​តែ រៀបចំ​ជា​ឆ្នាំង ឬ​កញ្ឆេរ​ដាក់​ជុំវិញ​ព្រះវិហារ ដើម្បី​ទទួ​លពុទ្ធបរិស័ទ​មក​បោះ​បាយ​បិណ្ឌ ចំណែក​បាយ​ ដែល​សល់​ហូរ​ហៀរ គួរ​យក​ទៅ ប្រគេន​ព្រះសង្ឃ ឬ​ជូន​មនុស្ស​ក្រខ្សត់​ខ្វះខាត គ្មាន​អ្វី​បរិភោគ ដើម្បី​ជា​ប្រយោជន៍​ផ្លូវ​លោក។

លោក វ៉ាយ វិបុល ទីប្រឹក្សា​ក្រសួង​ធម្មការ និង​សាសនា យល់ថា​ការ​បោះបាយ​បិណ្ឌ ដោយ​រៀប​ដាក់​ឆ្នាំង កញ្ឆេរ ដើម្បី​រក្សា​អនាម័យ​វត្ត​អារាម អាច​នឹង​បាត់បង់​ទំនៀម​ជំនឿ ទៅ​លើ​ប្រែត​បុគ្គល ដែល​ បុរាណ​ពន្យល់​ថា ប្រែត​មាន​បុណ្យ​តិច មិន​អាច​ទទួល​ទាន​ចាន​ស្អាត​ទេ តែ​ទទួល​បាយ​បិណ្ឌ​ត្រឹម​ទី​ប្រឡាក់​ភក់​ជ្រាំ។ លោក​បន្ថែម​ថា ការ​ក្រោក​ពី​ដាំបាយ​ព្រលឹម ដើរ​ពី​ផ្ទះ​ឆ្លង​ដី​ភក់ ទៅ​វត្ត ឬការ​មាន​សទ្ធា ចូល​វត្ត​អារ៉ាម គឺ​ប្រពៃ​ណាស់ ព្រោះ​ជា​ការ​សាង​សន្តិភាព​ផ្លូវ​ចិត្ត និង​ធម៌​មិន​ប្រមាថ។ លោក​ថ្លែង​ថា ការ​គិត​ពី​សេដ្ឋកិច្ច​ខ្លាំង​ពេក អាច​ធ្វើ​អោយ​ធម្មជាតិ​ប្រែប្រួល ហើយ​ការ​លែង​ប្រារព្ធ​ពិធី​បោះ​បាយ​បិណ្ឌ ខ្មែរ​អាច​បាត់បង់​ទំនៀម​បុរាណ​មួយ ដែល​បុព្វបុរស​ខ្មែរ ចង់​ផ្សាយ​ធម៌​មិន​ប្រមាថ ចិត្ត​កត្តញ្ញូ សេ​ចក្តី​អាណិត​អាសូរ ​និង​មេត្តា​ធម៌​អត់​ព្រំដែន របស់​ពុទ្ធសាសនា ដល់​ប្រែត​បុគ្គល។

យ៉ាងណា​ក៏​ដោយ អ្នក​សិក្សា​ផ្នែក​ពុទ្ធសាសនា​ទាំងពី​រ គាំទ្រ​សេរីភាព​ខាង​ជំនឿ​សាសនា និង​ផ្តល់​ជម្រើស​អោយ​ពុទ្ធសាសនិកជន គួរ​ជឿ​ប្រកប​ដោយ​បញ្ហា។​

គួរ​ជម្រាប​ថា ក្នុង​កំណត់​ហេតុ នា​រជ្ជកាល​ព្រះបាទ​អង្គឌួង ​បានរៀប​រាប់ពី ពិធី​កាន់​បិណ្ឌ នៅ​ព្រះ​បរមរាជវាំង បាន​ប្រារព្ធ​ឡើង​ចាប់​ពី​ថ្ងៃ​ទី​ ១២ រោច រហូត​ដល់​ថ្ងៃ​ទី​១៥ រោច ខែ​ភទ្របទ ហៅថា ភ្ជុំធំ។ ខុស​ពី រាស្រ្ត ធ្វើ ១៥ថ្ងៃ ចាប់​ពី​ថ្ងៃ​១​រោច ដល់១៥រោច ខែ​ភទ្រ​បទ។  បុណ្យ​ភ្ជុំបិណ្ឌ ជា​បុណ្យ​ប្រពៃណីសាសនា ធំ​ជាង​គេ​មួយ ​របស់​ប្រជាជន​ខ្មែរ។ បុណ្យ​នេះ មាន​លក្ខណៈ​ជា​ពិធី​បុណ្យ​គោរព​វិញ្ញាណក្ខន្ធ​ដល់​បុព្វបុរស​ញាតិសន្ដាន ដែល​បានធ្វើ​មរណកាល​ និង​ជា​​ឱកាសជួបជុំ​គ្នា​នៃ​ញាតិសន្ដាន ដែល​រស់នៅ​ទី​ឆ្ងាយផងដែរ។ លក្ខណៈ​ពិសេស​ថែម​ទៀត នៃ​បុណ្យ​ភ្ជុំបិណ្ឌ គឺជា​ការ​ចែករំលែក ​ជួយ​ដល់​ព្រះសង្ឃ​ដែល​គង់​ចាំ​វស្សា ​ត្រូវ​ការ​ទាំង​ចង្ហាន់ និង​បច្ច័យ ដើម្បីសិក្សា និងផ្សព្វផ្សាយព្រះធម៌។ ទោះបីជា ពិធីបោះបាយបិណ្ឌ មិន​មានក្នុងគម្ពីរព្រះប្រៃតិដក តែគម្ពីរដដែលនេះ មានរឿងរ៉ាវទាក់ទងនឹងប្រែត ឬមនុស្ស​ស្រែក​ឃ្លាន ដោយរៀបរាប់ថា សត្វ​ប្រេត មាន១២ពួក ជា​សត្វ​មួយ​ប្រភេទ ដែលមាន​ស្ថាន​ ឬ​ភព ជាទី​អាស្រ័យ និង​ជាទី​ចាប់កំណើត ដូច​សត្វ​ដទៃទៀត​ដែរ។ តាម​ទ្រឹស្តី​ព្រះពុទ្ធសាសនា ដើម្បី​​ឲ្យ​ឧទ្ទិស​នូវ​វត្ថុ​ក្តី អាហារ​ក្តី ទៅដល់​បុព្វការី​ជន​ដែល​ធ្វើ​មរណកាល ចាំបាច់​ត្រូវតែមាន​អ្នក​ទទួលទាន មានដូចជា​ ព្រះសង្ឃ ចាស់ព្រឹទ្ធាចារ្យ អ្នកមាន​សីល និង​មាន​គុណធម៌​ខ្ពង់ខ្ពស់ តាម​រយះការ សរសេរឈ្មោះ រៀបរាប់មុន វេរ​ចង្ហាន់ យក​ទៀន​ទៅ​តម្កល់​នៅ​មុខ​ព្រះសង្ឃ​ជា​ដើម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI