អបអររុក្ខទិវា៖ ព្រះសង្ឃ យុវជន និងសង្គមស៊ីវិល រួមគ្នាដាំកូនឈើ១៤០០ដើមនៅព្រៃឡង់
ចុះផ្សាយនៅថ្ងៃ៖
ព្រះសង្ឃ យុវជន អង្គការសង្គមស៊ីវិល ព្រមទាំងសហគមន៍ដីធ្លីនិងព្រៃឈើ ជាង២០០នាក់ បានរួមគ្នាដាំដើមឈើចំនួន១៤០០ដើម នៅសហគមន៍ក្បាលខ្លា តំបន់ព្រៃឡង់ ក្នុងខេត្តកំពង់ធំ។ ពិធីដាំដើមឈើដែលចាប់ផ្ដើមតាំងពីដើមសប្ដាហ៍នេះ ធ្វើឡើងដើម្បីអបអរសាទរឱកាសរុក្ខទិវា ថ្ងៃទី៩កក្កដា។
ពិធីដាំដើមឈើនេះ បានចាប់ផ្ដើមតាំងពីថ្ងៃចន្ទទី៣កក្កដាដើមសប្ដាហ៍ និងបានបិទបញ្ចប់ដោយជោគជ័យហើយ កាលពីថ្ងៃសុក្រទី៧កក្កដា។ ក្នុងនោះ កូនឈើប្រណិតច្រើនប្រភេទ ដូចជា បេង ក្រញូង ធ្នង់ ឈើទាល សរុបទាំងអស់ប្រមាណ១ពាន់៤រយដើម ត្រូវបានដាំដុះនៅលើផ្ទៃដីព្រៃសហគមន៍ក្បាលខ្លា តំបន់ព្រៃឡង់ ក្នុងស្រុកសណ្ដាន់ ខេត្តកំពង់ធំ។
ពិធីដាំកូនឈើនេះ រៀបចំឡើងដោយអង្គការស្ពានសន្តិភាព សហការណ៍ជាមួយសហគមន៍ក្បាលខ្លា ដោយមានការចូលរួមពីយុវជន សហគមន៍ដីធ្លីនិងព្រៃឈើ ព្រមទាំងព្រះសង្ឃមួយចំនួនផងដែរ។
ព្រះអង្គ លួន សាវ៉ាត ដែលសកម្មក្នុងការងារសង្គមនិងបរិស្ថាន និងដែលបាននិមន្តចូលរួមនៅក្នុងពិធីដាំកូនឈើនេះ បានបញ្ជាក់ប្រាប់វិទ្យុបារាំងអន្ដរជាតិថា ពិធីនេះមិនត្រឹមតែប្រារព្ធធ្វើជានិម្មិតរូបនៃរុក្ខទិវាប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងបានចូលរួមលើកកម្ពស់ស្មារតីស្រឡាញ់ការពារធនធានធម្មជាតិនិងបរិស្ថាន របស់អ្នកចូលរួមទាំងជាង២០០នាក់ទៀតផង។ ព្រះអង្គ លួន សាវ៉ាត មានសង្ឃដីកាទៀតថា ការការពារធនធាតុធម្មជាតិ ជាពិសេសព្រៃឈើ មានសារៈសំខាន់ណាស់ ក្នុងការចូលរួមកាត់បន្ថយការប្រែប្រួលអាកាសធាតុ។
សូមជម្រាបថា នេះគឺជាលើកទី៣ហើយ ដែលអង្គការស្ពានសន្តិភាពរៀបចំកម្មវិធីដាំកូនឈើ នៅសហគមន៍ក្បាលខ្លា ដើម្បីចូលរួមអបអរសាទរក្នុងឱកាសរុក្ខទិវា។ អង្គការនេះ បានចុះទៅដាំកូនឈើនៅសហគមន៍ក្បាលខ្លាជាលើកដំបូងនៅឆ្នាំ២០១៥ ក្នុងគោលដៅផ្សារភ្ជាប់សន្តិភាពរវាងមនុស្សនិងធម្មជាតិ ក៏ដូចជាចូលរួមបង្កើនគម្របព្រៃឈើនៅកម្ពុជា។ សម្រាប់អង្គការស្ពានសន្តិភាព ព្រៃសហគមន៍ក្បាលខ្លា ដែលមានផ្ទៃដីជាង២ពាន់៥រយហិកតា មិនត្រឹមតែជាធនធានធម្មជាតិដ៏មានតម្លៃសម្រាប់មនុស្សជំនាន់ក្រោយទេ វាក៏សក្តិសមជាតំបន់អេកូទេសចរណ៍សម្រាប់អ្នកចូលចិត្តផ្សងព្រេងផងដែរ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ