លោក ផៃ ស៊ីផាន អរគុណរដ្ឋមន្រ្តីការបរទេសអាមេរិក ដែលផ្តល់យុត្តិធម៌ដល់កម្ពុជារឿងមូលដ្ឋានទ័ពចិន
ចុះផ្សាយនៅថ្ងៃ៖
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក MiKe Pompeo កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញបានប្រកាសស្វាគមន៍ចំពោះការបដិសេធរបស់កម្ពុជាទៅនឹងព័ត៌មានដែលថា កម្ពុជាបានចុះកិច្ចព្រមព្រៀងសំងាត់ឱ្យចិនដាក់មូលដ្ឋានកងទ័ពក្នុងខេត្តព្រះសីហនុ។ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាបានចាត់ទុកការស្វាគមន៍របស់លោក MiKe Pompeoនេះ ថាជាការផ្តល់យុត្តិធម៌ដល់រដ្ឋាភិបាលកម្ពុជា។ លោកថែមទាំងសម្តែងការអរគុណដល់លោក MiKe Pompeo ថែមទៀតចំពោះបញ្ហានេះ។
«ខ្ញុំបាទសូមអបអរ និងថ្លែងអំណរគុណដល់ ឯកឧត្តម MIKE POMPEO រដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិកក្នុងការផ្តល់យុត្តិធម៌ដល់រាជរដ្ឋាភិបាលកម្ពុជា»។ នេះគឺជាលើកឡើងរបស់លោកផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជានៅលើទំព័រហ្វេសប៊ុករបស់លោកនៅថ្ងៃសុក្រនេះ។ លោកផៃ ស៊ីផាន បានបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយលោកនាយករដ្ឋមន្រ្តីហ៊ុន សែន គឺតែងតែខិតខំប្រឹងប្រែងគ្រប់បែបយ៉ាង ដើម្បីរក្សាមិត្ត មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង និងជាដៃគូសហការគ្រប់វិស័យជាមួយនឹងប្រជាជាតិទាំងអស់នៅលើពិភពលោក ដោយមិនរើសអើង។
ការសម្តែងនូវការអរគុណរបស់អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជានៅពេលនេះ ធ្វើឡើងបន្ទាប់ពីលោក MiKe Pompeo ដែលជារដ្ឋមន្ត្រីការបរទេសអាមេរិកបានប្រកាសស្វាគមន៍នូវការបដិសេធរបស់រដ្ឋាភិបាលចំពោះព័ត៌មានដែលថា កម្ពុជានឹងអនុញ្ញាតឱ្យចិនដាក់មូលដ្ឋានទ័ពលើទឹកដីរបស់ខ្លួន។ លោក MiKe Pompeo លើកឡើងដូច្នេះនៅក្រោយជំនួបថ្នាក់រដ្ឋមន្ត្រីការបរទសអាស៊ាន-អាមេរិកលើកទី៥២ ដែលបានធ្វើឡើងនៅក្នុងទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃព្រហស្បតិ៍។ លោករដ្ឋមន្ត្រីការបរទេសអាមេរិក បានគូសបញ្ជាក់ថា សហរដ្ឋអាមេរិកស្វាគមន៍ការការពារអធិបតេយ្យភាពដ៏ខ្លាំងក្លារបស់កម្ពុជា ហើយអាមេរិកក៏លើកទឹកចិត្តដល់ប្រទេសផ្សេងទៀតក្នុងតំបន់ឲ្យធ្វើតាមលំនាំរបស់កម្ពុជាផងដែរ។
ជាការកត់សម្គាល់ ការប្រកាសស្វាគមន៍របស់ក្រសួងការបរទេសអាមេរិកនេះ ធ្វើឡើងក្រោយពីរដ្ឋាភិបាលកម្ពុជា បានព្យាយាមបដិសេធម្តងជាពីរដងរួចមកហើយថា កម្ពុជាមិនបានចុះកិច្ចព្រមព្រៀងសំងាត់ណាមួយ ដើម្បីឱ្យចិនមានមូលដ្ឋានទ័ពនៅកម្ពុជាដូចការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយអាមេរិកឡើយ។ មិនតែប៉ុណ្ណោះ ក្រសួងការពារជាតិកម្ពុជា ក៏ថែមទាំងបាននាំក្រុមអ្នកសារព័ត៌មានជាតិ និង អន្តរជាតិទៅកាន់មូលដ្ឋានទ័ពជើងទឹករាមដែលមានការសង្ស័យថា មានការសាងសង់មូលដ្ឋានកងទ័ពចិននៅទីនោះថែមទៀតផង។ ប៉ុន្តែជាលទ្ធផល គឺគ្មានការសាងសង់អ្វីទាំងអស់។ ចំណែក ប្រមុខរដ្ឋាភិបាលកម្ពុជាវិញបានហៅព័ត៌មានបែបនេះ ថាមានចេតនាដ៏អាក្រក់បំផុតប្រឆាំងនឹងកម្ពុជា។
ដោយឡែក ខាងរដ្ឋាភិបាលចិនឯណោះវិញ ក៏បានច្រានចោលព័ត៌មានដាក់មូលដ្ឋានទ័ពនៅកម្ពុជានេះផងដែរ។ ក្រសួងការបរទេស និង ក្រសួងការពារជាតិចិនតាមរយៈអ្នកនាំពាក្យដូចគ្នាថែមទាំងបានប្រាប់ទៅកាន់ភាគីផ្សេងបែបទំនងចង់សំដៅលើសហរដ្ឋអាមេរិកថា កុំឱ្យមានការបកស្រាយលើសពីកិច្ចសហការធម្មតារវាងកម្ពុជា និង ចិន៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ