បញ្ហាសមុទ្រចិនខាងត្បូងអាចនឹងលើកឡើងក្នុងកិច្ចពិភាក្សាទ្វេភាគីរវាងរដ្ឋាភិបាលហ្វីលីពីន និងកម្ពុជា
បញ្ហាសមុទ្រចិនខាងត្បូងដ៏ចម្រូងចម្រាស់ ត្រូវបានរំពឹងថានឹងលើកឡើងនៅក្នុងជំនួបពិភាក្សាទ្វេភាគីរវាងប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គូ ឌុយទែរតេ និងលោក នាយករដ្ឋមន្រ្តី ហ៊ុន សែន។ មេដឹកនាំហ្វីលីពីន នឹងធ្វើដំណើរទស្សនកិច្ចផ្លូវការលើកទីមួយ មកកម្ពុជា ចាប់ពីថ្ងៃទី ១៣ ស្អែកនេះ ដល់ថ្ងៃទី ១៤ ខែ ធ្នូ។ ក្រៅពីនេះ នៅក្នុងដំណើរទស្សនកិច្ច ភាគីទាំងពីរ ក៏គ្រោងនឹងពិភាក្សា ទំនាក់ទំនងការទូត និងពាណិជ្ជកម្មផងដែរ។ ជាការកត់សម្កាល់ នៅព្រឹកថ្ងៃចន្ទនេះ ជនជាតិហ្វីលីពីននៅកម្ពុជា មួយក្រុមបាននាំគ្នាតវ៉ានៅមុខព្រះបរមរាជវាំង ប្រឆាំងនឹងសង្គ្រាមបង្ក្រាបគ្រឿងញៀនរបស់លោក ឌូទែរតេ ដែលសម្លាប់ឧក្រិដ្ឋជនអស់ច្រើនជាងបីពាន់នាក់មកហើយនោះ។
ចុះផ្សាយនៅថ្ងៃ៖
អ្នកនាំពាក្យក្រសួងការបរទេសហ្វីលីពីន បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មាន នាវិមាន Malacanang ថាប្រធានាធិបតីហ្វីលីពីន ឌុយទែរតេ នឹងលើកយកបញ្ហាសមុទ្រចិនខាងត្បូង ទៅពិភាក្សាជាមួយនឹងលោកនាយករដ្ឋមន្រ្តីហ៊ុន សែន ដើម្បីបង្ហាញពីការប្តេជ្ញាចិត្តរបស់ហ្វីលីពីនក្នុងការដោះស្រាយជម្លោះសមុទ្រចិនខាងត្បូងដ៏រ៉ាំរ៉ៃមួយនេះ ដោយសន្តិវិធី និងអនុលោមទៅតាមវិធានច្បាប់។
សូមបញ្ជាក់ថា ពាក់ព័ន្ធនឹងជម្លោះសមុទ្រចិនខាងត្បូងនេះ សមាគមអាស៊ាន មិនអាចចេញសេចក្តីថ្លែងការណ៍រួមបាន ដោយលើកទីមួយ គឺនៅឆ្នាំ ២០១២ ដែលមានកិច្ចប្រជុំកំពូលនៅកម្ពុជា និងលើកទីពីរ នៅឆ្នាំ ២០១៦ គឺកិច្ចប្រជុំដែលធ្វើឡើងនៅប្រទេសឡាវ។
រដ្ឋសភាកម្ពុជាបានផ្ញើលិខិតទៅកាន់ប្រធានអន្តរសភាAIPA ដើម្បីមិនឱ្យលើកយកបញ្ហាសមុទ្រចិនខាងត្បូងដ៏ចម្រូងចម្រាស់ដាក់ក្នុងរបៀបវារៈនៃកិច្ចប្រជុំរបស់សភាអាស៊ាន នៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវ កាលពីខែ កក្កដា ក្រោមហេតុផល រដ្ឋធម្មនុញ្ញអាស៊ាន មិនអនុញ្ញាតឲ្យសមាជិករបស់ខ្លួន យកបញ្ហាប្រទេសជាសមាជិកដទៃមកជជែកវែកញែកនៅក្នុងការប្រជុំនោះទេ។
ជាមូលហេតុដែលជម្រុញឲ្យសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បានបរាជ័យក្នុងការចេញ សេចក្តីថ្លែងការណ៍រួម ពាក់ព័ន្ធសេចក្តីសម្រេចតុលាការក្រុងឡាអេឡើយ។ សមាជិកអាស៊ានទាំង ១០ប្រទេសបានជៀសវាងមិននិយាយសោះឡើយ ពីសាលដីកាតុលាការមជ្ឈត្តិកម្មអចិន្ត្រៃយ៍ទីក្រុងឡាអេលើសំណុំរឿងជម្លោះនៅសមុទ្រចិនខាងត្បូង ដែលសាលដីកាទាត់ចោលការទាមទាររបស់ចិន ហើយឲ្យហ្វីលីពីនឈ្នះ កាលពីថ្ងៃទី១២ ខែកក្កដា។
សូមបញ្ជាក់ថាប្រទេសជាសមាជិកអាស៊ាន៤ រួមមានហ្វីលីពិន ម៉ាឡេស៊ី ប្រ៊ុយណេ និងវៀតណាម កំពុងតែមានជម្លោះដែនទឹកជាមួយនឹងមហាយក្សចិននៅសមុទ្រចិនខាងត្បូង។ ភាគច្រើននៃសមាជិករបស់អាស៊ានគឺចង់ឲ្យមានការដាក់សម្ពាធណាមួយទៅលើប្រទេសចិនជុំវិញការសាងកោះក្នុងតំបន់ជម្លោះ។ ប៉ុន្តែសហគមន៍អាស៊ានដំណើរការទៅបានអាស្រ័យដោយការមូលមតិគ្នារវាងសមាជិកទាំងអស់ ដូច្នេះប្រទេសណាមួយ ដែលជាសមាជិកអាចមានសិទ្ធិបោះឆ្នោតប្រឆាំងនៅនឹងសេចក្តីសម្រេចណាមួយប្រសិនបើខ្លួនមិនពេញចិត្ត។
ក្រៅពីនេះ នៅក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋមកកម្ពុជា ជាលើកទីមួយរបស់លោក ឌុយទែរតេ បន្ទាប់ពីបានឡើងកាន់អំណាច ដែលត្រូវបានពិភពលោក ស្គាល់តាមរយៈយុទ្ធនាការបង្រ្កាបគ្រឿងញៀននៅក្នុងប្រទេសហ្វីលីពីន ក៏នឹងមានការចុះអនុស្សារណៈកិច្ចព្រមព្រៀងកីឡា។ ការជំនួបពិភាក្សាទ្វេភាគីនេះ ក៏នឹងលើកឡើងផងដែរ ពីបញ្ហាទំនាក់ទំនងកិច្ចការពារ និងសន្តិសុខ ពាណិជ្ជកម្មទ្វេភាគី កិច្ចការពារពលករហ្វីលីពីន-កម្ពុជា កិច្ចសហប្រតិបត្តិការវប្បធម៌ និងទេសចរណ៍ ជាដើម។
ក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ថា អំឡុងទស្សនកិច្ច នៅកម្ពុជារយៈពេល ២ថ្ងៃខាងមុខនេះ លោក រ៉ូឌ្រីហ្គោ ឌូទែរតេ នឹងចូលក្រាបបង្គំគាល់ព្រះមហាក្សត្រខ្មែរផងដែរ។
គួរជម្រាបជូនថា បន្ទាប់ពីបញ្ចប់ដំណើរទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជា រយៈពេលពីរថ្ងៃ លោក រ៉ូឌ្រីហ្គូ ឌុយទែរតេ នឹងបន្តដំណើរទៅប្រទេសសឹង្ហបុរីរយៈពេល ២ថ្ងៃទៀត ចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ១៦ ខែ ធ្នូ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ