កម្ពុជា

អាជ្ញាធរ​បន្ត​សិក្សា​ពី​ការ​ខូច​ខាត ខណៈ​អាជីវករ​ផ្សារ​ចាស់​ដង្ហោយ​រក​ជំនួយ

មួយ​ថ្ងៃ​បន្ទាប់​ពី​អគ្គីភ័យ​ឆាប​ឆេះ​ អាជ្ញាធរ​បាន​និង​កំពុង​តែ​ប្រមូល​កាក​សំណល់ និង​គំនរ​ផេះផង់​នៅ​ក្នុង​ផ្សារចាស់។ ជាមួយ​គ្នា​នោះ អាជីវករ​ម្ចាស់​តូប ដែល​ត្រូវ​អគ្គីភ័យ​លេប​ត្របាក់​ទាំង​អស់ បាន​ជួប​ជុំ​គ្នា​នៅ​ទី​ស្នាក់​ការ​ផ្សារ​ ដើម្បី​រាយការណ៍​ប្រាប់​អាជ្ញាធរ​ពី​ការ​ខូច​ខាត និង​សំណូម​ពរ​របស់​ខ្លួន​ផង​ដែរ​។

សកម្មភាព​បោស​សម្អាត​កាក​សំណល់ និង​ផេះផង់ នៅផ្សារ​ចាស់ ថ្ងៃ​ទី​២៥ ខែ​វិច្ឆិកា ឆ្នាំ​២០១៤
សកម្មភាព​បោស​សម្អាត​កាក​សំណល់ និង​ផេះផង់ នៅផ្សារ​ចាស់ ថ្ងៃ​ទី​២៥ ខែ​វិច្ឆិកា ឆ្នាំ​២០១៤ RFI/Im Rachna
ផ្សាយពាណិជ្ជកម្ម

តាំង​ពី​ថ្ងៃ​កើត​ហេតុ រហូត​មក​ទល់​ថ្ងៃ​ទី​២៥​វិច្ឆិកា​នេះ អាជ្ញាធរ​បាន​និង​កំពុង​តែ​ស្រង់​ស្ថិតិ និង​ប្រមូល​ទិន្នន័យ​នៃ​ការ​ខូច​ខាត ពី​សំណាក់​អាជីវករ​ផ្សារ​ចាស់ ដែល​រង​គ្រោះ​ដោយ​សារ​អគ្គីភ័យ​ឆាប​ឆេះ កាល​ពី​ព្រឹក​ព្រលឹម ថ្ងៃ​ចន្ទ ទី​២៤​វិច្ឆិកា​។ នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ​ដែរ បុគ្គលិក​ក្រុមហ៊ុន​ស៊ិនទ្រី កំពុង​តែ​ប្រមូល​កាក​សំណល់ និង​គំនរ​ផេះផង់​ដែល​សេស​សល់​ពី​អគ្គីភ័យ​។ លោក​ឡុង ឌីម៉ង់ អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​បារាំង​អន្ដរជាតិ​ថា ការ​ប្រមូល​កាក​សំណល់​នេះ ធ្វើ​បាន​ប្រមាណ​៨០​ភាគ​រយ​ហើយ ហើយ​អាជ្ញាធរ នឹង​បញ្ចប់​ការងារ​នេះ នៅ​ត្រឹម​ថ្ងៃ​អង្គារ​នេះ​តែ​ម្ដង​។

នៅ​ម្ខាង អាជីវករម្ចាស់​តូប ដែល​រង​គ្រោះ​ពី​អគ្គីភ័យ ក្រៅ​ពី​រាយការណ៍​ប្រាប់​អាជ្ញាធរ​ពី​ការ​ខូច​ខាត​​ហើយ ក៏​បាន​លើក​ឡើង​ពី​សំណូម​ពរ ព្រម​ទាំង​ការ​ចង់​បាន​របស់​ខ្លួន​ផង​ដែរ​។ លោក​ស្រី​ថាវរី អាជីវករ​ម្ចាស់​តូប​គ្រឿង​ក្រអូប ដែល​ស្ថិត​នៅ​ចំ​កណ្ដាល​ផ្សារ និង​ដែល​ត្រូវ​អគ្គីភ័យ​លេប​ត្របាក់​ទាំង​ស្រុង បាន​លើក​ឡើង​ថា លោក​ស្រី​ស្នើ​ឲ្យ​អាជ្ញាធរ​សាង​សង់​ដំបូល​ផ្សារ​ឡើង​វិញ​តែ​មួយ​រួម​គ្នា​តែ​ម្ដង​។ ចំណែក​លោក​ស្រី ហ៊ុន នី ដែល​ជា​ម្ចាស់​តូប​អ៊ុត​សក់​វិញ បាន​សំណូម​ពរ​ឲ្យ​សប្បុរសជន ជា​ពិសេស​កាកបាទក្រហម ឧបត្ថម្ភ​ថវិកា​ដល់​អាជីវករ​រង​គ្រោះ ព្រោះ​បើ​តាម​លោក​ស្រី អាជីវករ​ទាំង​អស់​សុទ្ធ​តែ​ខាត​បង់​ច្រើន​ពី​អគ្គីភ័យ​លើក​នេះ​។

សូម​រំលឹក​ថា ​នៅ​ព្រឹក​ព្រលឹម​ថ្ងៃ​ចន្ទ​ទី​២៤​វិច្ឆិកា អគ្គីភ័យ​បាន​ឆាប​ឆេះ​ផ្សារ​ចាស់ ធ្វើ​ឲ្យ​តូប​​នៅ​ក្នុង​ផ្សារ​ជាង​៣០០​តូប ក្នុង​ចំណោម​តូប​ជិត​១​ពាន់​ត្រូវ​ខូច​ខាត​។ ផ្សារ​ចាស់​ដែល​បាន​បើក​ឲ្យ​អាជីវករ​លក់​ដូរ​ជា​ច្រើន​ជំនាន់​មក​ហើយ កន្លង​មក​មាន​ភាព​ចម្រូង​ចម្រាស់​រវាង​អាជ្ញាធរ​ក្រុង និង​អាជីវករ ពី​ព័ត៌មាន​ដោះ​ដូរ និង​រុះ​រើ​ផ្សារ​ជា​ថ្មី។ សាធារណៈ​មតិ​បាន​លើក​ឡើង​ថា មាន​អ្នក​លួច​ដុត​ផ្សារ​ចាស់ ដើម្បី​ធ្វើ​ការ​អភិវឌ្ឍ​ថ្មី​។ ប៉ុន្តែ​សាលា​រាជធានី​ភ្នំពេញ​បាន​ច្រាន​ចោល​ការ​លើក​ឡើង​នេះ ដោយ​បាន​អះអាង​ថា អគ្គីភ័យគឺ​បណ្ដាល​មក​ពី​ការ​ឆ្លង​ចរន្ត​អគ្គីសនី ចេញ​ពី​តូប​លេខ​១​ចាស់ លក់​ថង់​ផ្លាស្ទិក​ដែល​នៅ​ក្បែរ​ក្លោង​ទ្វារ​ចេញ​ចូល​ខាង​កើត ក្រោយ​តូប​លក់​ផ្លែ​ឈើ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI