កម្ពុជាកំពុងរៀបចំផែនការបង្កើតព្រលានយន្តហោះថ្មីជំនួសឲ្យអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ
រដ្ឋាភិបាលកំពុងរៀបចំផែនការបង្កើតព្រលានយន្តហោះថ្មីជំនួសឲ្យអាកាសយានដ្ឋានអន្តរជាតិភ្នំពេញនៅឆ្នាំ២០៣៥ គឺនៅសល់រយៈពេល២៤ឆ្នាំខាងមុខទៀត។ តាមគម្រោងរដ្ឋាភិបាលគ្រោងសាងសងព្រលានយន្តហោះថ្មីនេះមានរយៈចម្ងាយ៩០គីឡូម៉ែត្រពីក្រុង។ តែអ្នកជំនាញ ផ្ដល់យោលបល់ថា ចម្ងាយ៦០គីឡូម៉ែត្រពីក្រុងគឺជាចំនួនមួយសមល្មម។ ទន្ទឹមនេះអ្នកជំនាញផ្នែកអាកាសចរណ៍ដដែល បានព្យាករណ៍ទុកថា ព្រលានយន្តហោះក្រុងភ្នំពេញនាពេលបច្ចុប្បន្នអាចដំណើរការបានត្រឹមតែរយៈពេល២៥ឆ្នាំទៀតប៉ុណ្ណោះ។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ថ្លែងប្រាប់វិទ្យុបារាំង នៅថ្ងៃពុធទី២០មករា លោក ស៊ិន ចាន់សេរីវុត្ថា អគ្គនាយករងបច្ចេកទេសនៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលលើកឡើងថា ផែនការបង្កើតព្រលានយន្តហោះថ្មីគឺស្ថិតនៅក្នុងគម្រោងត្រៀមទុកជាស្រេចរួចហើយ របស់រដ្ឋាភិបាលសម្រាប់ទស្សនៈវិស័យអភិវឌ្ឍក្រុង។ លោកថា ផែនការបង្កើតព្រលានយន្តហោះធ្វើឡើង ខណៈដែលព្រលានយន្តហោះអន្តរជាតិក្រុងភ្នំពេញអាចដំណើរការបានត្រឹមរយៈពេល២៥ឆ្នាំទៀតប៉ុណ្ណោះ ដោយសារមិនអាចឆ្លើយតបនឹងចំនួនភ្ញៀវទេសចរណ៍ដែលនឹងមានការកើនឡើង៦លាននាក់នៅរយៈពេល២៤ឆ្នាំខាងមុខ។
លោក ស៊ិន ចាន់សេរីវុត្ថា ក៏នៅមិនទាន់ដឹងពីទីតាំងនៃព្រលានយន្តហោះថ្មី និងទំហំទឹកប្រាក់សម្រាប់ការសាងសង់ដែរ ព្រោះបញ្ហាទាំងអស់នេះស្ថិតនៅក្នុងដំណាក់កាលសិក្សា។ ប៉ុន្តែលោកបានផ្ដល់ជាយោបល់ថា ព្រលានយន្តហោះក្រុងភ្នំពេញគួរតែផ្លាស់ប្ដូរទីតាំង និងពង្រីកទំហំបន្ថែមសម្រាប់ផែនការម្ភៃឆ្នាំខាងមុខ។ មូលហេតុដោយសារតែព្រលានយន្តហោះនាពេលបច្ចុប្បន្នផ្ទុកអ្នកដំណើរបានតែជាងបីលាននាក់។ បីលាននាក់ជាចំនួនមួយដែលលោកយល់ថា ស្ទើរតែពិបាកទ្រាំទ្រណាស់ទៅហើយ ជាមួយព្រលានយន្តហោះដែលមានអាយុជាង៧០ឆ្នាំមកនេះ។ ព្រលានយន្តហោះអន្តរជាតិក្រុងភ្នំពេញ បង្កើតឡើងនៅក្នុងទសវត្សរ៍ឆ្នាំ១៩៥០។
ប្រសិនបើគម្រោងនៃការបង្កើតព្រលានយន្តហោះថ្មីទទួលបានជោគជ័យនឹងលេចចេញជារូបរាងមែននោះ គឺព្រលានយន្តហោះក្រុងភ្នំពេញនឹងរក្សាទុកក្នុងជម្រើសពីរ ទី១-សម្រាប់ជើងហោះហើរក្នុងស្រុកទី២-រក្សាទុកជាមជ្ឈមណ្ឌលពាណិជ្ជកម្មដើម្បីទាញយកថវិកាមកសាងសងព្រលានយន្តហោះថ្មី។
សូមបញ្ជាក់ថា កម្ពុជាមានព្រលានយន្តហោះចំនួនបីកន្លែងសម្រាប់បំរើផ្លូវអាកាសរួមមាន៖ ព្រលានយន្តហោះក្រុងភ្នំពេញទទួលអ្នកដំណើរបានចំនួន៣លាននាក់, ព្រលានយន្តព្រះសីហនុទទួលបានអ្នកដំណើរ៣០ម៉ឺននាក់ និងព្រលានយន្តហោះសៀមរាបទទួលបានអ្នកដំណើរប្រហាក់ប្រហែលខេត្តព្រះសីហនុដែរ។
ជាការរំពឹងទុករបស់ លោក ស៊ិន ចាន់សេរីវុត្ថា នាពេលអនាគតគិតត្រឹមរយៈពេល២០ឆ្នាំខាងមុខព្រលានយន្តហោះព្រះសីហនុនឹងក្លាយព្រះលានយន្តហោះមួយដ៏ធំមួយសម្រាប់ប្រទេសកម្ពុជា នឹងទទួលបានអ្នកដំណើរ៦លាននាក់ ដោយសារថានៅខេត្តព្រះសីហនុមានសក្តានុពលពាណិជ្ជកម្មនិងទេសចរណ៍៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ