ភ្នំពេញ អេសអ៊ីហ្សិត ភីអិលស៊ី ដាក់លក់ IPO របស់ខ្លួនក្នុងតម្លៃពី 0,70 សេន ទៅ១ ដុល្លារអាមេរិក
ចុះផ្សាយនៅថ្ងៃ៖
ភ្នំពេញ អេសអីហ្សិត ដែលមានក្រុមហ៊ុនចំនួន ៧៦ កំពុងតែប្រតិបត្តិការនៅក្នុងតំបន់ និងការវិនិយោគសរុបចំនួន ៤៦០លានដុល្លារអាមេរិក បានបើកសម្ពោធការបោះផ្សាយមូលបត្រជាសាធារណៈលើកដំបូង IPO នៅថ្ងៃទី ២០ មេសាម្សិលមិញនេះ នៅសណ្ឋាគាររ៉ាហ្វហ្វល ឡឺរ៉ូយ៉ាល់ ក្នុងទីក្រុងភ្នំពេញ។ Phnom Penh SEZ គ្រោងនឹងលក់ភាគហ៊ុនរបស់ខ្លួន ក្នុងតម្លៃ 0,70 សេន ដល់ ១ដុល្លារអាមេរិកក្នុងមួយហ៊ុន។ ហើយតម្លៃនេះត្រូវបានកំណត់ក្នុងរយៈពេលធ្វើប៊ុកបៀលឌីង ចាប់ពីថ្ងៃទី ១៨ មេសា និងបញ្ចប់ទៅវិញនៅថ្ងៃទី ២២ មេសាខាងមុខនេះ ហើយបានប្រកាសដាក់លក់រហូតដល់ ទៅ ១១,៦លានហ៊ុន នៅលើទីផ្សារមូលបត្រកម្ពុជា CSX។
ភ្នំពេញ អេសអ៊ីហ្សិត គឺជាតំបន់ឧស្សាហកម្មមួយនៅកម្ពុជា ដែលត្រូវបានបង្កើតឡើងនៅក្នុងខែមេសា ឆ្នាំ២០០៦។ លោក Hiroshi Uemastu នាយកប្រតិបត្តិរបស់ភ្នំពេញ អេសអ៊ីហ្សិត ភីអិលស៊ី បានលើកឡើងថា ក្រុមការងាររបស់លោកបានធ្វើការយ៉ាងច្រើន ដើម្បីទាក់ទាញក្រុមហ៊ុនផលិតរបស់ជប៉ុនមកកាន់កម្ពុជា និងនាំយកមកជាមួយនូវវិស័យឧស្សាហកម្មសម័យទំនើបមកកាន់កម្ពុជា ដែលមានដូចជាផលិតផលមេកានិកនិងអគ្គិសនី ផ្នែកអេឡិចត្រូនិក និងគ្រឿងបន្លាស់រថយន្តជាដើម។
លោកស្រី លីម ឈីវហួរ អគ្គនាយកភ្នំពេញ អេសអ៊ីហ្សិតក៏បានលើកឡើងផងដែរថា នេះគឺជាការចុះបញ្ជីលើកដំបូងនៃតំបន់ឧស្សាហកម្មធំនៅលើផ្សារហ៊ុនកម្ពុជា ហើយវាក៏ជាឱកាសមួយសំខាន់សម្រាប់ក្រុមហ៊ុននានានៅក្នុងតំបន់នោះ និងប្រទេសកម្ពុជាទាំងមូលផងដែរ។
តាមរយៈការផ្តល់ជូនជាសាធារណៈដំបូងរបស់ខ្លួនក្នុងតម្លៃចាប់ពី០,៧០ សេន ទៅ១ ដុល្លារអាមេរិកក្នុងមួយហ៊ុន ហើយដាក់លក់ជូនទាំងអស់មានចំនួន១១, ៦លានហ៊ុននោះ អេសអ៊ីហ្សិត សង្ឃឹមថានឹងទទួលបានទឹកប្រាក់ ១១,៦លាន ដុល្លារបន្ថែមទៀត ដើម្បីយកទៅវិនិយោគបន្ថែមលើហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់ និងដើម្បីបង្កើនផ្ទៃដីសម្រាប់លក់ជូនអតិថិជនរបស់ខ្លួន។ ជាមួយគ្នានេះដែរក្រុមហ៊ុនក៏មានគម្រោងនិយោគទឹកប្រាក់ចំនួន ៨,៥៤លានដុល្លារបន្ថែមទៀត ដើម្បីអភិវឌ្ឍគម្រោងតំបន់សេដ្ឋកិច្ចពិសេសមួយថ្មីទៀត នៅតំបន់ព្រំដែនប៉ោយប៉ែត។
សូមជម្រាបជូនថា រហូតមកទល់នឹងពេលមានស្ថាប័នចំនួន៤ហើយដែលបានប្រកាសដាក់លក់ IPO របស់ខ្លួននៅក្នុងទីផ្សារមូលបត្រកម្ពុជា ដែលនៅក្នុងនោះរួមមាន រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ប្រកាសលក់ក្នុងមួយហ៊ុន ៦០០០រៀល កាលពីថ្ងៃទី ១៨ មេសា ឆ្នាំ២០១២ ហើយមាន១៣លានហ៊ុន។ ក្រុមហ៊ុនហ្គ្រេន ធ្វីនអ៊ិនធើណេសិនណល (ខេមបូឌា) ភីអិលស៊ី បានប្រកាសលក់ហ៊ុនរបស់ខ្លួនក្នុងតម្លៃ ៩.៦៤០រៀល ឬ ស្មើនឹង ២ដុល្លារ៤១សេន កាលពីថ្ងៃទី ១៦ មិថុនាឆ្នាំ២០១៤ ហើយមានចំនួន ៨លានហ៊ុន។ កំពង់ផែស្វយ័តភ្នំពេញ បានប្រកាសលក់ IPO ជាផ្លូវការនៅក្នុងផ្សារមូលបត្រកម្ពុជា នៅថ្ងៃទី ៩ ធ្នូ ឆ្នាំ២០១៥។ និងចុងក្រោយនេះគឺ ភ្នំពេញ អេសអីហ្សិត៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ