ទស្សនៈព្រឹត្តិការណ៍ខ្មែរ

ព្រះពុទ្ធសាសនាជា«ឃ្លាំងឱសថ»សម្រាប់ព្យាបាលជំងឺសង្គម!

សំឡេង ០៤:៤៣
អ្នក​បួស​​ក្នុង​​ព្រះពុទ្ធ​​សាសនា​​មួយ​ចំនួន​កំពុង​​​ធ្វើ​ឲ្យ​​តម្លៃ​​ព្រះពុទ្ធ​សាសនា​​ធ្លាក់​ចុះ​
អ្នក​បួស​​ក្នុង​​ព្រះពុទ្ធ​​សាសនា​​មួយ​ចំនួន​កំពុង​​​ធ្វើ​ឲ្យ​​តម្លៃ​​ព្រះពុទ្ធ​សាសនា​​ធ្លាក់​ចុះ​ © ស៊ីវ​ ចាន់ណា

នៅ​កម្ពុជា ពលរដ្ឋ​ជាង ៩៥ ភាគ​រយ​កាន់​ព្រះពុទ្ធ​សាសនា ហើយ​ព្រះពុទ្ធ​សាសនា​ត្រូវ​បាន​ចាត់ទុកជា​សាសនា​របស់​រដ្ឋ។ ប៉ុន្តែ សង្គម​មួយ​នេះ​បែរ​ជា​សម្បូរ​ដោយ​បញ្ហា​ចាក់​ស្រេះ​រាប់​រយ​ជំពូក​ដែល​បណ្តាល​មក​ពី​ការ​ស្រុត​ចុះ​នៃ​សីលធម៌​សង្គម​ទៅ​វិញ។ អំពើ​ហិង្សា ការ​កេង​ប្រវ័ញ្ច ការសេព​គ្រឿង​ស្រវឹង និង អំពើ​អសីលធម៌​ជា​ច្រើន​ទៀត​កើត​មាន​ជា​រៀង​រាល់​ថ្ងៃ។ នេះ​ស​បញ្ជាក់​ថា ទស្សនវិជ្ជា​ព្រះពុទ្ធ​សាសនា​ដែល​ប្រៀប​បាន​នឹង​«ឃ្លាំង​ឱសថ»​សម្រាប់​ព្យាបាល​ជំងឺ​សង្គម​នោះ​មិន​ទាន់​ត្រូវ​បាន​ប្រើ​ប្រាស់​ដើម្បី​ទាញ​យក​ប្រយោជន៍​ឲ្យ​សមស្រប​នៅ​ឡើយ។ តើ​ហេតុអ្វី​បាន​ជា​ដូច្នេះ?

ផ្សាយពាណិជ្ជកម្ម

នៅ​កម្ពុជា មាន​ពិធី​បុណ្យ​បែប​ព្រះពុទ្ធសាសនា​ច្រើន​ណាស់​ក្នុង​មួយ​ឆ្នាំ។ ពិធី​បុណ្យ​សាសនា​ធំៗ​មាន​ដូច​ជា មាឃ​បូជា វិសាខ​បូជា និង​ភ្ជុំបិណ្ឌ ជា​ដើម។ ក្រៅ​ពី​ពិធី​បុណ្យ​ធំៗ ប្រជា​ពុទ្ធ​បរិស័ទ​​ខ្មែរ​ក៏​តែង​ប្រារព្ធ​ពិធី​បុណ្យ​តាម​បែប​សាសនា​ជា​ច្រើន​ទៀត​នៅ​តាម​ផ្ទះ​សម្បែង និង​ទី​វត្ត​​អារាម​នានា។

ជា​ការ​ពិត តម្លៃ​ជា​សាកល​របស់​ព្រះពុទ្ធ​សាសនា​គឺ​ស្ថិត​នៅ​ត្រង់​ទស្សន​វិជ្ជា​ដែល​បង្កប់​ដោយ​អត្ថន័យ សន្តិភាព និង អហិង្សា។ ការ​អត់​ឱន​និង​មិន​បៀតបៀន​គ្នា​ដែល​ជា​ស្នូល​នៃ​ទស្សន​វិជ្ជា​​ព្រះពុទ្ធ​សាសនា​ក៏​ជា​គោលការណ៍​គោរព​សិទ្ធិ​មនុស្ស​ដែល​ពិភព​លោក​ប្រាថ្នា​ចង់​បាន។ ប៉ុន្តែ បច្ចុប្បន្ន​នេះ មនុស្ស​ជា​ច្រើន​ហាក់​ដូច​ជា​គោរព​ព្រះពុទ្ធ​សាសនា​តែ​សម្បក​ក្រៅ តែ​បែរ​ជា​​បណ្តោយ​ខ្លួន​ឲ្យ​ធម៌​ប្រមាទ​ដឹកមុខ​ទៅវិញ។

ជាក់​ស្តែង អំពើ​ហិង្សា ការ​សេព​គ្រឿង​ញៀន គ្រឿង​ស្រវឹង ការ​ឈ្លក់​វក់វី​នឹង​អំណាច បុណ្យ​ស័ក្តិ ទឹក​ប្រាក់ និង​សម្ភារៈ​និយម​ជា​ដើម​កំពុង​តែ​វាយ​លុក​យ៉ាង​ពេញ​ទំហឹង​ទៅ​លើ​មនុស្ស​ខ្មែរ​ជា​ច្រើន។ នៅ​កម្ពុជា ក្នុង​ចំណោម​ប្រជាជន​សរុប​ប្រមាណ​ជា ១៥ លាន​នាក់ មាន​អ្នក​កាន់​ព្រះពុទ្ធ​សាសនា​ដល់​ទៅ​ជាង ៩៥% ។ នៅ​ទូ​ទាំង​ប្រទេស​មាន​វត្ត​ព្រះពុទ្ធ​សាសនា​សរុប​ចំនួន​ជាង ៤ ៣០០ វត្ត និង មាន​ព្រះ​សង្ឃ​សរុប​ប្រមាណ​ជា ៥ ម៉ឺន​អង្គ។ ចំនួន​នេះ​អាច​ពន្យល់​បាន​អំពី​ជំនឿ​ដ៏​មុត​មាំ​របស់​ពលរដ្ឋ​ខ្មែរ​ទៅ​លើ​ព្រះពុទ្ធ​សាសនា​ហើយ​វា​ក៏​ស័ក្តិសម​ណាស់​ដែល​ប្រទេស​នេះ​ចាត់ទុក​ព្រះពុទ្ធ​សាសនា​ជា​សាសនា​របស់​រដ្ឋ។

ប៉ុន្តែ គួរ​អ្វី​ដែល​គួរ​កត់​សម្គាល់​នោះ​គឺ ទស្សន​វិជ្ជា​ដ៏​មាន​តម្លៃ​របស់​ព្រះពុទ្ធ​សាសនា​ដែល​ប្រៀប​បាន​នឹង​«ឃ្លាំង​ឱសថ»​សម្រាប់​ព្យាបាល​ជំងឺ​សង្គម​នោះ​មិន​ទាន់​ត្រូវ​បាន​ប្រើ​ប្រាស់​ឲ្យ​បាន​​ត្រឹមត្រូវ​ដើម្បី​លើក​កម្ពស់​សុខមាលភាព​សង្គម​នៅ​ឡើយ​ទេ។ មនុស្ស​វ័យ​ចំណាស់​មួយ​ចំនួន​​ដែល​តាំង​ខ្លួន​ជា​អ្នក​គោរព​និង​ប្រតិបត្តិ​ព្រះពុទ្ធសាសនា​តែ​បែរ​ជា​ប្រព្រឹត្ត​ផ្ទុយ​ពី​គោល​ការណ៍​សាសនា​ទៅវិញ ខណៈដែល​យុវវ័យ​ជំនាន់​ក្រោយ​ភាគ​ច្រើន​បែរ​ជា​ចាត់​ទុក​ព្រះពុទ្ធ​សាសនា​ថា​«ហួស​សម័យ»​ឬក៏​ជា​កិច្ចការ​របស់​មនុស្ស​ចាស់​តែ​ប៉ុណ្ណោះ។

តាម​ពិត​ព្រះពុទ្ធ​សាសនា​មាន​តម្លៃ​សម្រាប់​មនុស្ស​គ្រប់​វ័យ​និង​គ្រប់​ស្រទាប់​សង្គម ប៉ុន្តែ​អ្វី​ដែល​​នៅ​ខ្វះ​គឺ​វិធីសាស្ត្រ​ដើម្បី​ទាក់​ទាញ​មនុស្ស​ឲ្យ​ចូលរួម​តែ​ប៉ុណ្ណោះ។ ជាក់ស្តែង សមាគម​ព្រះ​សង្ឃ​មួយ​ចំនួន​ដែល​បាន​អនុវត្ត​កម្មវិធី​អប់រំ​តាម​បែប​ព្រះពុទ្ធ​សាសនា​នៅ​តាម​សាលា​ក៏​បាន​​ទាក់ទាញ​យុវវ័យ​ជា​ច្រើន​ឲ្យ​ស្តាប់​ព្រះធម៌​អប់រំ​ចិត្ត​ផង​ដែរ។ ដូច្នេះ ទន្ទឹម​នឹង​ការ​ស្តី​បន្ទោស​​យុវវ័យ​ថា​មិន​ចាប់​អារម្មណ៍​ទៅ​លើ​ព្រះពុទ្ធ​សាសនា គេ​ក៏​ត្រូវ​ចោទ​សួរ​ដែរ​ថា​តើ​ស្ថាប័ន​​សាសនា​បាន​ធ្វើ​អ្វីខ្លះ​ក្នុង​ន័យ​បញ្ជ្រាប​ការ​អប់រំ​ទស្សនវិជ្ជា​ព្រះពុទ្ធ​សាសនា​ទៅ​ដល់​យុវ​ជន​​ស្រករ​ក្រោយ?

ជា​ការ​ពិត ព្រះពុទ្ធ​បរម​គ្រូ​ទ្រង់​បាន​ឈ្វេង​យល់​រួច​ស្រេច​ទៅ​ហើយ​ថា សាសនា​របស់​ព្រះអង្គ​នឹង​ត្រូវ​ផុត​រលត់​ត្រឹម​រយៈពេល​៥០០០​ព្រះ​វស្សា។ ការ​ផុត​រលត់​នៃ​ព្រះពុទ្ធ​សាសនា​មិន​មែន​បណ្តាល​មក​ពី​សាសនាដ​ទៃ​ណា​មក​បំផ្លាញ​ឡើយ​តែ​គឺ​ដោយសារ«អ្នក​គោរព​និង​ប្រតិបត្តិ»​ព្រះពុទ្ធសាសនា​ខ្លួនឯង​ដែលជា​អ្នក​បំផ្លាញ។ បញ្ហា​ចាក់ស្រេះ​ក្នុងសង្គម​ដែល​កើតមាន​បច្ចុប្បន្ន​​ទំនង​ជា​ភស្តុតាង​ដែល​អាច​បញ្ជាក់​ពី​បញ្ហា​នេះ​បាន។

យ៉ាងណា​ក៏ដោយចុះ ការពង្រឹង​ព្រះពុទ្ធសាសនា​គឺជា​កិច្ច​ការដែល​មិន​អាច​មើល​រំលង​បាន។ ទន្ទឹម​នឹង​នោះ សំណួរ​មួយ​ទៀត​ដែល​សំខាន់​ហើយ​ត្រូវ​រក​ចម្លើយ​នោះ​គឺ តើ​ហេតុ​អ្វី​បានជា​ប្រទេស​កាន់​ព្រះពុទ្ធ​សាសនា​បែរ​ជា​សម្បូរ​ហិង្សា​និង​អបាយ​មុខ​ផ្សេងៗ​ទៅ​វិញ? មូលហេតុ​គឺ​មក​ពី ទាំង​«អ្នក​កាន់​ព្រះពុទ្ធ​សាសនា»​និង​ទាំង​ស្ថាប័ន​គ្រប់​គ្រង​កិច្ចការ​សាសនា​មិន​ទាន់​ផ្តល់​តម្លៃ​គ្រប់​គ្រាន់​ដល់​សាសនា​របស់​រដ្ឋ​នៅ​ឡើយ​ពោល​គឺ ពួកគេ​ច្រើន​តែ​ធ្វើ​គម្រប់​កិច្ច​ឬ​និយាយ​​តាម​បែប​ផ្សេង​ចូលចិត្ត​និយាយ​តែ​មាត់​តែ​មិន​អនុវត្ត​ដូច​មាត់​ថា។

ដូច្នេះ អ្នក​តម្រង់ទិស​សង្គម​ទាំង​ឡាយ​គួរ​ទាញ​យក​«ឱសថ»​ចេញ​ពី​ឃ្លាំង​ព្រះពុទ្ធសាសនា​មកប្រើ​ប្រាស់​ឲ្យ​អស់​លទ្ធភាព​ដើម្បី​ព្យាបាល​ជំងឺ​សង្គម​ជា​ពិសេស​ដើម្បី​បន្សាប​មេរោគ​ហិង្សា​និង​ការ​ប្រមាទ​ចេញ​ពី​មនុស្ស​ខ្មែរ​គ្រប់​គ្នា។ ប្រសិន​បើ​មេរោគ​ទាំង​នោះ​អាច​ព្យាបាល​បាន​មែន សង្គម​ខ្មែរ​នឹង​ស្គាល់​តម្លៃ​សីលធម៌​ឡើង​វិញ ហើយ​ប្រទេស​ជាតិ​នឹង​ស្គាល់​សុខ​សន្តិភាព​និង​ការគោរព​សិទ្ធិមនុស្ស​យ៉ាង​ពេញលេញ​ជាក់​ជា​មិន​ខាន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI