លោក ពេជ្រ ស្រស់ គ្រោងកោះហៅរដ្ឋមន្ត្រីក្រសួងធនធានទឹកមកបំភ្លឺជុំវិញសំណើរបស់ក្រុមហ៊ុន ទ្រី ភាព
ចុះផ្សាយនៅថ្ងៃ៖
សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់បានអះអាងថា ខ្លួននឹងកោះអញ្ជើញរដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧត្តុនិយមមកបំភ្លឺនៅពេលខាងមុខនេះ ជុំវិញសំណើរបស់ក្រុមហ៊ុនទ្រីភាព ដែលបានស្នើសុំអនុញ្ញាតចុះសិក្សា បូមស្តារ និងធ្វើច្រាំងទន្លេមេគង្គ ក្រោមយុទ្ធសាស្ត្រ «ទន្លេចិញ្ចឹមទន្លេ»។ ការអះអាងនេះ បានធ្វើឡើង បន្ទាប់ពីរដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល បានអះអាងថា ខ្លួនមិនមានសិទ្ធិផ្តល់អាជ្ញាប័ណ្ណឲ្យក្រុមហ៊ុន ទ្រី ភាព នេះទេ។
សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ និងជាប្រធានគណបក្សយុវជនកម្ពុជា លោក ពេជ្រ ស្រស់ បានអះអាងថា លោកនឹងកោះអញ្ជើញរដ្ឋមន្ត្រីក្រសួងធនធានទឹកឲ្យមកបំភ្លឺនៅពេលឆាប់ៗខាងមុខនេះ ជុំវិញសំណើរបស់ក្រុមហ៊ុន ទ្រី ភាព ដែលបានស្នើសុំរដ្ឋាភិបាលកម្ពុជា បូមស្តារ និងធ្វើច្រាំងទន្លេមេគង្គ ក្រោមយុទ្ធសាស្ត្រ «ទន្លេចិញ្ចឹមទន្លេ»។ ការកោះហៅរដ្ឋមន្ត្រីក្រសួងធនធានទឹកនេះ គឺបន្ទាប់ពីឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ ដែលជាយន្តការថ្មីមួយមកពីគណបក្សក្រៅរដ្ឋាភិបាលនេះ បានកោះហៅរដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លោក ស៊ុយ សែម ឲ្យមកបំភ្លឺ នៅថ្ងៃទី ២៣ ឧសភានេះ។ ប៉ុន្តែរដ្ឋមន្ត្រីក្រសួងរ៉ែ លោក ស៊ុយ សែន បានអះអាងថា ក្រសួងរបស់លោកមិនមានសិទ្ធិក្នុងការផ្តល់អាជ្ញាប័ណ្ណឲ្យក្រុមហ៊ុន ទ្រី ភាព ធ្វើការសម្អាតច្រាំងទន្លេ ដែលកំពុងក្លាយជាក្តីកង្វល់របស់មហាជនទូទៅនេះទេ។
គួរជំរាបជូនថា ផ្អែកតាមសេចក្តីជូនដំណឹងរបស់ ទីស្តីការគណៈរដ្ឋមន្ត្រី ចុះថ្ងៃទី ០៧ ឧសភា ដោយមានចំណាពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទីស្តីការគណៈរដ្ឋមន្ត្រីបានប្រគល់ភារកិច្ចឲ្យក្រសួងធនធានទឹកនិងឧត្តុនិយម របស់លោក លឹម គានហោ ពិភាក្សាជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីផ្តល់មតិ ជុំវិញសំណើរបស់ក្រុមហ៊ុនទ្រីភាព។ ក្រុមហ៊ុនទ្រីភាព ដែលបានស្នើសុំគោលការណ៍ពីរដ្ឋាភិបាលកម្ពុជា ដើម្បីអនុញ្ញាតចុះសិក្សា បូមស្តារ និងធ្វើច្រាំងទន្លេមេគង្គ ចាប់ពីចំណុចមាត់ច្រកព្រំដែនកម្ពុជា វៀតណាម (ក្អមសំណ) រហូតដល់ចំណុចភូមិសាស្ត្រព្រំប្រទល់ខេត្តកំពង់ចាម ក្រចេះ និងតាមដងទន្លេបាសាក់ ក្រោមយុទ្ធសាស្ត្រ «ទន្លេចិញ្ចឹមទន្លេ»។ បើយោងតាមការផ្សព្វផ្សាយដោយកាសែតក្នុងស្រុក ក្រុមការងារក្រសួងធនធានទឹកនេះ បានបញ្ចប់ការសិក្សាលើដំណាក់កាលទី១ និងទី២រួចហើយ។ ប៉ុន្តែនៅមិនទាន់សម្រេចយ៉ាងណានៅឡើយទេ។
ក្នុងនាមជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ លោក ពេជ្រ ស្រស់ បានអះអាងថា លោកបារម្ភថា ក្រោមពាក្យ បូមស្តារ ក្រុមហ៊ុននេះ នឹងបូមខ្សាច់លក់ ហើយធ្វើឲ្យបាក់ច្រាំងទន្លេ ដូចមានការចោទប្រកាន់កន្លងមកថា ក្រោមគម្រោងដីសម្បទានសេដ្ឋកិច្ច បែរជាកាប់ឈើលក់ទៅវិញ។ ភ្ជាប់ជាមួយនឹងរឿងនេះ ក្រុមយុវជនដែលធ្វើការងារលើបញ្ហាបរិស្ថាន ក៏គ្រោងដាក់ញត្តិទៅក្រសួងបរិស្ថាន និងក្រសួងពាក់ព័ន្ធមួយចំនួនទៀត ដោយស្នើឲ្យស្ថាប័នទាំងនោះ កុំទទួលយកគម្រោងយុទ្ធសាស្ត្រទន្លេចិញ្ចឹមទន្លេ របស់ក្រុមហ៊ុន ទ្រី ភាព ដោយពួកគេប្តេជ្ញាថា នឹងបន្តធ្វើយុទ្ធនាការផ្សេងៗទៀត ដើម្បីជំទាស់ការផ្តល់អាជ្ញាប័ណ្ណធ្វើអាជីវកម្មបូមខ្សាច់តាមដងទន្លេមេគង្គនេះ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ