សមាគមអ្នកចិញ្ចឹមសត្វ៖ ការនាំជ្រូកចូលពីវៀតណាមលែងមាន ខណៈការនាំចូលពីថៃនៅតែបន្ត
សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា ឲ្យដឹងថាតម្លៃជ្រូករស់បានឡើងថ្លៃចាប់តាំងពីខែមេសា មករហូតដល់ពេលនេះ ខណៈកម្ពុជាលែងមានការនាំចូលជ្រូករស់ពីប្រទេសវៀតណាម តែបន្តនាំចូលពីប្រទេសថៃវិញ។ អ្នកចិញ្ចឹមជ្រូកបញ្ជាក់ថា ការនាំចូលជ្រូកពីប្រទេសថៃ នាពេលនេះ មិនបានធ្វើឲ្យប៉ះពាល់ដល់តម្លៃជ្រូកនៅក្នុងស្រុកនោះទេ។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
លោក ជេត ភារម្យ អនុប្រធានសមាគអ្នកចិញ្ចឹមសត្វកម្ពុជា បានអះអាងប្រាប់វិទ្យុបារាំងអន្តរជាតិនៅថ្ងៃទី៣០ ខែតុលា នេះថា តម្លៃជ្រូកបានឡើងថ្លៃ ចាប់តាំងពីខែមេសាមក ដែលជាតម្លៃល្អ សម្រាប់អ្នកចិញ្ចឹមជ្រូកនៅកម្ពុជា។
បើតាមអនុប្រធានសមាគមអ្នកចិញ្ចឹមសត្វរូបនេះ បច្ចុប្បន្នកម្ពុជានៅតែបន្តនាំចូលជ្រូកពីប្រទេសថៃ ប៉ុន្តែមិនមានការនាំចូលជ្រូកពីប្រទេសវៀតណាមទៀតទេ។ លោកបន្ថែមថា អវត្តមានជ្រូកវៀតណាម នៅក្នុងប្រទេសកម្ពុជានាពេលនេះ ដោយសារជ្រូកនៅក្នុងប្រទេសវៀតណាម មិនមានច្រើនដូចកាលពីឆ្នាំ២០១៧កន្លងទៅ។ ចំណែកជ្រូក ដែលនាំចូលពីប្រទេសថៃ មិនមានចំនួនច្រើននោះទេ ដូច្នេះការនាំចូលជ្រូកពីប្រទេសថៃ មិនបានធ្វើឲ្យប៉ះពាល់ដល់តម្លៃជ្រូក ដែលកសិករចិញ្ចឹមក្នុងស្រុកឡើយ។
យោងតាមតារាងតម្លៃជ្រូក ដែលចេញផ្សាយដោយសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា នៅថ្ងៃទី២៦ ខែតុលា តម្លៃជ្រូកថ្លៃបំផុត គឺមានតម្លៃ ៩ ៤០០រៀល ក្នុងខេត្តព្រះសីហនុ និងតម្លៃជ្រូកទាបបំផុត គឺមានតម្លៃ៨០០០រៀល ក្នុងមួយគីឡូក្រាម ក្នុងខេត្តសៀមរាប, ព្រះវិហារ, និងរតនៈគិរី។ ចំណែកក្រុងភ្នំពេញ ជ្រូករស់មានតម្លៃ ៨ ៤០០រៀល ក្នុងមួយគីឡូក្រាម។
សូមរំឭកជូនថា កាលពីឆ្នាំ២០១៧កន្លងទៅ តម្លៃជ្រូកនៅក្នុងប្រទេសកម្ពុជា បានធ្លាក់ថ្លៃដល់កម្រិតទាបបំផុត ដែលបានធ្វើឲ្យអ្នកចិញ្ចឹមជ្រូកខាតបង់ និងបោះបង់ការចិញ្ចឹមជ្រូកចោល។ ការធ្លាក់ថ្លៃកាលពីពេលនោះ ត្រូវបានសមាគមអ្នកចិញ្ចឹមសត្វអះអាងថា មកពីការនាំចូលជ្រូកខុសច្បាប់ពីប្រទេសវៀតណាម។ តម្លៃជ្រូកក្នុងស្រុកមានតម្លៃប្រមាណ ៦ ៤០០រៀល ទៅ ៧ ០០០រៀល។
វិទ្យុបារាំងអន្តរជាតិមិនអាចសុំការបំភ្លឺបន្ថែមពីក្រសួងកសិកម្មបានទេនៅថ្ងៃទី៣០ ខែតុលានេះ។ បើតាមសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បច្ចុប្បន្ននេះ កម្ពុជានាំចូលសត្វជ្រូកប្រមាណ២ ០០០ក្បាល ក្នុងមួយថ្ងៃ ដោយសារកម្ពុជាមិនទាន់មានលទ្ធភាពផ្គត់ផ្គង់ ឲ្យបានគ្រប់គ្រាន់នៅឡើយ ម្យ៉ាងដោយសារកាលពីឆ្នាំមុនអ្នកចិញ្ចឹមជ្រូកបានបោះបង់ការចិញ្ចឹមជ្រូកច្រើន ដោយសារតម្លៃជ្រូកធ្លាក់ចុះ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ