កម្ពុជា

លោក ហ៊ុន សែន៖ អ្នក​សារព័ត៌មាន​មិន​ត្រូវ​ស្តាំ​ពេក និង​មិន​ត្រូវ​ឆ្វេង​ពេក

លោក​ ហ៊ុន សែន ក្នុង​ជំនួប​ជា​មួយ​អ្នក​កាសែត ​កាលពីថ្ងៃទី២១ ខែ មករា ឆ្នាំ២០១៨
លោក​ ហ៊ុន សែន ក្នុង​ជំនួប​ជា​មួយ​អ្នក​កាសែត ​កាលពីថ្ងៃទី២១ ខែ មករា ឆ្នាំ២០១៨ PM Facebook

លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន កាល​ពីថ្ងៃ​ទី២១ ខែ​មករា ក្នុង​ជំនួប​ប្រចាំ​ឆ្នាំ​ជា​មួយ​អ្នក​កាសែត និង​មន្ត្រី​ព័ត៌មាន​ជាង​៣,៤០០​នាក់ បាន​លើក​ឡើង​ថា អ្នក​សារព័ត៌មាន​មិន​ត្រូវ​ប្រកាន់​ស្តាំ​ពេក ឬ​ឆ្វេងពេក​នោះ​ទេ ហើយ​ត្រូវ​ជ្រើស​រើស​យក​ចលនា​និយម​កណ្តាល ដែល​គេ​អាច​ទទួល​យក​បាន​គ្រប់ៗ​គ្នា។ ជំនួប​ប្រចាំ​ឆ្នាំ​លើក​ទី២ នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​កម្ពុជា​រង​ការ​រិះគន់​ថា​បាន​បិទ​ស្ថាប័ន​សារព័ត៌មាន​មួយ​ចំនួន​។​

ផ្សាយពាណិជ្ជកម្ម

បើ​តាម​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ចលនា​ឆ្វេង​និយម ឬ​ចលនា​ស្តាំ​និយម គឺ​សុទ្ធ​តែ​ជា​ចលនា​ខុស​ទាំង​អស់ ដូច្នេះ​សម្រាប់​អ្នក​សារ​ព័ត៌មាន ឬ​ស្ថាប័ន​សារព័ត៌មាន​មិន​ត្រូវ​ស្តាំពេក ហើយ​ក៏​មិន​ត្រូវ​ឆ្វេង​ពេក ហើយ​ត្រូវ​ហ៊ាន​និយាយ​ការ​ពិត និង​មិន​ត្រូវ​ធ្វើ​ជា​ចៅ​ក្រម​កាត់​សេច​ក្តី​ទេ។

លោក ហ៊ុន សែន អះអាង​ថា​លោក​ចង់​បាន​ស្ថាប័ន​ព័ត៌​មាន​ទាំង​រដ្ឋ និង​ឯក​ជន គឺ​ជា​កញ្ចក់​ថ្លា​ឆ្លុះ​បញ្ចាំង​ការ​ពិត និង​មាន​តម្លាភាព​ក្នុង​សង្គម បច្ចុប្បន្ន ជា​ពិសេស​ក្នុង​ពេល​វេលា​ដែល​លោក​កំពុង​កាន់​កាប់​តំណែង​ជានាយក​រដ្ឋ​មន្រ្តី។ លោក ហ៊ុន សែន បន្ត​ថា​លោក​ចង់​បាន​ព័ត៌មាន​ច្បាស់​លាស់ ដែល​ផ្តល់​ព័ត៌មាន​ពិត​ប្រាកដ​ជឿ​ទុកចិត្ត​បាន នឹង​មាន​ការ​ពន្យល់​ច្បាស់​លាស់​ទៅ​កាន់​ប្រជា​ពលរដ្ឋ​អោយ​បាន​ដឹង​ពិត​ប្រាកដ​គ្រប់ៗ​គ្នា។

លោក​នាយក​រដ្ឋ​មន្ត្រី​បន្ថែម​ថា លោក​ក៏​ចង់​បាន​សារ​ព័ត៌មាន ដែល​ចេះ​ចូល​រួម​ជួយ​រិះគន់​ស្ថាបនា​ពិត​ប្រាកដ​ដល់​សង្គម​ជាតិ រួម​ទាំង​គោល​នយោបាយ​រដ្ឋាភិបាល​តាម​ក្រសួង​នានា ដែល​បាន​ដាក់​ចេញ តើ​បាន​ធ្វើ​ឲ្យ​មាន​ប្រសិទ្ឋ​ភាព​ដល់​កម្រិត​ណា និង​ចូល​រួម​ផ្សព្វផ្សាយ​ពី​ការ​រីក​ចម្រើន​របស់​កម្ពុជា​។

បើ​តាម​លោក​ហ៊ុន សែន កម្ពុជា​មាន​សារព័ត៌មាន​៣​ប្រភេទ ដែល​ត្រូវ​បាន​ក្រសួងព័ត៌មាន​ចាត់​វិធានការ​ ក្នុងនោះ​រួម​មាន​សារព័ត៌មាន​ប្រភេទី​១ គឺ​សារព័ត៌មាន​ជម្រិត​ទារប្រាក់​គេ ទី​២ ព័ត៌មាន​អត់ច្បាប់ មិន​គោរព​ច្បាប់ និង​បន្លំ​ប្រាក់​មិន​បង់​ពន្ធ និង​ទី៣ គឺ​ព័ត៌មាន​មាន​តែ​ឈ្មោះ​តែ​គ្មាន​សកម្មភាព។

សូម​រំឮក​ថា នៅ​ក្នុង​របាយ​ការណ៍​សេរីភាព​ក្នុង​ពិភព​លោក​ឆ្នាំ​២០១៨ ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី១៦​មករា អង្គការ Freedom House បាន​ចាត់​ទុក​ប្រទេស​កម្ពុជា​ថា ជា​ប្រទេស​មិន​មាន​សេរីភាព​។ ពោល បើ​តាម​របាយ​ការណ៍ កម្ពុជា​ទទួល​បាន​ពិន្ទុ​៣០ពិន្ទុ​ប៉ុន​ណោះ នៅ​លើ​ពិន្ទុ​សរុប​១០០ពិន្ទុ ថយ​ចុះ ១ពិន្ទុ​បើធៀប​ទៅ​នឹង​ចំណាត់​ថ្នាក់ឆ្នាំ​មុន។

Freedom House បាន​លើក​ឡើង​ថា​ស្ថាន​ភាព​សេរីភាព​នៅ​កម្ពុជា​ទទួល​មាន​ទំនោរ​ធ្លាក់​ចុះ ដោយ​សារ​តែ​ការ​បង្ក្រាប​ជា​បន្ត​បន្ទាប់​ទៅ​លើ​គណបក្ស​ប្រឆាំង ការ​ចោទ​ប្រកាន់​លើ​ថ្នាក់​ដឹក​នាំ​នៃ​គណបក្ស​នោះ​ថា​ក្បត់​ជាតិ ការ​បិទទ្វារ​នៃ​កាសែត The Cambodia Daily និង​អវត្តមាន​វិទ្យុ​អន្ដរជាតិ​មួយ​ចំនួន​នៅ​លើ​ហ្វ្រេកង់​ផ្សាយ​ជា​ដើម។ ទោះយ៉ាងណា នៅ​ក្នុង​ជំនួប​ជា​មួយ​អ្នក​សារព័ត៌មាន​នៅ​ដើម​ឆ្នាំ​នេះ ការ​លើក​ឡើង​និង​ការ​រិះគន់​ របស់ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ទៅ​លើ​ចំណុច​អវិជ្ជមាន នៃ​សារព័ត៌មាន​ដែល​មិន​បំរើ​សង្គម​មួយ​ចំនួន ត្រូវ​គេ​មើល​ឃើញ​ថា ជា​ផ្នែក​មួយ​នៃ​ការ​ជួយ​ស្រោច​ស្រង់​ធ្វើ​ឲ្យ​ប្រសើរ​ឡើង ទៅ​លើ​សេរីភាព​សារព័ត៌មាន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ទៅ​អនាគត​ផង​ដែរ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI