ទស្សនៈព្រឹត្តិការណ៍ខ្មែរ

ប៉ូលិស​ចរាចរណ៍ ត្រូវ​កែប្រែ​បន្ថែម​ទៀត ដើម្បី​ឲ្យ​សក្តិសម​នឹង​ពានរង្វាន់​អន្តរជាតិ!

សំឡេង ០៤:៤០
នគរបាល​ចរាចរណ៍​ផ្លូវ​គោក ​ចាប់​ផ្តើម​ត្រួត​ពិនិត្យ ​យាន​យន្ត​នៅ​តាម​ដង​វិថី។
នគរបាល​ចរាចរណ៍​ផ្លូវ​គោក ​ចាប់​ផ្តើម​ត្រួត​ពិនិត្យ ​យាន​យន្ត​នៅ​តាម​ដង​វិថី។ @siv channa

ថ្មីៗ​នេះ មន្ត្រី​នរគបាល​ចរាចរណ៍ ​បាន​ផាកពិន័យ​លោក​ទេស​រដ្ឋ​មន្ត្រី ឱម យ៉ិនទៀង ដោយសារ​ជិះរថយន្ត​​មិន​ពាក់​ខ្សែក្រវ៉ាត។ គេ​សង្កេត​ឃើញថា​ តាំងតែ​ពីដាក់​ឲ្យ​ប្រើ​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ថ្មី​មក ប៉ូលិស​ចរាចរណ៍ ហាក់មាន​ភាព​​ក្លាហាន​ជាង​មុន។ ពោលគឺ​ហ៊ាន​ ​ផាកពិន័យ​ចំពោះ​អ្នក​តំណាងរាស្ត្រ និង​មន្ត្រី​ធំៗ រាប់​ទាំង​នាយករដ្ឋមន្ត្រី​ផង ដែល​ល្មើស​នឹង​ច្បាប់​ចរាចរណ៍។ ទោះ​យ៉ាងនេះក្តី គឺមាន​ចំណុច​មួយ​ចំនួន​ទៀត ដែល​ប៉ូលិស​ចរាចរណ៍ ត្រូវ​ប្រឹងប្រែង​កែ​លម្អ​បន្ថែមទៀត ដើម្បី​​ឲ្យ​សក្តិសម​នឹង​ពានរង្វាន់​អន្តរជាតិ​សុវត្ថិភាព​ចរាចរណ៍ ពី​ប្រទេស​អង់គ្លេស។  

ផ្សាយពាណិជ្ជកម្ម

​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ថ្មី​ បានដាក់​ឲ្យ​ប្រើ​ជិត​ពេញ​១ឆ្នាំហើយ។ ក្នុង​រយៈ​ពេល​នេះ គេ​មើលឃើញថា មន្ត្រី​នគរបាល​ចរាចរណ៍ មាន​សេចក្តី​ក្លាហាន​ជាង​មុន គឺ​​ហ៊ាន​បង្គាប់​អ្នក​តំណាង​រាស្ត្រ​មួយ​ចំនួន ទាំង​មកពី​បក្ស​កាន់អំណាច និង​តំណាង​រាស្ត្រ​ប្រឆាំង​ ឲ្យ​បង់​ពិន័យ​ចំពោះ​បទ​ល្មើស​ច្បាប់​ចរាចរណ៍។ ពេល​ថ្មីៗនេះ គឺប៉ូលិស​ចរាចរណ៍​ហ៊ាន​ទៅ​ដល់ ​ផាកពិន័យ​ទេសរដ្ឋមន្ត្រី ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ ថែមទៀត។ ហើយ​គេ​ក៏​មិន​ភ្លេច​ដែរ ​សូម្បីតែ​ប្រមុខ​រដ្ឋាភិបាល និង​មន្ត្រី​ផ្សេងៗ ក៏ត្រូវ​​ចូលទៅ​បង់ពិន័យ​ជា​ហូរ​ហែរ​មកហើយ​។​

នេះ​បើ​ទោះ​បី​ជា​មានមហាជន​​ខ្លះគិត​​​ថា ករណី​ទាំង​នោះ​ គឺ​ជាការ​ធ្វើ​ឲ្យ​ល្អ​មើលរបស់​អ្នក​មាន​អំណាច​ ឬចេះតែ​ទៅបង់ពិន័យទៅ​ដើម្បី​​កុំឲ្យ​គេ​រិះ​គន់ពេក ឬ​ក៏​បុគ្គល​ទាំងនោះ មាន​ស្មារតី​គោរព​ច្បាប់​ដោយ​ខ្លួន​ឯង​ក្តី ប៉ុន្តែ​​ទោះយ៉ាងណា​ក្តី នេះក៏ជា​សេចក្តី​ក្លាហាន​មួយដែរ​ របស់​ក្រុម​ប៉ូលិស​ចរាចរណ៍ ដែល​ហ៊ាន​សរសេរ​ផាកពិន័យ និង​ហ៊ាន​តតាំង​ចំពោះ​មុខ​អ្នក​មាន​អំណាច​ ហើយ​​បំពាន​ច្បាប់។

ក្រៅពី​សេចក្តី​ក្លាហាន​នេះ គឺ​កិច្ច​ការ​ងារ​របស់​មន្ត្រី​​ចរាចរណ៍ ត្រូវ​បាន​កែ​ប្រែ​យ៉ាង​ច្រើន ពិសេស​គឺការ​បង់​ផាកពិន័យ​ដែល​តម្រូវ​ឲ្យ​អ្នក​ប្រព្រឹត្តល្មើស​ ត្រូវចូល​ខ្លួន​ទៅ​បង់​ប្រាក់​ពិន័យ​នៅ​ការិយាល័យ​ប៉ូលិស​ចរាចរណ៍​ជើង​គោក ដោយ​ខ្លួន​ឯង​។ ចំណែក​ឯ​ការ​ដាក់​បញ្ចូល​ ​មន្ត្រី​​ចរាចរណ៍ភេទ​ស្រីសម្រាប់​បម្រើ​ការងារ​ ក៏ទំនង​ជា​អាច​ធ្វើ​ឲ្យ​មាន​ភាព​ទន់​ភ្លន់​ជាង​មុន ក្នុង​ការ​ពន្យល់ណែនាំ​អ្នក​បើកបរ​ដែល​ល្មើស​ច្បាប់​។

លើសពី​នេះ​ ប៉ូលិស​ចរាចរណ៍ ហាក់​ខំ​ប្រឹង​ប្រែង​ច្រើនជាង​មុន​ ដូច​ដែល​គេ​​ឃើញ​ថា​ពួក​គាត់​ធ្វើការ​តាម​ផ្លូវ ទាំង​ក្រោម​កម្តៅថ្ងៃ ហាលភ្លៀង​ហាល​ខ្យល់​ ហើយ​យប់អធ្រាត្រ​ ក៏នៅតែ​ចុះ​​ទៅត្រួត​​ពិនិត្យ​អ្នក​បើក​បរ​ដែលសេព​គ្រឿង​ស្រវឹង​ទៅទៀត។ ទាំង​នេះ សុទ្ធតែ​ជា​គុណ​សម្បត្តិ​របស់​ប៉ូលិស​ដែល​គេ​មិនគួរ​មើល​រំលងនោះទេ​​។​

ទោះបី​ជា​មាន​ចំណុច​ល្អ​ហូរហែ​យ៉ាង​ណា​ក៏ដោយ ក៏​នៅមាន​ចំណុច​អសកម្ម​ខ្លះ​ដែរ ដែល​មន្ត្រី​នគរបាល​ចរាចរណ៍​ត្រូវ​ប្រឹង​ប្រែង​កែសម្រួល​បន្ថែមទៀត។

ទី១ ជុំវិញ​ការ​ផាក​ពិន័យ​តែម្តង។ ​ពលរដ្ឋ​មួយ​ចំនួនអះអាង​ថា ប៉ូលិស​ចរាចរណ៍ នៅតែ​បន្ត​ឆ្លៀត​កេញ​ចំណេញ​ តាមរយៈ​ឲ្យ​អ្នក​បើកបរ​ល្មើស​ច្បាប់ បង់​លុយ​ក្រៅផ្លូវការ​ គ្មាន​វិក្កយបត្រ​ត្រឹមត្រូវ។ ការ​​ឲ្យ​លុយនេះ គឺជា​ថ្នូរ​នឹង​ការ​សម្រប​សម្រួលគ្នា​​ចំពោះ​ករណី​ល្មើស​ខ្លះ ដែល​ត្រូវ​បង់​ប្រាក់​ច្រើន មក​បង់​តិត​តួច​ ដោយ​គ្មាន​បង្កាន់ដៃ​ផាកពិន័យ​ជា​ដើម។​ ​ប៉ូលិស​ចរាចរណ៍ខ្លះ ត្រូវ​ពលរដ្ឋ​ចោទ​ថា បាន​និយាយ​បញ្ចុះ​បញ្ចូល​ឲ្យ​អ្នក​ប្រព្រឹត្តល្មើស​បង់​លុយ​ក្រៅ​ផ្លូវការ​​ ព្រោះថា​បើ​បង់​ពិន័យ​ដោយ​មាន​វិក្កយបត្រ​ និង​បង់​លុយ​តាម​កិច្ច​តម្រូវ​នៃច្បាប់​ គឺមាន​ចំនួន​ច្រើន​ជាង​ធម្មតា និង​ត្រូវ​ខាត​ពេលវេលា​ទៅបង់​ពិន័យ​នៅ​ការិយាល័យ​ប៉ូលិស​ចរាចរណ៍ជើង​គោកថែមទៀត​​​។​ នេះបើ​តាម​ការ​សង្កេត​របស់​ពលរដ្ឋ​មួយ​ចំនួន​ ដែល​ជួប​ករណី​នេះ​ដោយ​ផ្ទាល់​ផង។

ចំណុច​ទី២ គឺ​​មន្ត្រី​ចរាចរណ៍​ខ្លះ នៅតែ​បន្ត​យក​លុយ​ពី​អ្នក​បើក​ឡាន​ដឹក​ទំនិញ ឬ​ដឹក​អ្នក​ដំណើរ​។ លុយ​នេះ គឺគេ​​មិនដឹង​ថា ត្រូវ​ចូល​ហិ​ប​ថវិកាជាតិ ឬ​ហោប៉ាវ​បុគ្គល​ឯកជន​នោះទេ។ ចំណុច​នេះ គឺត្រូវ​បាន​ពលរដ្ឋ​ដាក់​ការ​សង្ស័យលើស​មន្ត្រី​ខ្លះ​ ដែល​ជា​ត្រីងៀត​ឆ្លៀត​ពង​។​
ចំពោះ​ការលាភសក្ការៈ​​ពី​ឡានដឹកទំនិញ​​នេះដែរ ប៉ូលិស​ត្រួត​ពិនិត្យ​ចរាចរណ៍មួយ​ចំនួន ត្រូវ​ពលរដ្ឋ​រាយការណ៍ថា បាន​ទាមទារ​លាភសក្ការៈ​ ឬ​ប្រើ​ឯក​សណ្ឋាន​មន្ត្រី​​ ទៅ​កាក់ឡានដើម្បី​​សុំ​នេះសុំ​នោះដែល​មាន​នៅ​លើ​រថយន្ត​។ ដូច​ជា​រថយន្ត​ដឹក​មាន់ ក៏​ប៉ូលិស​សុំ​យក​មាន់​មួយ​ក្បាលពីរ​ក្បាល​ ជា​ដើម​ដែរ​។​ នេះ​បើ​តាម​ការ​លើកឡើង​របស់​អ្នក​ដំណើរ​មួយ​ចំនួន ដែល​បាន​ជួប​ហេតុការណ៍​ផ្ទាល់​ភ្នែក​។

ចំណុច​ទី​៣ គឺ​ពាក់ព័ន្ធ​នឹង​ពាក្យ​សម្តី​របស់​មន្ត្រី​នគរ​បាល​ចរាចរណ៍​តែម្តង ដែល​ត្រូវ​ពលរដ្ឋ​រិះគន់​ជាទូទៅ ថា​មាន​ពេលខ្លះ គឺ​អសុជីវធម៌ ហើយ​មាន​លក្ខណៈ​គំរាម​ និង​សម្លុត​ជា​ដើម។

ជារួម​មន្ត្រី​នរគបាល​ចរាចរណ៍​មួយ​ចំនួន​ បាន​ខិត​ខំ​កែទម្រង់​ខ្លួន​ឯង​បាន​ច្រើនហើយ ​នៅ​ឡើយ​តែ​ចំណុច​អសកម្មមួយ​ចំនួន​តូច​​ទៀត​តែប៉ុណ្ណោះ ដែល​មិនទាន់អាច​​កែប្រែ​បាន​ល្អ​ប្រសើរ​។ ផ្ទុយ​ទៅវិញ ចំណុច​ខ្វះ​ចន្លោះ​ខ្លះ​តិច​តួច​របស់​មន្ត្រី​ចរាចរណ៍​ ប៉ុន្តែ​​វាអាច​នឹង​ធ្វើ​ឲ្យ​ល្អក់កករខ្លាំង ប៉ះពាល់​​ទៅ​ដល់​ពាន​រង្វាន់​អន្តរជាតិ​ខាង​សុវត្ថិភាព​ចរាចរណ៍ ផង​ក៏​អាច​ថា​បាន​៕ 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI