កម្ពុជា

លោក ហ៊ុន សែន៖ កម្លាំង​ប្រដាប់​អាវុធ​មិនអាច​អព្យាក្រឹត​រវាង​បក្ស​និង​រដ្ឋាភិបាល​ទេ

អាជ្ញាធររាជធានីភ្នំពេញ ដករបងបន្លាលួស ចេញពីទីលានប្រជាធិបតេយ្យ។
អាជ្ញាធររាជធានីភ្នំពេញ ដករបងបន្លាលួស ចេញពីទីលានប្រជាធិបតេយ្យ។ RFI/Siv Channa

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​សារ​នយោបាយ​មួយ​នៅថ្ងៃនេះ​ដោយ​បញ្ជាក់ថា កងកម្លាំងប្រដាប់អាវុធ​គឺជា​ឧបករណ៍​ការពារ​រដ្ឋ​ធម្មនុញ្ញ។ ក្នុងន័យនេះ កង​កម្លាំង​ប្រដាប់​អាវុធ មិនអាច​ស្ថិតនៅ​អ​ព្យា​ក្រិត​រវាង​គណបក្សនយោបាយ​និង​រដ្ឋាភិបាល​បានទេ។ សារ​នយោបាយ​​បែបនេះ​បានធ្វើ​ឡើង​នាឱកាស​បិទ​មហាសន្និបាត​បូកសរុប​របស់​ក្រសួងមហាផ្ទៃ​នៅ​រសៀល​ថ្ងៃ​ពុធ​នេះ​នៅឯ​ទីស្តីការក្រសួង។

ផ្សាយពាណិជ្ជកម្ម

 

កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ​អាច​ស្ថិតនៅ​អព្យាក្រឹត​ចំពោះមុខ​ជម្លោះ​រវាង​គណបក្សនយោបាយ ប៉ុន្តែ មិនអាច​អព្យាក្រឹត​ចំពោះមុខ​ជម្លោះ​រវាង​បក្សនយោបាយ​និង​រដ្ឋាភិបាល​បានទេ។ នេះ​ជា​សារ​នយោបាយ​ដែល​លោក​នាយករដ្ឋមន្ត្រី​រសៀល​នៅ​ថ្ងៃ​ពុធ​ទី ២៥ កុម្ភៈ​នេះ។

នៅ​ចំពោះមុខ​មន្ត្រីនគរបាល​ក្រសួងមហាផ្ទៃ លោកនាយក​រដ្ឋមន្ត្រី​បាន​សង្កត់ធ្ងន់ថា កម្លាំង​ប្រដាប់​អាវុធ​គឺជា​ឧបករណ៍​ការពារ​រដ្ឋ​ធម្មនុញ្ញ។ ដូច្នេះ បើ​មាន​អ្នកណា​បំពាន​លើ​រដ្ឋាភិបាល កម្លាំងប្រដាប់អាវុធ​ធ្វើ​សកម្មភាព​ភ្លាម​ដើម្បី​ការពារ។ សារ​​របស់​លោកនាយក​រដ្ឋមន្ត្រី​បានធ្វើ​ឡើង​ដើម្បី​ឆ្លើយតប​នឹង​ការរិះគន់​អំពី​កង្វះ​អព្យាក្រឹតភាព​របស់​កង​កម្លាំងប្រដាប់អាវុធ​នៅ​កម្ពុជា។

លោក ហ៊ុន សែន ក៏បាន​រម្លឹក​ផងដែរ​អំពី​ព្រឹត្តិការណ៍​កាលពី​ឆ្នាំ ២០១៣ កន្លងទៅ​ដែល​សង្គម​ស៊ីវិល​មួយចំនួន​បាន​ដើរ​ចែក​ផ្កា និង​នំចំណី​ដល់​កម្លាំងប្រដាប់អាវុធ​ដើម្បី​កុំ​ឲ្យ​ពួកគេ​ប្រើ​ហិង្សា​​​ទៅលើ​បាតុករ។  ប៉ុន្តែ សម្រាប់​ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល ប្រសិនបើ​មានការ​បំពាន​ទៅលើ​រដ្ឋាភិបាល និង​ទៅលើ​សណ្តាប់ធ្នាប់​សាធារណៈ កម្លាំងប្រដាប់អាវុធ​មិនអាច​នៅ​ស្ងៀម​បានទេ។

គួរ​កត់សម្គាល់ថា នៅ​កម្ពុជា​កងកម្លាំងប្រដាប់អាវុធ​បាន​រង​ការរិះគន់​ជាទូទៅ​ថា​លម្អៀង​ទៅ​រក​​​គណបក្សកាន់អំណាច។ លម្អៀង​ពីព្រោះថា មន្ត្រី​ប្រដាប់អាវុធ​ជាច្រើន​គឺជា​សមាជិក​ជាន់​ខ្ពស់​​រ​បស់​គណបក្ស​ប្រជាជន​កម្ពុជា។ រដ្ឋាភិបាល​ក៏​តែង​ប្រើប្រាស់​កម្លាំងប្រដាប់អាវុធ​ដើម្បី​បង្ក្រាប​​​បាតុកម្មធំៗដូចជា​បាតុកម្ម​កាលពីដើម​ខែម​ករា​ឆ្នាំ ២០១៤ ជាដើម។ ការបង្ក្រាប​នោះ​បាន​​រង​​ការរិះគន់​យ៉ាងខ្លាំង​ថា កម្លាំងប្រដាប់អាវុធ​ជា​ឧបករណ៍​របស់​គណបក្ស​កាន់​អំណាច។

ប៉ុន្តែ បើ​យោងតាម​សារ​របស់​លោកនាយករ​ដ្ឋ​មន្ត្រី ហ៊ុន សែន នៅថ្ងៃនេះ ប្រតិបត្តិការ​របស់​ក​ម្លាំ​ង​ប្រដាប់អាវុធ​គឺ​ដើម្បី​ការពារ​រដ្ឋធម្មនុញ្ញ ការពារ​សណ្តាប់ធ្នាប់​សាធារណៈ និង​ការពារ​រដ្ឋាភិបាល​តែប៉ុណ្ណោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI