ទស្សនៈព្រឹត្តិការណ៍ខ្មែរ

អ្នក​នយោបាយ​ខ្មែរ​និយម​ប្រកួត​ប្រជែង​គ្នា​ដោយ​ទម្លាប់​ចាស់​គំរិល

សំឡេង ០៣:៥២
រូបភាពចាស់៖ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោក សម រង្ស៊ី ចាប់ដៃគ្នា ក្រោយជួបប្រជុំកិច្ចព្រមព្រៀងនយោបាយកាលពីខែកក្កដា ឆ្នាំ២០១៤
រូបភាពចាស់៖ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោក សម រង្ស៊ី ចាប់ដៃគ្នា ក្រោយជួបប្រជុំកិច្ចព្រមព្រៀងនយោបាយកាលពីខែកក្កដា ឆ្នាំ២០១៤ @RFI

នៅ​ក្នុង​ប្រវត្តិសាស្ត្រ​ខ្មែរ គេ​បាន​ដឹង​បាន​យល់​រួច​ហើយ​ថា អ្នក​នយោបាយ​ខ្មែរ​មាន​ទម្លាប់​ចាស់​គំរិល ដោយ​ព្រម​ធ្វើ​អ្វី​គ្រប់​បែប​យ៉ាង​ទាំង​អស់​ដើម្បី​ទទួល​បាន​អំណាច ​បើ​ទោះ​បី​ជា​ទង្វើ​នោះពិស​ពុល​យ៉ាង​ណា​ក៏​ដោយ​។ វា​ជា​រឿង​ដែល​គួរ​ឲ្យ​សោក​ស្ដាយ​ដែល​រហូត​មក​ទល់​បច្ចុប្បន្ន ទម្លាប់​ចាស់​គំរិល​ក្នុង​ការ​ធ្វើ​នយោបាយ​ដូច្នេះ នៅ​មិន​ទាន់​ទៅ​ណា​ឆ្ងាយ​ពី​អ្នក​នយោបាយ​ខ្មែរ​​នៅ​ឡើយ​។

ផ្សាយពាណិជ្ជកម្ម

បច្ចុប្បន្ន បើ​ទោះ​ជា​កម្ពុជា​ទទួល​វប្បធម៌​នយោបាយ​ថ្មី ប្រជាធិបតេយ្យ សេរី ពហុបក្ស​ក៏​ដោយ ក៏​ទម្លាប់​ធ្វើ​នយោបាយរបស់​អ្នក​នយោបាយ​ខ្មែរ ​ហាក់​មិន​ទាន់​មាន​អ្វី​ប្រែប្រួល​ធំដុំ​នៅ​ឡើយ​ទេ។ អ្នក​នយោ​បាយ​ខ្មែរ​តែង​ប្រើ​យុទ្ធ​វិធី​ផ្តួល​គ្នា​តាម​គ្រប់​រូបភាព​ដែល​អាច​ធ្វើបាន ដើម្បី​ជ័យ​ជំនះ ដើម្បី​អំណាច បើ​​ទោះ​បីជា​ផល​វិបាក​របស់​វា​ទៅ​ជា​យ៉ាង​ណា​ក៏​ដោយ។ មាន​ទម្លាប់​ឬ​យុទ្ធ​វិធី​៣​ដែល​អ្នក​នយោបាយ​ខ្មែរ​និយម​ធ្វើ ដើម្បី​ឈ្នះ​។

ទី​១​គឺ​ទម្លាប់​ធ្វើ​នយោបាយ​ចាប់​ដៃ​ជាន់​ជើង​​​។ ការ​ធ្វើ​នយោបាយ​របៀប​នេះ កើត​ឡើង​ដោយ​សារ​តែ​ភាព​មិន​ទុក​ចិត្ត​គ្នា។ ឬ​អាក្រក់​ជាង​នេះ គឺ​ភាព​មិន​ស្មោះ​ត្រង់​នឹង​គ្នា​រវាង​អ្នក​នយោបាយ​​។ មិន​ចាំ​បាច់​រំលឹក​ប្រវត្តិសាស្ត្រ​វែង​ឆ្ងាយឡើយ។ នៅ​ក្នុង​អាណត្តិ​ទី​៥​នេះ គណបក្ស​​ជាប់​ឆ្នោត​ទាំង​ពីរ​ដែល​ធ្លាប់​ស្រុះ​ស្រួល​គ្នា​នៅ​ឆ្នាំ​២០១៤ បាន​ប្រេះឆា​បាក់​បែក​ទៅ​វិញ​។ គណបក្ស​ទាំង​ពីរ​នេះ​ចោទ​ប្រកាន់​គ្នា​ទៅ​វិញ​ទៅ​មក​ថា ប្រើ​ប្រាស់​នយោបាយ​ចាប់​ដៃ​ជាន់​ជើង​។ នយោបាយ​ចាប់​ដៃជាន់​ជើង ឬ​នយោបាយ​លាក់​កាំបិត​ស្នៀត​ពី​ក្រោយ​ខ្នង បាន​ធ្វើ​ឲ្យ​កម្ពុជា​ធ្លាក់​ក្នុង​វិបត្តិ​នយោបាយ​មិន​ចេះ​ចប់​មិន​ចេះ​ហើយ​។

ទី​២​គឺ​ទម្លាប់​ប្រើ​កម្លាំង​បាយ គំរាម​កំហែង និង​គាប​សង្កត់​​។ ទម្លាប់​ធ្វើ​នយោបាយ​ដូច្នេះ ត្រូវ​បាន​អ្នក​វិភាគ​នយោបាយនៅ​កម្ពុជា ​ហៅ​ថា ​ជា​ការ​ដឹក​នាំ​​ហួស​សម័យ។ ​ការប្រើ​ប្រាស់​អំណាច​រំលោភ​លើ​ច្បាប់ ពេល​ខ្លះ​នៅ​តែ​អាច​ធ្វើ​ទៅ​បាន។ ប៉ុន្តែ​ទង្វើ​អស់​ទាំង​នេះ មិន​អាច​លាក់​បាំង​ពី​ភ្នែក​មហាជន​បាន​ទៀត​ឡើយ នៅ​ក្នុង​យុគ​សម័យ​ដែលចំណេះដឹង​និង​​ប្រាជ្ញា​ស្មារតី​របស់​ពលរដ្ឋ​មាន​ភាព​ជឿនលឿន និង​ខណៈ​ដែល​សារព័ត៌មាន​ក៏ដូច​ជា​បណ្ដាញ​សង្គម​កំពុង​មាន​ឥទ្ធិពល​ខ្លាំង​។

ទី​៣​គឺ​ទម្លាប់​លាប​ពណ៌​ឲ្យ​ខ្មែរ​គ្នា​ឯង ហើយ​លើក​តម្កើង​និង​ពឹង​លើ​ឥទ្ធិពល​របស់​បរទេស​។ ទម្លាប់​ទាំង​អស់​នេះ​របស់​អ្នក​នយោបាយ​ខ្មែរ ធ្លាប់​បាន​ច្រាន​កម្ពុជាឲ្យ​ធ្លាក់​ទៅ​ក្នុង​វិបត្តិ​នយោបាយ​ម្ដង​ហើយ​ម្ដង​ទៀត​។ ប៉ុន្តែ​ជា​រឿង​គួរ​ឲ្យ​សោក​ស្ដាយ ដែល​ទម្លាប់​ទាំង​នេះ នៅ​តែ​មិន​ទាន់​ប្រែ​ប្រួល​នៅ​ឡើយ​រហូត​មក​ទល់​បច្ចុប្បន្ន​។

ជា​ការ​ពិត​ហើយ​ថា ក្រោយ​ៗ​មក​នេះ អ្នក​នយោបាយ​ខ្មែរ​ក៏​បាន​បង្កើត​​​វប្បធម៌​សន្ទនា​ ដែល​គេ​ជឿ​ថា អាច​ដោះ​ស្រាយ​វិបត្តិ​នយោបាយ និង​បញ្ហា​សំខាន់​ៗ​របស់​ប្រទេស​ជាតិ​បាន​។ ប៉ុន្តែ​វប្បធម៌​សន្ទនា​ថ្មី​នេះ មិន​អាច​កែ​ប្រែ​ទម្លាប់​ចាស់​គំរិល​របស់​អ្នក​នយោបាយ​ខ្មែរ​បាន​ឡើយ​។ ព្រោះ​នៅ​ទី​បំផុត វប្បធម៌​សន្ទនា​ត្រូវ​រលាយ​ដូច​អំបិល​ត្រូវ​ទឹក​ នៅ​​ពេល​អ្នក​នយោបាយ​ចាប់​ផ្ដើម​លាបពណ៌ ប្រើ​កម្លាំង​បាយ និង​ប្រើ​នយោបាយ​ចាប់​ដៃ​ជាន់​ជើង​គ្នា​ទៅ​វិញ​ទៅ​មក​​។ ចំណែក កម្ពុជា​ក៏​ត្រូវ​ធ្លាក់​ចូល​ទៅ​ក្នុង​វិបត្តិ​នយោបាយ​ជា​ថ្មី​ម្ដង​ទៀត​។

ការ​ប្រកួត​ប្រជែង​របស់​អ្នក​នយោបាយ​ដោយ​ទម្លាប់​ចាស់​គំរិល មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​ប្រទេស​ធ្លាក់​ក្នុង​វិបត្តិ​នយោបាយ​ប៉ុណ្ណោះ​ទេ វា​ថែម​ទាំង​បាន​បង្ហាញ​ប្រាប់​ពលរដ្ឋ​ម្ចាស់​ឆ្នោត អំពី​ការ​ដណ្ដើម​អំណាច​ដោយ​ទុច្ចរិត និង​ភាព​អាត្មា​និយម​របស់​អ្នក​នយោបាយ​ទៀត​ផង​។

ដូច្នេះ ចាប់​ពី​ពេល​នេះ​តទៅ អ្នកនយោបាយ​ខ្មែរ​គួរតែ​កសាង​វប្បធម៌​ថ្មី​ដើម្បី​ធ្វើការ​ជាមួយគ្នា​ឲ្យ​ បានល្អ​ប្រសើរ​ជាង​នេះ​តាម​រយៈ​​វប្បធម៌​សន្ទនា​ដោយ​ផ្អែមល្ហែម​និង​ស្មោះត្រង់​ ជំនួស​ឲ្យ​វប្បធម៌​គ្រោតគ្រាត​និង​ល្បិចកល។ សូម​កុំភ្លេចថា អ្នក​នយោ​បាយ​មិន​ត្រឹមតែ​ជា​អ្នក​កាច់ចង្កូត​ប្រទេស​ប៉ុណ្ណោះ​ទេ តែ​ក៏​ជា​គំរូ​ដល់​មហាជន​ផងដែរ​។ ​គឺ​គំរូ​ទាំង​​សិល្បៈ​ក្នុងការ​ដឹកនាំ និង​ទាំង​ទាំង​សីលធម៌។

ក្នុង​យុគសម័យ​ថ្មី​នេះ អ្នក​នយោបាយ​គួរ​តែ​បង្កើត​វប្បធម៌​ប្រកួតប្រជែង​គ្នា​ដោយ​ប្រើតែ​គោល​នយោបាយ​ បង្ហាញ​អ្នកបោះឆ្នោត​ឲ្យ​ជ្រើសរើស ​ជំនួស​ឲ្យ​ការប្រើ​ពាក្យ​សម្ដី​លាប​ពណ៌​​ ឬ​ល្បិច​​ពិស​ពុល​វាយប្រហារ​គ្នា។ ចំណែកឯ​អ្នកបោះឆ្នោត​វិញ​ក៏​គួរតែ​ជួយ​កែប្រែ​អ្នក​នយោបាយ​ដែរ។ ​គឺ​កែប្រែ​​តាមរយៈ​ការបោះ​ឆ្នោត​ឲ្យ​អ្នកនយោបាយ​ណា​ដែលមានស្នាដៃ​និង​​សីលធម៌​ល្អជា​គំរូ ​ជា​ជាង​បោះ​ឆ្នោត​ឲ្យ​អ្នក​ដែល​ពូកែ​តែប្រើ​ល្បិច ប្រើ​​ពាក្យ​សម្តី ប៉ុន្តែ​គ្មាន​គោលនយោបាយ​អ្វី​ច្បាស់​លាស់​ជា​ដុំ​កំភួន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI