អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

ការ​បែរ​មុខ​ដាក់​គ្នា​របស់​អ្នក​នយោបាយ​ជា​សញ្ញា​វិជ្ជមាន​មួយ​មុន​មាន​ការ​បោះឆ្នោត

សំឡេង ០៤:៣៩
រូបភាពចាស់៖ លោក នាយករដ្ឋមន្រ្តី ហ៊ុន សែន និង លោក សម រង្ស៊ី ក្នុងកិច្ចប្រជុំកំពូលនៅរដ្ឋសភា ថ្ងៃទី១៦ កញ្ញា ឆ្នាំ២០១៣
រូបភាពចាស់៖ លោក នាយករដ្ឋមន្រ្តី ហ៊ុន សែន និង លោក សម រង្ស៊ី ក្នុងកិច្ចប្រជុំកំពូលនៅរដ្ឋសភា ថ្ងៃទី១៦ កញ្ញា ឆ្នាំ២០១៣ RFI/Siv Channa
ដោយ៖ ញឹម សុផល
២៧ នាទី

នៅ​សល់​តែ​ជាង​ ៣​សប្តាហ៍​ទៀត​ប៉ុណ្ណោះ ឆ្នាំ​ថ្មី​ឆ្នាំ​សកល ២០១៧ នឹង​ឈាន​ចូល​មក​ដល់។ ជា​មួយ​គ្នា​នេះ ស្ថានការណ៍​នយោបាយ​ ដែល​បាន​បង្ហាញ​ឡើង​ពី​ភាព​តាន​តឹង អស់​រយៈ​ពេល​ជាង​កន្លះ​ឆ្នាំ​កន្លង​ទៅ ហាក់​ដូច​ជា​បាន​ធូរស្រាល​បន្តិច។ ភាព​ធូរស្រាល​នេះ ប្រសិន​បើ​អ្នក​នយោបាយ​យល់​ដូច​គ្នា​ថា ជា​ការ​លះបង់​អ្វី​ៗ ដែល​អាក្រក់​ឲ្យ​អស់​តាម​ឆ្នាំ​ចាស់ ហើយ​មាន​ការ​ចាប់​ផ្តើម​ឆ្នាំ​ថ្មី​ដោយ​ទឹក​មុខ​ញញឹម​ទាំង​អស់​គ្នា នោះ​ពិត​ជា​សំណាង​របស់​ប្រទេស​ជាតិ និង​ប្រជាពលរដ្ឋ​ខ្មែរ។

ផ្សាយពាណិជ្ជកម្ម

ជា​ការ​ពិត តាម​រយៈ​កាយ​វិការ និង​សកម្មភាព​របស់​អ្នក​នយោបាយ​នៃ​គណបក្ស​ ដែល​មាន​អាសនៈ​នៅ​ក្នុង​រដ្ឋសភា​ទាំង​ពីរ ​គឺ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ​មួយ​រយៈ​ចុង​ក្រោយ​នេះ ហាក់​ដូច​ជា​មាន​ការ​បែរ​មុខ​សម្លឹង​គ្នា​ខ្លះ​ៗ បន្ទាប់​ពី​ការ​បែរ​ខ្នង​ដាក់​គ្នា កន្លង​មក។

ជា​ការ​កត់​សម្គាល់ កាល​ពី​ចុង​ខែ​វិច្ឆិកា ថ្មី​ៗ​នេះ លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​និរទេស​ខ្លួន​ឯង​នៅ​ឯ​ក្រៅ​ប្រទេស បាន​ប្រកាស​គាំទ្រ ការ​សម្រេច​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន ​ក្នុង​ការ​ស្នើ​អ្នក​ជំនាញ​ខាង​ផែន​ទី​បារាំង​មក​ជួយ​ផ្ទេរ​ខ្នាត​ផែនទី​ពី ១/១០០.០០០ ទៅ ១/៥០.០០០ វិញ​ ហើយ​មេដឹកនាំ​បក្ស​ប្រឆាំង​រូប​នេះ បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​ ដោះលែង​អ្នក​ជំនាញ​ព្រំដែន​របស់​គណបក្ស​ប្រឆាំង និង​សុំ​សហការ​ជាមួយ​ពួកគេ ក្នុង​ការ​កំណត់​ខណ្ឌ​សីមា​ព្រំដែន រវាង​កម្ពុជា​ និង​វៀតណាម ដែល​តែង​តែ​មាន​ភាព​ចម្រូង​ចម្រាស​។ ការ​សរសើរ​របស់​លោក​សម រង្ស៊ី ទៅ​លើ​បញ្ជី​ចុះ​ឈ្មោះ​បោះឆ្នោត​ថ្មី​តាម​ប្រព័ន្ធ​កុំព្យូទ័រ​ថា​ជា​បញ្ជី​ឈ្មោះ​មួយ​ដ៏​ត្រឹម​ត្រូវ​អាច​ទទួល​យក​បាន​នោះ ក៏​ជា​រឿង​មួយ​ដែល​មាន​ការ​សាទរ​ដែរ ដោយ​មេដឹកនាំ​គណបក្ស​ប្រឆាំង​មួយ​ដែល​ធ្លាប់​តែ​មិន​ពេញ​ចិត្ត​បញ្ជី​ឈ្មោះ​បោះឆ្នោត​កន្លង​មក ស្វាគមន៍​នូវ​បញ្ជី​ឈ្មោះ​បោះឆ្នោត​ថ្មី​យ៉ាង​ជ្រាល​ជ្រៅ។

កាយវិការ​នេះ បើ​ទោះ​ណា​ជា​គណបក្ស​ប្រជាជន​កម្ពុជា​យល់​ព្រម ឬ​មិន​យល់​ព្រម​យ៉ាង​ណា​ក៏​ដោយ ក៏​ត្រូវ​គេ​មើល​ឃើញ​ថា ជា​ការ​ចាប់​ផ្តើម​បន្ទន់​ឥរិយាបទ​មួយ របស់​មេដឹកនាំ​បក្ស​ប្រឆាំង ខុស​ពី​ការ​លើក​ឡើង​កន្លង​មក ដែល​គេ​ពិពណ៌នា​ថា ជា​ការ​ធ្វើ​អត្ថាធិប្បាយ​បែប​ចាក់​សាំង​ទៅ​លើ​អណ្តាត​ភ្លើង។ លើស​ពី​នេះ សមាជិក​សភា​គណបក្ស​សង្គ្រោះ​ជាតិ បាន​ត្រឡប់​ចូល​ប្រជុំ​សភា​វិញ កាល​ពី​សប្តាហ៍​មុន​ដែរ ដើម្បី​ពិភាក្សា​លើ​សេច​ក្តីព្រាង​ច្បាប់​ស្តី​ពី​ការ​គ្រប់​គ្រង​ថវិកា​ឆ្នាំ ២០១៧។

ចំណុច​ដែល​មាន​ការ​កត់​សម្គាល់​ផង​ដែរ គឺ​កាល​ពី​ថ្ងៃ​ទី​ ២​ធ្នូ កន្លង​ទៅ​ថ្មី​ៗ​នេះ​ដែរ លោក កឹម សុខា ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បាន​ឃុំ​ខ្លួន​ឯង​អស់​រយៈ​ពេល​កន្លះ​ឆ្នាំ​កន្លង​មក​នេះ​ត្រូវ​ព្រះ​មហាក្សត្រ​ប្រោស​ព្រះ​រាជ​ទាន​លើក​លែង​ទោស​ដែរ តាម​ការ​ស្នើ​សុំ​ពី​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន។ ចំណុច​នេះ បើ​ទោះ​ណា​ជា​ប្រមុខ​ដឹក​នាំ​គណបក្ស​កាន់​អំណាច មិន​បាន​ធ្វើ​សំដៅ​ទៅ​លើ​ដៃគូ ដែល​មាន​គីឡូ​ស្មើ​គ្នា គឺ​លោក​សម រង្ស៊ី ក៏​កាយ​វិការ​នេះ​បង្ហាញ​នូវ​ភាព​វិជ្ជមាន និង​ការ​ទទួល​បាន​ពិន្ទុ ពី​អ្នក​តាម​ដាន​ស្ថានការណ៍​នយោបាយ​ខ្មែរ ថា​ជា​សម្បទាន​មួយ ជួយ​កាត់​បន្ថយ​កម្តៅ​នយោបាយ ដែល​ឡើង​ក្តៅ និង​ជួយ​កាត់​បន្ថយ​ភាព​ធុញ​ថប់ របស់​ប្រជាពលរដ្ឋ​ផង​ដែរ ដោយសារ​តែ​ជីវិត​រស់​នៅ​របស់​ពួក​គេ​ញ៉ាំ​ញី​ និង​ហ៊ុំព័ទ្ធ​ទៅ​ដោយ​ជំលោះ​នយោបាយ។

ចំណុច​ដែល​បង្ហាញ​ពី​ក្តី​សង្ឃឹម​របស់​ប្រជាពលរដ្ឋ​បន្ថែម​ទៀត​នោះ គឺ​ការ​អះអាង​របស់​គណបក្ស​សង្គ្រោះ​ជាតិ ពី​ការ​ចូល​ប្រជុំ​សភា​របស់​លោក កឹម សុខា នៅ​ថ្ងៃ​ពុធ​នេះ នឹង​អាច​ជា​ចំណុច​វិជ្ជមាន​មួយ​ចំនួន​ទៀត ដោយសារ​ជា​ឱកាស​ក្នុង​ការ​ស្តារ​វប្បធម៌​សន្ទនា​ឡើង​វិញ។ វប្បធម៌​សន្ទនា ដែល​គេ​សង្ឃឹម​ថា ជា​មធ្យោបាយ​តែ​មួយ​គត់​ ដែល​នឹង​អាច​ធ្វើ​ឲ្យ​គណបក្ស​ទាំង​ពីរ​បម្រើ​ជាតិ និង​ប្រជាជន​លើ​កិច្ច​ការ​ធំ​ៗ​ជា​ច្រើន។

ដោយ​មិន​គិត​ដល់​សេណារី​យោ ឬ​ជា​យុទ្ធសាស្ត្រ​នយោបាយ​របស់​គណបក្ស​ទាំង​ពីរ​យ៉ាង​ណា​នោះ​ទេ តែ​ការ​រួម​គ្នា​ធ្វើ​ការ​ដើម្បី​ជាតិ​និង​ប្រជាជន​ពិត​ៗ របស់​អ្នក​នយោបាយ នឹង​ផ្តល់​នូវ​ជំនឿ​ទុក​ចិត្ត។ ជា​ការ​ពិត ភាព​ប្រទូស​រ៉ាយ​នៃ​នយោបាយ​នឹង​មិន​នាំ​មក​នូវ​ផល​ចំណេញ​អ្វី​ទាំង​អស់​ដល់​ជាតិ​ខ្មែរ។ លើស​ពី​នេះ ប្រទេស​កម្ពុជា​ក៏​មាន​ឱកាស​កសាង​ជាតិ​ឡើង​វិញ ដែល​មិន​ឲ្យ​យឺត​ជាង​ប្រទេស​នៅ​ក្នុង​តំបន់​ឆ្ងាយ​ឡើយ។

​សរុប​មក ទោះ​ជា​សភាពការណ៍​នយោបាយ​នៅ​មិន​ទាន់ ត្រូវ​បាន​គេ​ជឿជាក់​ទាំង​ស្រុង​ថា​នឹង​ត្រឡប់​មក​រក​ភាព​ធម្មតា​យ៉ាង​ណា​នោះ ដោយ​សារ​តែ​មេដឹកនាំ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី កំពុង​នៅ​ឯ​ក្រៅ​ប្រទេស​នៅ​ឡើយ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល មន្ត្រី គ.ជ.ប និង​សកម្មជន​គណបក្ស​ប្រឆាំង​មួយ​ចំនួន​ទៀត​កំពុង​ស្ថិត​នៅ​ក្នុង​ពន្ធនាគារ​នោះ ក៏​អ្នក​តាម​ដាន​នយោបាយ​នានា​យល់​ថា ការ​មើល​មុខ​គ្នា​ចំ​របស់​អ្នក​នយោបាយ​នៃ​បក្ស​ទាំង​ពីរ​តាម​យន្តការ​រដ្ឋសភា នឹង​បង្កើត​បាន​ជា​បរិយាកាស​នយោបាយ​មួយ​ល្អ ខណៈ​ដែល​កម្ពុជា​កំពុង​តែ​ខិត​ទៅ​ជិត​ការ​បោះឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់ នៅ​ឆ្នាំ​២០១៧ និង​ការ​បោះឆ្នោត​សកល​នៅ​ឆ្នាំ​ ២០១៨ ខាងមុខ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ