អានតួអត្ថបទ
កម្ពុជា

វិសោធនកម្ម​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ចុង​ខែ​កុម្ភៈនេះ

រូបភាពចាស់៖ សាលប្រជុំនៃរដ្ឋសភាកម្ពុជា។
រូបភាពចាស់៖ សាលប្រជុំនៃរដ្ឋសភាកម្ពុជា។ RFI/ Siv Channa
ដោយ៖ ញឹម សុផល
១៨ នាទី

កិច្ច​ប្រជុំ​សភា​ជា​វិសាមញ្ញ ដើម្បី​ពិភាក្សា​លើ​វិសោធនកម្ម​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ​នឹង​អាច​ធ្វើ​ឡើង​នៅ​ចុង​ខែ​កុម្ភៈ​នេះ ឬ​យូរ​បំផុត ដើម​ខែ​មិនា​ឆ្នាំ​ ២០១៧។ មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា​ថ្លែង​ប្រាប់​អ្នក​កាសែត​ថា ក្រុម​ការងារ​ច្បាប់​របស់​គណបក្ស បាន​បញ្ចប់​រួច​រាល់​ហើយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ នូវ​ការ​រៀប​ចំ​សេចក្តី​ព្រាង​វិសោធនកម្ម​ច្បាប់​គណបក្ស​នយោបាយ ដែល​មាន ១១​ជំពូក​និង ៥០​មាត្រា។

ផ្សាយពាណិជ្ជកម្ម

អគ្គ​លេខាធិការ​រដ្ឋសភា លោក ឡេង ប៉េងឡុង បាន​ប្រាប់​វិទ្យុ​បារាំង​នៅ​ថ្ងៃ​សុក្រ​ទី ១០​កុម្ភៈ នេះ​ថា លោក​បាន​ទទួល​រួច​ហើយ​នូវ​លិខិត​ដែល​មាន​ចុះ​ហត្ថលេខា​របស់​អ្នក​តំណាង​រាស្ត្រ​ចំនួន ៦០​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​ស្នើ​សុំ​ទៅ​ប្រធាន​រដ្ឋសភា​លោក ហេង សំរិន កោះ​ប្រជុំ​គណៈ​អចិន្ត្រៃយ៍ ដើម្បី​ឈាន​ទៅ​បើក​កិច្ច​ប្រជុំ រដ្ឋសភា​ជា​វិសាមញ្ញ​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ។ លោក ឡេង ប៉េងឡុង បញ្ជាក់​ថា លិខិត​នេះ​នឹង​ផ្ញើ​ជូន​លោក ហេង សំរិន នៅ​ល្ងាច​ថ្ងៃ​សុក្រ​នេះ ដោយ​ហេតុ​ថា​ជា​ការ​ប្រញាប់។

 

ស្រប​ពេល​ជាមួយ​គ្នា​នេះ មន្ត្រី​ជាន់​ខ្ពស់​ និង​ជា​តំណាង​រាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា លោក ជាម យៀប បាន​ថ្លែង​ឲ្យ​ដឹង​ដែរ​ថា សេចក្តី​ព្រាង​វិសោធនកម្ម​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ​ត្រូវ​បាន​បញ្ចប់​កាល​ពី​ថ្ងៃ​ទី ០៩​កុម្ភៈ​ម្សិល​មិញ បន្ទាប់​ពី​មាន​ការ​ពិភាក្សា​បន្ទាន់​រវាង​ក្រុម​អ្នក​ច្បាប់​មក​ពី ក្រសួង ស្ថាប័ន​មាន​សមត្ថកិច្ច និង​រដ្ឋសភា​ជាតិ។

លោក ជាម យៀប បញ្ជាក់​ថា ក្រុម​ការងារ​អ្នក​ច្បាប់​បាន​រក្សា​ទុក​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ​នេះ ចំនួន ១១​ជំពូក​ដដែល តែ​បាន​បន្ថែម​ថ្មី​ ៥​មាត្រា​ទៀត ធ្វើ​ឲ្យ​ច្បាប់​នេះ​កើន​រហូត​ដល់ ៥០​មាត្រា។ ក្នុង​នោះ​មាត្រា​សំខាន់ៗ ចំនួន ២៣ ត្រូវ​បាន​ត្រៀម​ឡើង​សម្រាប់​ធ្វើ​វិសោធនកម្ម​នៅ​ថ្ងៃ​ខាង​មុខ។

អ្វី​ដែល​ជា​ការ​កត់​សម្គាល់​នោះ លោក​តំណាង​រាស្ត្រ​គណបក្ស​កាន់​អំណាច​រូប​នេះ បញ្ជាក់​ថា មាត្រា​មួយ​ចំនួន ដែល​កំណត់​ពី​លក្ខខ័ណ្ឌ លក្ខណៈ​សម្បត្តិ​របស់​បេក្ខជន គឺ​ជា​ភាព​ចាំ​បាច់ ដោយ​មាន​ការ​បញ្ជាក់​ពី​ក្រសួង​យុត្តិធម៌​នូវ​លិខិត​ថ្កោល​ទោស ជា​ពិសេស​សំដៅ​ទៅ​លើ​ជួរ​ថ្នាក់​ដឹក​នាំ ប្រធាន និង អនុ​ប្រធាន​គណបក្ស​នយោបាយ។

ការ​គ្រោង​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ​នេះ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​មាន​ការ​ផ្តួច​ផ្តើម​កាល​ពី​ពេល​ថ្មីៗ​នេះ របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ដែល​លោក​លើក​ឡើង​ថា​អ្នក​មាន​ទោស នឹង​មិន​អាច​ធ្វើ​ជា​ប្រធាន អនុ​ប្រធាន គណបក្ស នយោបាយ​បាន​ទេ ហើយ​បើ​ទោស​ធ្ងន់​ធ្ងរ និង​អាច​រលាយ​គណបក្ស ថែម​ទៀត​ផង​។​ ដូច​គ្នា​ដែរ​មន្ត្រី​នានា​របស់​គណបក្ស​កាន់​អំណាច​ក៏​បាន​បង្ហាញ​នូវ​ទឡ្ហីករណ៍​ដែរ​ថា ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ​នេះ​មិន​ត្រូវ​បាន​កែ​ប្រែ​ឲ្យ​សម​ស្រប​ទៅ​តាម​បរិបទ​នយោបាយ និង​ការ​វិវឌ្ឍ​របស់​សង្គម​ម្តង​ណា​ឡើយ​ ចាប់​តាំង​ពី​ច្បាប់​នេះ​ដាក់​ឲ្យ​អនុវត្ត​ប្រមាណ​ជា ២០​ឆ្នាំ​មក​ហើ​យ។

សូម​បញ្ជាក់​ថា ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ​នៅ​កម្ពុជា ត្រូវ​បាន​បង្កើត​ឡើង​កាល​ពី​ថ្ងៃ​ទី ២៨​ខែ​តុលា​ឆ្នាំ ១៩៩៧ ក្នុង​អាណត្តិ​ទី ១​នៃ​នីតិកាល​រដ្ឋសភា។ ច្បាប់​នេះ​មាន ១១​ជំពូក និង ៤៥​មាត្រា ហើយ​ត្រូវ​បាន​ចុះ​ហត្ថលេខា​ដោយ​លោក ជា ស៊ីម អតីត​ប្រធាន​ព្រឹទ្ធសភា នៅ​ខែ​វិច្ឆិកា​ឆ្នាំ​ដដែល ដែល​កាល​ណោះ លោក ជា ស៊ីម ក្នុង​ឋានៈ​ជា​ប្រមុខ​រដ្ឋ​ស្តី​ទី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ