កម្ពុជា

មេដឹកនាំ​ន​យោបាយ​កម្ពុជា​សំខាន់​ៗ ​ជូនពរ​ពលរដ្ឋខ្មែរ​​និង​ផ្ញើសារ​នយោបាយ​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំថ្មី​

លោក​ហ៊ុន សែន​ និង​លោកសម រង្ស៊ី​ ​
លោក​ហ៊ុន សែន​ និង​លោកសម រង្ស៊ី​ ​ RFI/ Siv Channa

​ថ្ងៃពុធ ទី១៣មេសានេះ ​គឺ​ជា​ថ្ងៃទីមួយ​​នៃ​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ខ្មែរ​។ ​នៅក្នុ​ង​ឱកាស​នេះ ​មេដឹកនាំ​នយោបាយ​សំខាន់ៗ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ សុទ្ធតែ​បាន​ជូនពរ​ដ​ល់​ប្រជាពលរដ្ឋខ្មែរ​ជា​បន្តបន្ទាប់​ឲ្យ​ជួប​តែ​សេចក្តីសុខ ​និង ​សុភមង្គល​។ ​សម្រាប់​គណបក្សប្រឆាំង ​ការជូនពរ​ពលរដ្ឋ​គឺជា​រឿង​មួយ​ហើយ ​ប៉ុន្តែ​មេដឹកនាំ​គណបក្ស​នេះ ​មិនភ្លេច​ឡើយ​បញ្ជូន​សារ​នយោបាយ​ដល់​អ្នកនយោបាយ​ខ្មែរ​ផ្សេង​ទៀត​។​

ផ្សាយពាណិជ្ជកម្ម

លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ​ក្នុង​នាម​ប្រមុខរដ្ឋាភិបាល​កម្ពុជា​ បាន​ជូនពរ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​ស្រទាប់​វណ្ណៈ​ទាំងអស់​ឲ្យ​ទទួលបាន​នូវ​ជោគជ័យ ​និង ​សេចក្តីសុខ​គ្រប់ៗ​គ្នា​។ ​ជាមួយ​គ្នា​នេះ ​លោកនាយករដ្ឋមន្ត្រី​ដែល​ជា​ប្រមុខ​គណបក្ស​ប្រជាជន​កម្ពុជា​ ក៏បាន​ប្តេជ្ញា​ខិតខំ​គ្រប់បែប​យ៉ាង ​ដើម្បី​បន្ត​ថែរក្សា​ការពារ​សន្តិភាព ​ស្ថិរភាព​នយោបាយ ​សន្តិសុខ ​និង​សណ្តាប់​ធ្នាប់​សាធារណៈ​។ ​លោក​ក៏បាន​ប្តេជ្ញា​ការពារ​រដ្ឋធម្មនុញ្ញ​ និង​ទប់ស្កាត់​រាល់​សកម្មភាព​ប្រទូស​រ៉ាយ​ដែល​ប៉ុនប៉ង​នាំ​ប្រទេសជាតិ​ឲ្យ​ធ្លាក់​ទៅក្នុង​ភាព​ច្របូកច្របល់ ​វឹកវរ ​និង ​អស្ថិរភាព​សង្គ​ម​ជា​ដើម​ផងដែរ​។
 

ដោយឡែក ​លោកកឹម សុខា ​ប្រធានស្តីទី​គណបក្សសង្គ្រោះជាតិ​វិញ ​គឺ​នៅថ្ងៃនេះ​តែម្តង​ បាន​ជូនពរ​ដល់​ប្រជាពលរដ្ឋ​ខ្មែរទាំងក្នុង ​និង​ក្រៅប្រទេស​ឲ្យ​ជួបតែ​សេចក្ដីសុខ ​សន្តិភាព ​សិទ្ធិ​សេរីភាព ​និង​ វៀរចាក​ឲ្យ​ផុត​អំពី​ភាព​ក្រីក្រ ​និង​ភាព​អយុត្តិធម៌​។ លោក​ក៏បាន​ជូនពរ​ឲ្យ​មាតុភូមិ​កម្ពុជា ​ស្ថិតស្ថេរ​គង់វង្ស ​និង​រីកចម្រើន​ជា​រៀង​រហូតត​ទៅ​។ ​ក្រៅពីនេះ ​លោកប្រធានស្តីទី​គណបក្សប្រឆាំង​ ក៏បាន​អំពាវនាវ​ឲ្យ​អ្នកនយោបាយ​ខ្មែរ ​សម្រេច​បាន​នូវ​ការ​ផ្សះផ្សាជាតិ​ បង្រួបបង្រួម​ជាតិ​ពិត​ប្រាកដ ​ដើម្បី​ប្រយោជន៍ជាតិ ​និង​ប្រជាពលរដ្ឋ​ខ្មែរ​។ ​ក្នុងនោះ​ដែរ​ លោក​កឹម សុខា ​បានស្នើ​ឲ្យ​អ្នកនយោបាយ​លះបង់​ចោល​នូវ​អំពើ​ទាំងឡាយណា​ដែលនាំ​ឲ្យ​មាន​ការឈឺចាប់​ដូចជា ​អំពើហិង្សា ​ការគំរាមកំហែង ​ការគុំគួន​សងសឹក​ ការ​ធ្វើ​ទុក្ខបុកម្នេញ ​និង​ការកាប់សម្លាប់​គ្នា​ជាដើម​។
 

ចំណែក​លោកសម រង្ស៊ី ​ប្រធានគណបក្សសង្គ្រោះជាតិ​ដែលហ៊ុមព័ន្ធ​ទៅដោយ​ដីការ​បស់​តុលាការក្រុងភ្នំពេញ ​បាន​អំពាវនាវ​ឲ្យ​ខ្មែរ​គ្រប់​និន្នាការ​នយោបាយ​ទាំងអស់​ចាប់យក​វប្បធម៌​សន្ទនា​ ដើម្បី​ដោះស្រាយ​រាល់​បញ្ហា​របស់​ប្រទេសជាតិ​ដោយ​សន្តិវិធី​។ ​មិនតែប៉ុណ្ណោះ ​ប្រមុខ​គណបក្ស​ប្រឆាំង​ដែល​កំពុង​ស្ថិតក្រៅ​ប្រទេស​រូបនេះ ​ក៏ស្នើ​ឲ្យ​ខ្មែរ​គ្រប់និន្នាការ​នយោបាយ​មាន​គំនិតវិជ្ជមាន​ ហើយ​ចេះ​រួបរួមគ្នា​ក្នុង​បំណង​កសាង​អំពើ​ល្អ​ជាមួយគ្នា​ ដើម្បី​ផលប្រយោជន៍​ប្រទេស​ជាតិ​។
 

សារជូនពរ​ ​និង​សារនយោបាយ​របស់​មេដឹកនាំ​គណបក្សប្រឆាំង ​បាន​ធ្វើឡើង​ព្រមៗ​គ្នា ​​ក្រោយ​​ពី​​អ្នកតំណាងរាស្ត្រ​​របស់​​ខ្លួន​​ម្នាក់ទៀត ​​គឺ​​លោកអ៊ុំ សំអាន ​​ត្រូវបាន​​អាជ្ញាធរ​​រដ្ឋាភិបាល​​ចាប់ខ្លួន​​ និង​ត្រូវបាន​តុលាការ​បញ្ជា​ឲ្យឃុំខ្លួន​បណ្តោះអាសន្ន​នៅក្នុង​ពន្ធនាគារ​ព្រៃស​។ ការចាប់​ឃុំខ្លួន​នេះ ​បានធ្វើឡើង​តែមួយថ្ងៃ​ប៉ុណ្ណោះ​មុន​ពិធីបុណ្យ​ចូលឆ្នាំខ្មែរ​ឈាន​ចូលមកដល់​។ ​ការ​ចាប់ខ្លួន​នេះ​ទៀតសោត ​បាន​ធ្វើ​ឲ្យ​ទំនាក់ទំនង​នយោបាយ​រវាង​គណបក្ស​កាន់អំណាច ​និង​គណបក្ស​ប្រឆាំង​ដែល​កំពុងតែ​មាន​ភាព​ប្រេះស្រាំ​ស្រាប់​ទៅហើយ​នោះ ​កាន់តែ​ឡើង​កម្តៅ​មួយ​កម្រិត​បន្ថែម​ទៀត​។​
 

ជាការកត់សម្គាល់ ​គូសន្ទនា​នយោបាយ​នៃ​គណបក្ស​ជាប់ឆ្នោត​ទាំងពីរ​ ដែល​ធ្លាប់តែ​ល្អូកល្អិន​នឹងគ្នា​នៅក្នុង​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​នៅ​ខេត្តសៀមរាប​កាល​ពីឆ្នាំមុន ​តែត្រូវ​បែរខ្នង​ដាក់គ្នា​ទៅវិញ​នៅក្នុង​ឆ្នាំនេះ​។ ​នោះគឺ​លោកសម រង្ស៊ី​ ត្រូវបង្ខំ​ឲ្យចូលរួម​បុណ្យចូល​ឆ្នាំខ្មែរ​នៅក្រៅ​ប្រទេស ​បន្សល់ទុក​ឲ្យ​លោកនាយករដ្ឋមន្ត្រី​ហ៊ុន សែន ​ទៅចូលរួម​ព្រឹត្តិការណ៍​អង្គរសង្ក្រាន្ត​តែម្នាក់ឯង​នៅឯខេត្ត​សៀមរាប​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI