កម្ពុជា

មន្ត្រី​ដែល​ស្និទ្ធ​លោក​ញឹក ប៊ុនឆៃ ១២​នាក់​ត្រូវ​បញ្ឈប់​ពី​តំណែង​ទីប្រឹក្សា​រដ្ឋាភិបាល

លោកញឹក​ ប៊ុនឆៃ ប្រធាន​គណបក្ស​ខ្មែរ​រួប​រួម​ជាតិ
លោកញឹក​ ប៊ុនឆៃ ប្រធាន​គណបក្ស​ខ្មែរ​រួប​រួម​ជាតិ RFI/ Siv Channa

មន្ត្រី​ចំនួន​១២​រូប ត្រូវ​បាន​ព្រះ​មហាក្សត្រ​ចេញ​ព្រះ​រាជ​ក្រឹត្យ​បញ្ចប់​តំណែង​ពី​ទី​ប្រឹក្សា​រដ្ឋាភិបាល ដែល​មាន​ឋានៈ​ស្មើ​រដ្ឋមន្ត្រី រដ្ឋលេខាធិការ និង​អនុរដ្ឋលេខាធិការ។ មន្ត្រី​ទាំង​១២​រូប​នេះ ត្រូវ​គេ​ស្គាល់​ថា បាន​ទទួល​តំណែង​ជា​ទី​ប្រឹក្សា​រដ្ឋាភិបាល​តាម​រយៈ​កូតា លោក​ញឹក ប៊ុនឆៃ ប្រធាន​គណបក្ស​ខ្មែរ​រួប​រួម​ជាតិ ដែល​បាន​បែក​ចេញ​ពី​គណបក្ស​ហ៊្វុន​ស៊ីនប៉ិច។

ផ្សាយពាណិជ្ជកម្ម

មន្ត្រី​ស្ថិត​នៅ​ក្នុង​ជួរ​គណបក្ស​ខ្មែរ​រួប​រួម​ជាតិ​ទាំង​១២​រូប របស់​លោក​ញឹក ប៊ុនឆៃ ដែល​ព្រះ​មហាក្សត្រ​បញ្ចប់​តំណែង​ពី​ទី​ប្រឹក្សា​រដ្ឋាភិបាល​នេះ រួម​មាន​ឋានៈ​ស្មើ​រដ្ឋមន្ត្រី ចំនួន​៣​រូប គឺ​លោក គុជ ម៉ូលី លោក ញឹក គឹមឈុន និង​លោក​កែវ រដ្ឋា ឋានៈ​ស្មើ​រដ្ឋលេខាធិការ​ចំនួន ៣​រូប​គឺ​លោក ម៉ៅ សុវណ្ណារិទ្ធិ លោក​ជា បំរុង និង​លោក​សុខ រុន និង​មន្ត្រី​ឋានៈ​ស្មើ​អនុរដ្ឋលេខា​ធិការ​ចំនួន​ ៦​រូប។

ការ​បញ្ចប់​តំណែង​នេះ មិន​ត្រូវ​បាន​ព្រះ​រាជ​ក្រឹត្យ​ដែល​ចេញ​ថ្ងៃ​ទី​១៨ កក្កដា កន្លង​ទៅ​នេះ បញ្ជាក់​ពី​មូលហេតុ​ច្បាស់​លាស់​នោះ​ទេ ក៏​ប៉ុន្តែ​ព្រះ​រាជរាជ្យ​ក្រឹត្យ​បាន​យោង ទៅ​លើ​សេចក្តី​ក្រាប​បង្គំ​ទូល​ថ្វាយ​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន។

ជា​ការ​កត់​សម្គាល់​ការ​បញ្ឈប់​តំណែង​ជា​ទី​ប្រឹក្សា​ពី​សមាជិក​ដែល​មក​ពី​អតីត​អ្នក​ហ៊្វុន​ស៊ីន​ប៉ិច ទាំង​នេះ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​លោក ញឹក ប៊ុនឆៃ ត្រូវ​បាន​ព្រះ​មហាក្សត្រ​បញ្ចប់​តំណែង ជា​ទីប្រឹក្សា​រាជរដ្ឋាភិបាល​មុន​គេ​កាល​ពី​ថ្ងៃ​ទី​២៥​ខែ​មិថុនា​ឆ្នាំ​២០១៧ ដែល​មាន​ឋានៈ​ស្មើ​ឧបនាយករដ្ឋមន្ត្រី។

ការ​ដក​ដំណែង​លោក​ញឹក ប៊ុនឆៃ​ពេល​នោះ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​មាន​ការ​សង្ស័យ​ថា មេ​ដឹក​នាំ​គណបក្ស​ខ្មែរ​រួប​រួម​ជាតិ​រូប​នេះ មាន​ជាប់​ពាក់​ព័ន្ធ​នឹង​កិច្ច​សន្ទនា​តាម​ទូរស័ព្ទ​ជាមួយ​មន្ត្រី​បក្ស​ប្រឆាំង​ក្នុង​អំឡុង​ពេល​មាន​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់​កន្លង​ទៅ ក៏​ប៉ុន្តែ​លោក ញឹក ប៊ុនឆៃ ធ្វើ​ការ​បដិសេធ​ថា​ជា​ព័ត៌មាន​ភ័ន្ត​ច្រឡំ។

សូម​រំលឹក​ថា កាល​ពី​ខែ​មិថុនា​កន្លង​ទៅ ព្រះ​មហា​ក្សត្រ​បាន​ឡាយ​ព្រះហស្ត​លេខា​លើ​ព្រះរាជក្រឹត្យ​ម្តង​ហើយ បញ្ឈប់​តំណែង​សមាជិក ៥​រូប នៃ​គណបក្ស​ខ្មែរ​រួប​រួម​ជាតិ ពី​តួ​នាទី​ ​ទី​ប្រឹក្សា​ក្រសួង​មួយ​ចំនួន និង​អនុរដ្ឋលេខាធិការ។ លោក ញឹក ប៊ុនឆៃ មិន​មាន​ការ​ពន្យល់​អ្វី​ទេ​នៅ​ថ្ងៃ​នេះ ជុំវិញ​ការ​បញ្ឈប់​តំណែង​មន្ត្រី ទាំង​១២​រូប បន្ថែម​ទៀត​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI