អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

ឆ្នាំ​២០១៥៖ នយោបាយ​​កម្ពុជា​​ក្តៅ​​ច្រើន​​ជាង​​ត្រជាក់

សំឡេង ០៥:២០
@HEAM Chetra
ដោយ៖ វ៉ា សំណព្វ
៣៤ នាទី

បរិយាកាស​នយោបាយ​កម្ពុជា នៅ​ក្រោយ​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៣ បាន​ជួប​ភាព​រំជើប​រំជួល​ខ្លាំង ត្បិត​អី គណបក្ស​ប្រឆាំង​ដែល​ទទួល​បាន​៥៥​អាសនៈ​នៅ​ក្នុង​រដ្ឋសភា បាន​ប្រកាន់​ជំហ​មិន​ចូលរួម​ប្រជុំ​អស់​រយៈពេល​ពេញ​១​ឆ្នាំ នឹង​បាន​ធ្វើ​បាតុកម្ម​ពេញ​ទីក្រុង​ភ្នំពេញ ដើម្បី​ទាមទារ​ឲ្យ​មាន​ការ​បោះឆ្នោត​ឡើង​វិញ។ ស្ថានភាព​បែប​នេះ បាន​ធូស្រាល​មក​វិញ បន្ទាប់​ពី​មាន​កិច្ច​ព្រមព្រៀង​បញ្ចប់​ជម្លោះ​នយោបាយ ថ្ងៃ​ទី​២២ ខែ​កក្កដា ឆ្នាំ​២០១៤។ ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ នៅ​ចុង​ក្រោយ ពោល​គឺ​ចុង​ឆ្នាំ​២០១៥​នេះ ស្ថានភាព​នេះ បាន​ជួបភាព​តាន​តឹង​ឡើង​វិញ។

ផ្សាយពាណិជ្ជកម្ម

គឺ​ជា​លើក​ទី​១​ហើយ ដែល​គេ​បាន​ឃើញ មេដឹកនាំ​គណបក្ស​ប្រឆាំង​លោក សម រង្ស៊ី និង​មេដឹកនាំ​គណបក្ស​កាន់​អំណាច​លោក ហ៊ុន សែន បាន​ដឹកដៃ​គ្នា​ចូលរួម​នៅ​ក្នុង​ពិធី​បើក​ព្រឹត្តិការណ៍​អង្គរ​សង្រ្កាន្ត​រួម​គ្នា​នៅ​ឯ​ខេត្ត​សៀមរាប ក្នុង​ឱកាស​នៃ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ កាល​ពី​អំឡុង​ខែ​មេសា​ឆ្នាំ​២០១៥។ គេ​ក៏​កម្រ​បាន​ឃើញ​ដែរ ថា​មេដឹកនាំ​គណបក្ស​ធំៗ​ទាំងពីរ​នៅ​កម្ពុជា​និង​គ្រួសារ​ផង បាន​ពិសារ​អាហារ​រួម​គ្នា​ក្នុង​រាត្រី​ដ៏​សែន​មនោរម្យ​នៃ​សណ្ឋាគារ​កាណាឌីយ៉ា​ក្នុង​ក្រុង​ភ្នំពេញ។ គេ​នៅ​ចាំបាន​ថា កាល​ណោះ មេដឹកនាំ​គណបក្ស​ទាំង​ពីរ ថែម​ទាំង​មាន​ការ​ថត​រូប​សែលហ្វី (Selfie)​រួម​គ្នា និង​បាន​បង្ហោះ​តាម​បណ្តាញ​សង្គម​ហ្វេសបុក (Facebook) ផ្សព្វផ្សាយ​ពេញ​ផ្ទៃ​ប្រទេស​និង​ក្រៅ​ប្រទេស​ថែម​ទៀត​ផង។ នោះ​គឺ​ជា​អ្វី​ដែល​មេដឹកនាំ​គណបក្ស​ទាំងពីរ​ធ្លាប់​បាន​អះអាង​ថា គឺ​ដើម្បី​ពង្រឹង​វប្បធម៌​សន្ទនា។ វប្បធម៌​សន្ទនា ដែល​ត្រូវ​បាន​មេដឹកនាំ​គណបក្ស​ទាំង​ពីរ​បង្កើត​ឡើង នៅ​ក្រោយ​កិច្ច​ព្រមព្រៀង​បញ្ចប់​ជម្លោះ​នយោបាយ កាល​ពី​ថ្ងៃ​ទី​២២ ខែ​កក្កដា ឆ្នាំ​២០១៤។ កាល​ណោះ គេ​ស្ទើរ​តែ​មិន​ជឿ​ផង​ទេ​ថា រវាង​លោក សម រង្ស៊ី និង​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ដែល​ធ្លាប់​តែ​រិះគន់​និង​វាយ​ប្រហារ​គ្នា​មិន​ចេះ​សំចៃ​មាត់​នោះ បែរ​ជា​មាន​រាត្រី​ទឹក​ឃ្មុំ​ដ៏​ផ្អែម​ល្ហែម​បែប​នេះ​ឡើយ។

ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ រាត្រី​ទឹក​ឃ្មុំ​ដែល​មាន​ត្រឹមតែ​រយៈពេល​មួយ​យប់​នេះ បាន​ប្រែក្លាយ​ជា​ល្វីង​ជូរចត់​ទៅ​វិញ ក្រោយ​ពី​មាន​ការ​ចាប់​ខ្លួន​សកម្មជន​គណបក្ស​ប្រឆាំង​ចំនួន​១១​នាក់​ឡើង​វិញ ហើយ​ត្រូវ​បាន​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​កាល​ពី​ថ្ងៃ​ទី​២១​កក្កដា​ឆ្នាំ​២០១៥ ឲ្យ​ជាប់​ពន្ធនាគារ​ក្នុង​រយៈ​ពេល​ពី​៧​ទៅ​២០​ឆ្នាំ ពី​បទ​ចូលរួម​និង​ដឹកនាំ​កុប្បកម្ម​រំដោះ​ទីលាន​ប្រជា​ធិបតេយ្យ​កាល​ពី​ថ្ងៃ​ទី​១៥​កក្កដា​ឆ្នាំ​២០១៤។ ក្នុង​នោះ​ក៏​មាន​លោក មាជ សុវណ្ណារ៉ា ប្រធាន​នាយក​ដ្ឋាន​ព័ត៌មាន​របស់​គណបក្ស​សង្រ្គោះជាតិ​ម្នាក់​ផង។

ការ​កាត់​ទោស​សកម្មជន​គណបក្ស​ប្រឆាំង​ទាំង​១១​នាក់​នេះ គឺ​ធ្វើ​ឡើង​នៅ​មុន​១​ថ្ងៃ​ខួប​១​ឆ្នាំ​នៃ​កិច្ច​ព្រមព្រៀង​បញ្ចប់​ជម្លោះ​នយោបាយ​ថ្ងៃ​ទី​២២​កក្កដា​ឆ្នាំ​២០១៤ ហើយ​ក៏​ជា​ថ្ងៃ​បញ្ចប់​នៃ​វប្បធម៌​សន្ទនា រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្រ្គោះជាតិ និយាយ​ជារួម និង​រវាង​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន និង​លោក សម រង្ស៊ី និយាយ​ដោយ​ឡែក។ ព្រោះ​ថា ចាប់​ពី​រាត្រី​ថ្ងៃ​ទី​២២​កក្កដា​ឆ្នាំ​២០១៥ ថ្ងៃ​ដែល​តុលាការ​ក្រុង​ភ្នំពេញ​កាត់​ទោស​សកម្មជន​គណបក្ស​ប្រឆាំង​ទាំង​១១​រូប​ឲ្យ​ជាប់​ពន្ធនាគារ​ចន្លោះ​ពី​៧​ទៅ​២០​ឆ្នាំនោះ ក៏​ជា​ថ្ងៃ​ដែល​លោក សម រង្ស៊ី ​ប្រធាន​គណបក្ស​សង្រ្គោះជាតិ​បាន​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា​ទៅ​កាន់​ប្រទេស​បារាំង ដើម្បី​ស្វះស្វែង​រក​មធ្យោបាយ​ឲ្យ​មាន​ការ​ដោះលែង​សកម្មជន​របស់​ខ្លួន ដោយសារ​តែ​មិន​អាច​ពឹង​ផ្អែក​ទៅ​លើ​វប្បធម៌​សន្ទនា​បន្ត​ទៅ​ទៀត​បាន។ តែ​រហូត​មក​ដល់​ដំណាច់​ឆ្នាំ​២០១៥ ឈាន​ចូល​ ឆ្នាំ​២០១៦​ទៅ​ហើយ​នេះ មេដឹកនាំ​គណបក្ស​ប្រឆាំង​លោក សម រង្ស៊ី នៅ​តែ​មិន​អាច​រក​មធ្យោបាយ​ដោះលែង​សកម្មជន​ទាំង​១១​នាក់​របស់​ខ្លួន​ឲ្យ​ចេញ​ពី​ពន្ធនាគារ​បាន​នៅ​ឡើយ​ទេ។ បន្ថែម​ពី​លើ​នេះ ស្ថានភាព​កាន់តែ​ធ្ងន់ធ្ងរ​ទៅ​លើ​គណបក្ស​ប្រឆាំង នោះ​គឺ លោក សម រង្ស៊ី ផ្ទាល់​ដែល​ជា​ប្រធាន​គណបក្ស ក៏​មិន​អាច​វិល​ចូល​ស្រុក​បាន​ទៅ​ទៀត ដោយ​សារ​តែ​រង​បណ្តឹង​ចំនួន​៣​នៅ​តុលាការ។ ទន្ទឹម​គ្នា​នេះ អនុប្រធាន​គណបក្ស​សង្រ្គោះជាតិ គឺ​លោក កឹម សុខា ក៏ត្រូវ​បាន​រដ្ឋសភា​ដែល​មាន​តែ​សំលេង​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ជា​គណបក្ស​កាន់​អំណាច​បាន​បោះឆ្នោត​ទំលាក់​ចេញ​ពី​តួនាទី​អនុប្រធាន​ទី​១​នៃ​រដ្ឋសភា ខណៈ​ដែល​តំណាង​រាស្រ្ត​គណបក្ស​ប្រឆាំង​២​រូប ក៏​រង​ការ​វាយ​ដុំ​ឲ្យ​រង​របួស​ធ្ងន់ធ្ងរ​ពី​សំណាក់​ក្រុម​បាតុករ​គាំទ្រ​គណបក្ស​កាន់​អំណាច​កាល​ពី​ខែ​តុលា​ឆ្នាំ​២០១៥។

ជាការ​ពិត មូល​ហេតុ​មាន​ច្រើន​យ៉ាង ដែល​រុញ​ឲ្យ​ស្ថានការណ៍​នៃ​ទំនាក់​ទំនង​រវាង​គណបក្ស​កាន់​អំណាច​និង​គណបក្ស​ប្រឆាំង​ឲ្យ​ឈាន​ទៅ​ដល់​ជញ្ជាំង​បែប​នេះ។ នៅ​ម្ខាង​នៃ​គណបក្ស​កាន់​អំណាច បាន​ចោទ​ប្រកាន់​គណបក្ស​ប្រឆាំង​ថា បាន​រំលោភ​លើ​កិច្ច​ព្រមព្រៀង​នយោបាយ​ថ្ងៃ​ទី​២២​កក្កដា​ឆ្នាំ​២០១៤ តាម​រយៈ​សកម្មភាព​រិះគន់​ និង​វាយ​ប្រហារ​ដោយ​ឥត​សំចៃ​មាត់​ទៅ​លើ​បញ្ហា​រសើបៗ​ ឬ​ចំណុច​ខ្សោយ​របស់​គណបក្ស​កាន់​អំណាច ពិសេស​លើ​បញ្ហា​ព្រំដែន​កម្ពុជា-វៀតណាម​ជា​ដើម។ ចំណែក​នៅ​ម្ខាង​នៃ​គណបក្ស​ប្រឆាំង​វិញ បាន​ចោទ​ប្រកាន់ គណបក្ស​កាន់​អំណាច​ថា បាន​រំលោភ​លើ​កិច្ច​ព្រមព្រៀង​នយោបាយ​ថ្ងៃ​ទី​២២​កក្កដា​ឆ្នាំ​២០១៤ តាម​រយៈ​ការ​ចាប់​ខ្លួន​និង​កាត់​ទោស​លើ​សកម្មជន​របស់​ខ្លួន​ឡើង​វិញ​នោះ។

ឆ្នាំ​២០១៥ គេ​អាច​ចាត់​ទុក​ថា ជា​ឆ្នាំ​មិន​ល្អ​ឡើយ សម្រាប់​គណបក្ស​ប្រឆាំង​ដ៏​ធំ​នៅ​កម្ពុជា តែ​អាច​ជា​ឆ្នាំ​ដ៏​គាប់​ប្រសើរ​របស់​គណបក្ស​កាន់​អំណាច។ គណបក្ស​កាន់​អំណាច ដែល​បាន​ឈរ​យ៉ាង​រឹងម៉ាំ​ឡើង​វិញ ក្រោយ​ការ​រំជើប​រំជួល​កាល​ពី​ក្រោយ​ការ​បោះឆ្នោត​ជាតិ​នៅ​ឆ្នាំ​២០១៣។

យ៉ាង​ណា​ក៏​ដោយ ការ​ជួប​ប្រជុំ​គ្នា​ជា​ថ្មី​រវាង​ប្រធាន​ក្រុម​មតិ​ភាគ​ច្រើន​លោក ស ខេង តំណាង​គណបក្ស​ប្រជាជន​កម្ពុជា និង​ប្រធាន​ក្រុម​មតិភាគ​តិច​លោក កឹម សុខា ប្រធាន​ស្តីទី​គណបក្ស​​សង្រ្គោះ​ជាតិ កាល​ពី​ថ្ងៃ​ទី​១០​ធ្នូ​កន្លង​ទៅ និង​តាម​រយៈ​ការ​បញ្ចប់​ការ​ធ្វើ​ពហិការ​ប្រជុំ​សភា​របស់​ក្រុម​តំណាង​រាស្រ្ត​គណបក្ស​ប្រឆាំង​កាល​ពី​ថ្ងៃ​ទី​១៦​ធ្នូ​ចុង​ឆ្នាំ​២០១៥​នេះ គេ​រំពឹង​ថា ស្ថាន​ភាព​នយោបាយ​នៅ​កម្ពុជា​នឹង​វិល​មក​រក​ភាព​ល្អ​ប្រសើរ​ឡើង​វិញ។ ហើយ​បន្ថែម​លើ​នោះ លោក​សម រង្ស៊ី និង​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន នឹង​អាច​ជួប​មុខ​ចរចា​គ្នា ដើម្បី​បញ្ចប់​បញ្ហា​ផង​ដែរ។ ការ​ត្រូវ​រ៉ូវ​គ្នា​របស់​មេដឹកនាំ​គណបក្ស​ទាំង​ពីរ ក៏​ជា​កាដូ​ថ្មី សម្រាប់​ប្រជាជន​កម្ពុជា​នៅ​ក្នុង​ឱកាស​នៃ​ការ​ប្រារព្ធ​ពិធី​បុណ្យ​ចូលឆ្នាំ​សកល​ឆ្នាំ​ថ្មី ឆ្នាំ​២០១៦ ដូច​ដែល​មេដឹកនាំ​គណបក្ស​ទាំង​ពីរ​ធ្លាប់​បាន​ធ្វើ​រួច​មក​ហើយ កាល​ពី​អំឡុង​នៃ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ កាល​ពី​ខែ​មេសា​ឆ្នាំ​២០១៥​កន្លង​ទៅ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ