កម្ពុជា

ក្រុម​កាហ្វេ​នយោបាយ​បើក​គេហទំព័រ​ឲ្យ​យុវជន​សរសេរ​បញ្ចេញ​មតិ​ដោយ​សេរី

លោកអ៊ូ រិទ្ធី ស្ថាបនិក​ក្រុម​កាហ្វេ​នយោបាយ។​
លោកអ៊ូ រិទ្ធី ស្ថាបនិក​ក្រុម​កាហ្វេ​នយោបាយ។​ RFI/ វណ្ណ សុគន្ធា

នៅ​ព្រឹក​ថ្ងៃ​សៅរ៍​នេះ ក្រុម​កាហ្វេ​នយោបាយ ​ឫ ហៅ​ជា​ភាសា​អង់គ្លេស​ថា Politikoffee ​បាន​ជួបជុំគ្នា ​និង​បានធ្វើ​សន្និសីទកាសែត​មួយ​នៅ​ទីស្នាក់ការ​អង្គការ​ខុនរ៉ាដ​ ប្រចាំ​នៅ​កម្ពុជា​ ដើម្បី​ប្រកាស​បើក​ដំណើរការ​ជា​ផ្លូវការ​នូវ​គេហទំព័រ​របស់ខ្លួន។ ​ជា​គេហទំព័រ​ដែល​អនុញ្ញាត​ឲ្យ​ក្រុមយុវជន​នៅ​គ្រប់ទិសទី​ និង មិន​ប្រកាន់​និន្នាការ​នយោបាយ​ អាច​សរសេរ​បញ្ចេញមតិ​អំពី​រឿង​នយោបាយ​ និង​សង្គម​ផ្សេងៗ ។

ផ្សាយពាណិជ្ជកម្ម

www.politikoffee.com គឺជា​គេហទំព័រ​ថ្មី​មួយ​របស់​ក្រុម​កាហ្វេ​នយោបាយ​ ដែល​ទើប​ប្រកាស​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នៅ​ព្រឹក​ថ្ងៃ​សៅរ​នេះ។ គេហទំព័រ​នេះ​ អនុញ្ញាត​ឲ្យ​យុវជន​ដែលមាន​អាយុ​ក្រោម៣០ឆ្នាំ ​អាច​សរសេរ​បញ្ចេញមតិ​ជា​ភាសា​ខ្មែរ​ក៏​បាន​ឫ ភាសា​អង់គ្លេស​ក៏​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ ឫ សង្គមផ្សេង។

ស្ថាបនិក​ក្រុម​កាហ្វេ​នយោបាយ​ លោក​អ៊ូ រិទ្ធី​ បាន​លើកឡើងថា​ ការ​បង្កើត​គេហទំព័រ​នេះ​ គឺ​ដើម្បី​ជួយ​ជំរុញ​ឲ្យ​ក្រុមយុវជន​ខ្មែរ​បង្កើត​ទម្លាប់​សរសេរ​ និង ចេះ​វិភាគ​ពី​រឿង​នយោបាយ​ និង​រឿង​សង្គម​ផ្សេងៗទៀត។ ​បើតាម​ស្ថាបនិក​រូបនេះ​ តាមរយៈ​ក្រុម​កាហ្វេ​នយោបាយ​ ក្រុម​យុវជន​​ធ្លាប់តែ​បាន​បញ្ចេញមតិ​ និង ពិភាក្សា​ជជែក​គ្នា​ដោយផ្ទាល់​មាត់ តែ​មិនបាន​បញ្ចេញ​មតិ​តាមរយៈ​ការសរសេរ​នោះទេ។ ដូច្នេះ​ហើយ​គេហទំព័រ​នេះ ​នឹង​បង្កើន​ចំណេះដឹង​ផ្នែក​សរសេរ​ និង វិភាគ​បន្ថែមទៀត​ដល់​ពួកគេ។

ថ្វីបើ​បើក​ឲ្យ​សរសេរ​ដោយ​សេរី​ក៏ពិតមែន ​ប៉ុន្តែ​គេហទំព័រ​នេះ​ក៏បាន​តម្រូវ​ឲ្យ​ធ្វើតាម​នីតិវិធី​ និង ទាមទារ​លក្ខខណ្ឌ​មួយចំនួន​ផងដែរ។ ​លោក​ឃុន សីហា​ អ្នកគ្រប់គ្រង​គេហទំព័រ​នេះ​ បាន​ពន្យល់ថា​ មុននឹង​បង្ហោះ​ចូលក្នុង​គេហទំព័រ​ ម្ចាស់​អត្ថបទ​ទាំងអស់​ត្រូវ​ផ្ញើមក​កាន់​អ្នក​គ្រប់គ្រង​ផ្នែក​នីមួយៗ ​ដូចជា ផ្នែក​នយោបាយ ​សង្គម​ សេដ្ឋកិច្ច​ និង​កិច្ចការ​បរទេស។ អ្នកគ្រប់គ្រង​ផ្នែក​ទាំងនោះ នឹងធ្វើ​ការ​ពិនិត្យ​អត្ថបទ​ មុន​នឹង​បញ្ចូល​ទៅ​ចូល​ក្នុង​គេហទំព័រ។ ជាមួយ​គ្នា​នេះ ​ក្រុម​កាហ្វេ​នយោបាយ​បាន​ទាមទារ​ឲ្យ​យុវជន​ទាំងអស់​ ត្រូវ​សរសេរ​ដោយ​មាន​អំណះអំណាង​ច្បាស់លាស់​ ហើយ​មិនត្រូវ​ប្រើប្រាស់​ពាក្យ​ជេរប្រមាថ​ និង មិន​វាយប្រហារ​ខ្លាំង​លើ​បុគ្គលិក​ ឫ​គណបក្សនយោបាយ​ណាមួយ​ឡើយ។

សូម​បញ្ជាក់​ថា​ ក្រុម​កាហ្វេ​នយោបាយ​ ឫ Politikoffee ​បាន​ចាប់​ផ្តើម​បង្កើត​ឡើង​កាល​ពី​ឆ្នាំ​២០១១​ ដោយ​យុវជន​ចំនួន​៤ រូប។ ​ក្រុម​នេះ​បង្កើត​ឡើង​ក្នុង​គោលបំណង​ដើម្បី​ពង្រីក និង ពង្រឹង​ចំណេះដឹង​ផ្នែក​នយោបាយ ​និង​សង្គម បង្កើត​វប្បធម៌​ពិភាក្សា ដេញដោល និង​តស៊ូ​មតិ និង​លើកកម្ពស់​សេរីភាព​ក្នុង​បញ្ចេញមតិ​របស់​ក្រុមយុវជន។ មកដល់ពេលនេះ ក្រុម​កាហ្វេ​នយោបាយ​មាន​សមាជិក​ប្រមាណ​៣០០នាក់​ក្នុង​នោះ ​៥០នាក់ ជា​សមាជិក​សកម្ម​ដែល​តែងតែ​ចូលរួម​កិច្ចពិភាក្សា​តុមូល​នៅ​រៀងរាល់​រសៀល​ថ្ងៃ​សៅរ៍​នៅ​ទីស្នាក់ការ​អង្គការ​ខុនរ៉ាដ​ ប្រចាំ​នៅ​កម្ពុជា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI