ក្រសួងប្រៃសណីយ៍ បើកការផ្សព្វផ្សាយពីច្បាប់ស្តីពីទូរគមនាគមន៍ ក្រោយទើបបានអនុម័ត ២ខែ
ចុះផ្សាយនៅថ្ងៃ៖
ក្រោយពីច្បាប់ស្តីពីទូរគមនាគមន៍ ទើបត្រូវបានព្រឹទ្ធសភាពិនិត្យ និងអនុម័តទាំងស្រុង កាលពីថ្ងៃទី ៧ធ្នូ ចុងឆ្នាំ ២០១៥រួចមក -នៅព្រឹកថ្ងៃអង្គារ ទី 0២ខែកុម្ភៈនេះ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានរៀបចំសិក្ខាសាលាមួយ ដើម្បីផ្សព្វផ្សាយពីច្បាប់នេះ ឲ្យបានជ្រាបទៅដល់ក្រុមប្រតិបត្តិករ និងបុគ្គលដែលពាក់ព័ន្ធនឹងវិស័យទូរគមនាគមន៍។ លោកខូវ មករា អ្នកនាំពាក្យក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានប្រាប់វិទ្យុបារាំងថា ច្បាប់នេះ មានខ្លឹមសារជាគន្លឹះសំខាន់ៗ ក្នុងគោលដៅផ្តល់ប្រយោជន៍ទាំងដល់ពលរដ្ឋទូទៅ និងក្រុមប្រត្តិបត្តិករ។ សូមស្តាប់ប្រសាសន៍របស់លោក ខូវ មករា៖
សូមជម្រាបជូនលោកអ្នកស្តាប់ថា ច្បាប់ស្តីពីទូរគមនាគមន៍ មានសរុប ១៦ជំពូក និង ១១៤មាត្រា។ ជំពូកនីមួយៗនៃច្បាប់នេះ មាននិយាយពី សមត្ថកិច្ចរបស់ក្រសួងប្រៃសណីយ៍ និយ័តករទូរគមនាគមន៍កម្ពុជា លិខិតអនុញ្ញាត វិញ្ញាបនបត្រ និងអាជ្ញាបណ្ណ។ កាតព្វកិច្ចសេវាសកល ការកសាងសមត្ថភាព ការស្រាវជ្រាវ និងការអភិវឌ្ឍ។ ការគ្រប់គ្រងធនធានវិសាលគមន៍ហ្វ្រកង់ន៍វិទ្យុ។
ការកំណត់ប្លង់លេខទូរគមនាគមន៍ជាតិ និងអាសយដ្ឋានអេឡិកត្រូនិក ។ ថ្លៃសេវាទូរគមនាគមន៍ និងការប្រកួតប្រជែង។ សិទ្ធិរបស់ប្រតិបត្តិករ និងអ្នកប្រើប្រាស់ និងទោសប្បញ្ញត្តិ ជាដើម។ គួររម្លឹកផងដែរថា កន្លងមកក្រុមហ៊ុនទូរស័ព្ទមួយ នៅក្នុងប្រទេសកម្ពុជា ធ្លាប់មានវិវាទរឿងសេវាទូរគមនាគមន៍ និងការប្រកួតប្រជែងផ្នែកទីផ្សារ ដោយសារបានទំលាក់ថ្លៃសេវាទាបបំផុត ដែលធ្វើឲ្យមានភាពចម្រូងចម្រាស់។ ដូច្នេះច្បាប់នេះ នឹងការពារប្រត្តិបត្តិករ ឲ្យមានការប្រកួតក្នុងទីផ្សារ ដោយសុក្រិត ហើយអ្នកល្មើស នឹងត្រូវទទួលទោស ដែលមានចែងក្នុងច្បាប់៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ