កម្ពុជា-នយោបាយ

សមត្ថកិច្ចបាន​រឹប​អូស​ឯកសារ​ និងសម្ភារៈ​មួយ​ចំនួន​ពី​ស្នាក់ការ​គណបក្ស​អំណាច​ខ្មែរ បន្ទាប់​ពី​ឆែកឆេរ

សមត្ថកិច្ច​បាន​រឹប​អូស​ឯកសារ និង​សម្ភារៈ​មួយ​ចំនួន​ពី​ស្នាក់ការ​គណបក្ស​អំណាច​ខ្មែរ បន្ទាប់​ពី​ឆែក​ឆេរ
សមត្ថកិច្ច​បាន​រឹប​អូស​ឯកសារ និង​សម្ភារៈ​មួយ​ចំនួន​ពី​ស្នាក់ការ​គណបក្ស​អំណាច​ខ្មែរ បន្ទាប់​ពី​ឆែក​ឆេរ @សហការី
១៨ នាទី

សមត្ថកិច្ច​ចំរុះ​រដ្ឋាភិបាល នៅ​ថ្ងៃ​ទី​១៥ សីហា នេះ​បាន​ឆែក​ឆេរ​ស្នាក់​ការ​គណបក្ស​អំណាច​ខ្មែរ​ស្ថិត​ក្នុង​ខ័ណ្ឌ​ទួលគោក បន្ទាប់​ពី​បាន​ឆែក​ឆែរ​ផ្ទះ​របស់​ប្រធាន​គណបក្ស​នេះ​កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ​ ជា​ថ្ងៃ​ដែល​លោក សួន​ សេរីរដ្ឋា ​ត្រូវ​បាន​ចាប់​ខ្លួន។ ការ​ឆែក​ឆេរ​នេះ​ ដើម្បី​ស្វែង​រក​ភស្ដុតាង​ថ្មីៗ​បន្ថែម​ទៀត​ បញ្ជាក់​អំពី​ទំនាក់​ទំនង​របស់​ប្រធាន​គណបក្ស​នេះ ជាមួយ​ចលនា​រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ​ របស់​ លោក សម​ សេរី ដែល​កំពុង​ធ្វើ​សកម្មភាព​នៅ​ក្រៅ​ប្រទេស​ប្រឆាំង​រដ្ឋាភិបាល​កម្ពុជា​បច្ចុប្បន្ន។

ផ្សាយពាណិជ្ជកម្ម

អត្ថបទដោយ៖ យ៉ា រសាត់

ចាប់​តាំង​ពី​ម៉ោង​ប្រមាណ​៩ ព្រឹក​មក កម្លាំង​ប៉ូលីស​ជាង​៥០​រូប​មក​ពី​ក្រសួង​មហាផ្ទៃ សហការ​ជាមួយ​សមត្ថកិច្ច​មូលដ្ឋាន​ បាន​បិទ​ផ្លូវ​មុខ​ស្នាក់​ការ​គណបក្ស​អំណាច​ខ្មែរ​មិន​ឲ្យ​ឆ្លង​កាត់​ឡើយ។ ក្នុង​​ដីកា​បង្គាប់​ដែល ​ព្រះរាជអាជ្ញា​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​លោក សៀង សុខ បាន​អាន​នៅ​មុខ​ការិយាល័យ​គណបក្ស​មុន​ផ្ដើម​ឆែក​ឆេរ​នោះ​ បង្ហាញ​ថា ទី​ស្នាក់​ការ​គណបក្ស​អំណាច​ខ្មែរ​អាច​មាន​រក្សា​តម្រុយ និង​​ភស្ដុតាង​ផ្សេងៗ របស់​លោក​ សួន​ សេរីរដ្ឋា។ បើ​តាម​ព្រះរាជ​អាជ្ញា​ដដែល ភស្ដុតាង​ក្នុង​ស្នាក់ការ​នេះ​អាច​បញ្ជាក់​ពី​ទំនាក់​ទំនង​រវាង​លោក សួន សេរីរដ្ឋា ជាមួយ​ចលនា​រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ ដែល​កំពុង​ធ្វើ​សកម្មភាព​ក្រៅ​ប្រទេស​ប្រឆាំង​និង​រដ្ឋាភិបាល​កម្ពុជា​បច្ចុប្បន្ន។ ក្រោយ​ពី​បញ្ចប់​ការ​ឆែក​ឆេរ​នៅ​ម៉ោង​ជាង​១ រសៀល​ សមត្ថកិច្ច​មិន​បាន​បញ្ជាក់​ពីលទ្ធផល​យ៉ាង​ណា​នោះ​ទេ ដោយ​សមត្ថកិច្ច​បាន​ដក​ហូត​ឯក​សារ កំព្យូទ័រ​ និង​សំភារៈ​មួយ​ចំនួន​នៅ​ក្នុង​ស្នាក់​ការ​គណបក្ស​នោះ​ដាក់​ចូល​ទៅ​ក្នុង​រថយន្ដ។

ទាក់​ទង​នឹង​ការ​ឆែក​ឆេរ​នេះ ប្រធាន​ស្ដី​ទី​គណបក្ស​អំណាច​ខ្មែរ លោក សួង សុភ័ណ្ឌ ​បាន​ចាត់​ទុក​ថា រដ្ឋាភិបាល​កំពុង​មាន​ចេតនា​ផ្សេង​ទៅ​លើ​គណបក្ស​អំណាច​ខ្មែរ។ ប្រធាន​ស្ដី​ទី​រូប​នេះ​បាន​ប្រាប់​វិទ្យុ​បារាំង​អន្ដរជាតិ​នៅ​ក្បែរ​ទី​ស្នាក់​គណបក្ស​លោក​ដែល​គេ​កំពុង​តែ​ឆែក​ឆេរ​កាល​ពី​ព្រឹក​មិញ​នោះ​ ​ថា​អ្វី​ដែល​លោក សួន សេរីរដ្ឋា បាន​លើក​ឡើង​ទាក់​ទង​នឹង​កង​ទ័ព ជា​រឿង​រិះ​គន់​ក្នុង​ន័យ​ស្ថាបនា មិន​មែន​ជា​រឿង​ញុះញង់​ ឬ​ប្រមាថ​កងទ័ព​នោះ​ទេ។ ហើយ​លោក​ថា រឿង​នេះ​ទៀត​សោត វា​ជា​ការ​បញ្ចេញ​មតិ​ផ្ទាល់​ខ្លួន​របស់​លោក សួន សេរីរដ្ឋា ប៉ុណ្នោះ​ មិន​ពាក់​ព័ន្ធ​និង​គណបក្ស​អំណាច​ខ្មែរ​ឡើយ។

បើ​តាម​ប្រធាន​ស្ដី​ទី​រូប​នេះ រដ្ឋាភិបាល​គួរ​ទម្លាក់​បទ​ចោទ​លើ​លោក​ សួន សេរីរដ្ឋា ដោយ​បង្វែ​ឲ្យ​ទៅ​សុំទោស​កង​ទ័ព​វិញ។ លោក​ថា កន្លង​មក​មាន​មន្ដ្រី​រដ្ឋាភិបាល លោក ទៀ បាញ់ ​ធ្លាប់​ប្រើ​ពាក្យ​ “វាយ​បាក់​ធ្មេញ” និង​ លោក វង សូត ធ្លាប់​ប្រើ​ពាក្យ​ “វាយ​ក្បាល​នឹង​គល់​ឬស្សី” ទៅ​លើ​អ្នក​តវ៉ា​លទ្ធផល​បោះ​ឆ្នោត ​ប៉ុន្ដែ​លោក​ថា អ្នក​និយាយ​ទាំង​នោះ​មិន​បាន​ទទួល​ទោស​អ្វី​ទេ។

គួរ​រម្លឹក​ថា កាល​ពី​ថ្ងៃ​ទី​១២ ខែ​សីហា ប្រធាន​គណបក្ស​អំណាច​ខ្មែរ លោក​សួន សេរី​រដ្ឋា ​បាន​សរសេរ​សារ​នៅក្នុង​ទំព័រ​ហ្វេស​ប៊ុក​របស់​ខ្លួន​ថា “ពេល​សង្គ្រាម​កើត​ឡើង​ជាមួយ​នឹង​ប្រទេស​ឡាវ​នោះ​ លទ្ធផល​វា​ហ្នឹង​មិន​ខុស​ពី​សង្គ្រាម ដែល​កើត​ឡើង​ជាមួយ​នឹង​ប្រទេស​សៀម​ទេ។​ លោក​ថា គឺ កូន​ខ្មែរ កង​ទ័ព​ជាតិ នឹង​ស្លាប់​ក្នុង​សមរភូមិ​យ៉ាង​វេទនា... ហើយ​មេទ័ព​ចោរ នឹង​ឡើង​បុណ្យ​សក្តិ ប្រមូល​បាន​លុយ​កាក់ សប្បាយ​ជា​មួយ​ស្រី​ញី​យ៉ាង​គគ្រឹក​គគ្រេង​”។

មួយ​ថ្ងៃ​បន្ទាប់ លោក សួន សេរី​រដ្ឋា ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​បញ្ជូន​ទៅ​ស្នង​ការ​ដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ។ នៅ​រសៀល​ថ្ងៃ​ទី ១៤ សីហា ​ព្រះរាជ​អាជ្ញារង​អម​តុលាការ​ក្រុង​ភ្នំពេញ ​បាន​ចោទ​ប្រកាន់​លោក​ចំនួន​៣​បទ​ល្មើស។ ទី១. គឺ​បទ​ញុះញង់​កុំ​ឲ្យ​យោធិន​ស្តាប់​បង្គាប់ តាម​មាត្រា ៤៧១ នៃ​ក្រម​ព្រហ្មទណ្ឌ​កម្ពុជា ទី២.បទ​ល្មើស​ធ្វើ​ឲ្យ​ខូច​ទឹក​ចិត្ត​កងទ័ព តាម​មាត្រា ៤៧២ និង​ទី៣ គឺ​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជា​អាទិ៍ តាម​មាត្រា ៤៩៤ និង​មាត្រា ៤៩៥ នៃ​ក្រម​ព្រហ្មទណ្ឌ​កម្ពុជា។ ក្រោយ​មក​ទៀត​ប្រធាន​គណបក្ស​រូប​នេះ​ត្រូវ​បាន​តុលាការ​សម្រេច​បញ្ជូន​ទៅ​ឃុំ​ឃាំង​បណ្ដោះ​អាសន្ន​នៅ​ពន្ធនាគារ​ដើម្បី​រង់​ចាំ​ការ​កាត់​ទោស​នៅ​សប្ដាហ៍​ក្រោយ។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI