អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

អំណាច​​សន្លឹក​ឆ្នោត​​កំពុង​ចាប់​បង្ខំ​ឲ្យ​​មន្ត្រី​​បម្រើ​រាស្ត្រ​

សំឡេង ០៤:២៩
អំណាច​​សន្លឹក​ឆ្នោត​​កំពុង​ចាប់​បង្ខំ​ឲ្យ​​មន្ត្រី​​បម្រើ​រាស្ត្រ​
អំណាច​​សន្លឹក​ឆ្នោត​​កំពុង​ចាប់​បង្ខំ​ឲ្យ​​មន្ត្រី​​បម្រើ​រាស្ត្រ​ @RFI
ដោយ៖ ប៉ែន បូណា
២៧ នាទី

លោក​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន សែន ​​តែងតែ​បាន​​ណែនាំ​​ជា​ញឹកញាប់​ឲ្យ​មន្ត្រី​ក្រោម​ឱវាទ​​បម្រើ​​ប្រជា​ពលរដ្ឋ​​ឲ្យ​​បាន​ល្អ ​និង​​ត្រូវ​​ចាត់ទុក​​ពួកគេ​​ជា​​ចៅហ្វាយ​​របស់​ខ្លួន​។ ​ប៉ុន្តែ ​នៅក្នុង​​ឆាក​នយោបាយ​​កម្ពុជា ​រហូត​មក​ដល់​ពេល​នេះ ​ពាក្យ​​ថា​«​មន្ត្រី​​ជា​​អ្នក​បម្រើ​​រាស្ត្រ​» ​គ្រាន់​តែ​​ជា​​ទ្រឹស្តី​​តែ​ប៉ុណ្ណោះ។​​ ទាំង​​ក្នុង​ការ​​អនុវត្ត​​ជាក់ស្តែង ​ក៏​ដូចជា​​ក្នុង​​ផ្នត់​គំនិត​​មនុស្ស​​ជាទូទៅ​​ដែរ ​ប្រជារាស្ត្រ​​តែង​​គោរព​​ឬ​​កោត​ខ្លាច​​មន្ត្រី ​និង​​ចាត់ទុក​​ពួកគេ​​ជា​​ចៅហ្វាយ​នាយ​​របស់​ខ្លួន​​ទៅវិញ​។ ​ប៉ុន្តែ ​អំណាច​​សន្លឹក​ឆ្នោត​​កំពុង​ចាប់​​បង្ខំ​​ឲ្យ​​មន្ត្រី​​ធ្វើការ​​បម្រើ​​រាស្ត្រ​​។ ​អ្នក​ដែល​ដើ​រ​មិន​ទាន់​សភាពការណ៍​នេះ​​ទំនង​ជា​គ្មាន​ទីតាំង​ឈរ​ជើង​ទៀត​ឡើយ​។​

ផ្សាយពាណិជ្ជកម្ម

នៅក្នុង​របប​ប្រជាធិបតេយ្យ​សេរី ប្រជាពលរដ្ឋ​ត្រូវបាន​គេ​ចាត់ទុកថា​ជា​ម្ចាស់​ប្រទេស​និង​ម្ចាស់​របស់​អ្នកដឹកនាំ​គ្រប់លំដាប់​ថ្នាក់ ពីព្រោះ​ពួកគេ​មានអំណាច​ពិសេស​មួយ​គឺ​សន្លឹកឆ្នោត​ដែល អាចធ្វើ​ឲ្យ​មន្ត្រី​ទាំងនោះ​ឡើងបុណ្យស័ក្តិ​ឬក៏​ធ្លាក់​ចេញពី​តំណែង​បាន។ ដោយសារ​អំណាច​សន្លឹកឆ្នោត​នេះហើយ​បានជា​មាន​ទ្រឹស្តី«មន្ត្រី​បម្រើ​រាស្ត្រ»។

ក៏ប៉ុន្តែ នៅ​កម្ពុជា ទ្រឹស្តី​នេះ​ហាក់​នៅ​ឆ្ងាយ​ពី​ការពិត​នៅឡើយ។ ជាទូទៅ ​មន្ត្រី​ខ្មែរភាគច្រើន​មិនដែល​ចាត់ទុក​ខ្លួនឯង​ថា​ជា​អ្នកបម្រើ​ប្រជាពលរដ្ឋ​ទេ ផ្ទុយទៅវិញ ពួកគេតែង​ប្រើ​ឥទ្ធិពល​​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​គោរព​និង​កោតខ្លាច​អំណាច​​របស់ខ្លួន​ទៅវិញ។ ផ្នត់គំនិត​បែប​នេះ​ហាក់​បានកើត​ចេញ​ជា​ស្វ័យប្រវត្តិ​ពី​អ្នកមាន​អំណាច​ដោយ​ពួកគេ​ច្រើន​តែតាំងខ្លួន​ជា​អ្នក​ដែលមាន​ឋានៈ​ខ្ពង់ខ្ពស់​ហួស​ពី​ប្រជាជន​សាមញ្ញ។

ចំណែកឯ​ប្រជាពលរដ្ឋ​វិញ​ក៏​ហាក់ដូចជា​ព្រម​ទទួលយក​ដោយ​ស្វ័យប្រវត្តិ​នូវ​អំណាច​គ្រប់គ្រង​របស់​អ្នកនយោបាយនិង​បានប្រគល់​វាសនា​របស់​ខ្លួន​ទាំងស្រុង​ទៅលើមន្ត្រីដែលមាន​អំណាច​បុណ្យ​ស័ក្តិ។ ជាក់ស្តែង ប្រជាជន​ខ្មែរ​គ្រប់​ជំនាន់​ច្រើនតែ​ចាត់ទុក​អ្នកដឹកនាំ​ឬមន្ត្រីអាជ្ញាធរថា​ជា​មេ​កើយ​និង​ជា​អ្នក​សម្រេច​ជោគវាសនា​របស់​ប្រទេសជាតិ។ ចំណែក​ខ្លួនឯង​ជា​ប្រជាជន​សាមញ្ញ​​ត្រូវ​គិតគូរ​តែ​ពី​បញ្ហា​ក្រពះ​តែមួយមុខប៉ុណ្ណោះ។

ដោយសារផ្នត់គំនិត​សង្គម​បែបនេះហើយ​បានជា​អ្នកនយោបាយ​ច្រើនតែដឹកនាំ​ប្រទេស​តាម​ទំនើងចិត្ត​ដោយ​មិន​ខ្វល់ខ្វាយ​ពីសេចក្តីត្រូវការរបស់​ប្រជាពលរដ្ឋប៉ុន្មាន​ឡើយ។ សង្គ្រាម​ស៊ីវិល​​អស់​រយៈ​ពេល​ជាច្រើន​ទសវត្សរ៍​រហូត​រុញច្រាន​ប្រទេស​ឲ្យ​ធ្លាក់​ក្នុង​របប​ខ្មែរ​ក្រហម​គឺជា​ផលវិបាក​ជាក់ស្តែង​បំផុត​នៃ​ការដឹកនាំ​ប្រទេស​ទៅតាម​មហិច្ឆតា​គ្មាន​ព្រំដែន​របស់​អ្នកនយោ​បាយ។ ទីបំផុត អ្នករងគ្រោះ​ខ្លាំងជាងគេ​គឺ​ប្រជាពលរដ្ឋ​ខ្មែរ​ខ្លួនឯង។

ប៉ុន្តែ បច្ចុប្បន្ននេះ ប្រទេស​កម្ពុជា​កំពុង​ស្ថិតក្នុង​របត់​ថ្មី​នៃ​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​ដែល​ប្រជាពលរដ្ឋ​មានអំណាច​ធ្វើជា​ម្ចាស់​ប្រទេស និង​ម្ចាស់​ជោគវាសនា​របស់ខ្លួន។ អំណាច​របស់​ពួកគេដែល​បានមកពី​សន្លឹកឆ្នោតកំពុងមានឥទ្ធិពល​កាន់តែខ្លាំងឡើង។ អំណាច​សន្លឹកឆ្នោត​កំពុងចាប់​បង្ខំ​ឲ្យ​អ្នកនយោបាយ​ត្រូវតែ​ធ្វើការ​បម្រើ​ប្រជាពលរដ្ឋបានល្អជាងមុន។ ទោះជា​យ៉ាងនេះ​ក្តី ក៏នៅមានប្រជាពលរដ្ឋ​ខ្មែរ​ជាច្រើន​នៅតែ​មិនទាន់​យល់ដឹង និង​មិនទាន់​ចេះ​ប្រើ​ពី​អំណាច​នេះ​ឲ្យ​មាន​ប្រសិទ្ធភាព​នៅ​ឡើយ​ទេ។ ស្ថានភាពនេះគឺជាឱកាស​ដែលបើក​ដៃ​ឲ្យ​អ្នកនយោបាយនិងមន្ត្រី​មានបុណ្យ​ស័ក្តិ​មួយចំនួន​នៅតែ​ប្រើអំណាចបំពាន​ទៅលើអ្នកទន់​ខ្សោយ។

ការ​ក្រើនរម្លឹកជាញឹកញាប់​របស់លោក​នាយ​ក​រដ្ឋមន្ត្រី​ហ៊ុន សែន ដែលចង់ឲ្យ​មន្ត្រី​ធ្វើខ្លួន​ជា​អ្នកបម្រើ​រាស្ត្រ​គឺជា​សារ​ដ៏​សំខាន់​មួយ​សម្រាប់​ពញ្ញាក់​ស្មារតី​មន្ត្រី​មួយចំនួន​ដែល​នៅតែ​លង់​លក់​ក្នុង​ទស្សនៈ​ចាស់គំរឹល​នោះ​ឲ្យ​ភ្ញាក់រលឹក​ឡើង​ហើយ​ប្រញាប់​រត់​ឲ្យ​ទាន់សភាពការណ៍​នយោបាយ​ថ្មី​ដែល​កំពុងតែ​វិ​វ​ឌ្ឍ៍​ទៅមុខ​ជា​លំដាប់។ សភាពការណ៍​នយោបាយ​ថ្មី​បច្ចុប្បន្ន​គឺ «មន្ត្រី​គឺជា​អ្នកបម្រើ​រាស្ត្រ»។ ដូច្នេះ ការបន្ត​លង់លក់​ក្នុង​ផ្នត់គំនិត​ចាស់​ហើយ​មិន​ព្រម​ទទួល​យក​វប្បធម៌​នយោបាយ​ថ្មី​នេះ មិន​ត្រឹមតែ​ជា​គ្រោះថ្នាក់​សម្រាប់​មន្ត្រី​ទាំងនោះ​តែប៉ុណ្ណោះ​ទេ តែ​វា​ក៏បង្ក​គ្រោះថ្នាក់ធំធេង​ដល់​រដ្ឋាភិបាល​ផងដែរ។

ម្យ៉ាងទៀត សារ​របស់​ប្រមុខរដ្ឋាភិបាល​ក៏អាច​ពញ្ញាក់​ស្មារតី​ប្រជាពលរដ្ឋ​ម្ចាស់ឆ្នោត​ឲ្យ​ភ្ញាក់​រលឹក និង​ចេះ​ប្រើ​អំណាច​របស់ខ្លួន​ឲ្យ​បាន​ត្រឹ​ត្រូវ​ផងដែរ។ ពីព្រោះ​សូមកុំភ្លេចថា សន្លឹកឆ្នោត​មួយ​សន្លឹក​ពិតជា​អាច​ផ្លាស់ប្តូរ​ស្ថានភាព​មន្ត្រី​មួយចំនួន​ដែលចង់​តែធ្វើ​ចៅហ្វាយ​រាស្ត្រនោះ​ឲ្យ​មកជាមន្ត្រី​ដែលធ្វើការបម្រើ​រាស្ត្រវិញ​។ ទោះជាយ៉ាងនេះក្តី ​ក៏មន្ត្រី​ខ្មែរមួយចំនួន​នៅតែ​មិន​ព្រម​ផ្លាស់ប្តូរ​ឥរិយាបថចាស់គំរឹលដើម្បីក្លាយខ្លួនជាមន្ត្រីសម័យក្នុងបរិបទប្រជាធិបតេយ្យ​សេរី​នៅឡើយ​ទេ។

យ៉ាងណាក៏ដោយ ការវិវឌ្ឍនៃផ្នត់គំនិតរបស់ប្រជាពលរដ្ឋខ្មែរចុងក្រោយនេះ​គឺជានិន្នាការ​មួយ​ដែល​បញ្ជាក់​ថា អំណាចសន្លឹកឆ្នោតកាន់តែមានឥទ្ធិពលខ្លាំងជាងមុន ហើយអំណាចនេះក៏​កាន់​តែរឹងមាំ​ជាលំដាប់។  ក្នុងន័យនេះ ទោះចង់ឬមិនចង់ ស្ថានការណ៍​នយោបាយ​ទំនងជាមិន​អនុគ្រោះឲ្យ​មន្ត្រី​ដែល​ចូលចិត្ត«កន្ទេលធំបន្លំដេក»​អាចឈរជើង​បានយូរតទៅទៀតឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ