បក្សកាន់អំណាចប្រកាសថ្កោលទោសសេចក្តីថ្លែងការណ៍ស្តីពីការបែកបាក់ផ្ទៃក្នុងរបស់ខ្លួន
នៅថ្ងៃសុក្រនេះ ទំព័រហ្វេសប៊ុកមួយឈ្មោះថា “អ្នកស្នេហាជាតិ គណបក្សប្រជាជន” បានបង្ហោះនូវសេចក្តីថ្លែងការណ៍មួយដោយបង្ហាញពីការមិនពេញចិត្តចំពោះការដឹកនាំរបស់លោកនាយករដ្ឋមន្រ្តីហ៊ុន សែន។ សេចក្តីថ្លែងការណ៍នេះបង្ហោះចេញភ្លាម លោកសម រង្ស៊ី ក៏បានចែកចាយភ្លាមដែរនៅលើទំព័រហ្វេសប៊ុករបស់លោក។ ប៉ុន្តែភ្លាមៗនេះ បក្សប្រជាជនកម្ពុជាក៏បានចេញមុខទាត់ចោល និងបានថ្កោលទោសយ៉ាងខ្លាំង។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
សេចក្តីថ្លែងការណ៍ដែលចេញនៅលើទំព័រហ្វេសប៊ុកមានឈ្មោះថា “អ្នកស្នេហាជាតិ គណបក្សប្រជាជន”នេះ បានប្រើប្រាស់ទម្រង់បែបបទ និងរូបសញ្ញាដូចសេចក្តីថ្លែងការណ៍ផ្លូវការរបស់គណបក្សប្រជាជនកម្ពុជាដែរ។ ទំព័រហ្វេសប៊ុកនេះបានបង្ហោះចេញកាលពីព្រឹកព្រលឹមថ្ងៃសុក្រនេះ ហើយជាងកន្លះម៉ោងក្រោយមកលោកសម រង្ស៊ី អតីតប្រធានអតីតគណបក្សសង្រ្គោះជាតិ ក៏បានចែកចាយបន្តនៅលើទំព័រហ្វេសប៊ុករបស់លោក។
សេចក្តីថ្លែងការណ៍នេះ បានបង្ហាញពីការព្រួយបារម្ភ និងខកចិត្តចំពោះការដឹកនាំរបស់លោកនាយករដ្ឋមន្រ្តីហ៊ុន សែន ដោយហៅថា ជាទង្វើផ្តាច់ការ និង ក្បត់ជាតិ។ ក្រុមដែលហៅខ្លួនឯងថា “អ្នកស្នេហាជាតិក្នុងជួរដឹកនាំគណបក្សប្រជាជន”នៅក្នុងសេចក្តីថ្លែងការណ៍នេះ បានអះអាងថា នឹងដឹកនាំកម្លាំងផ្ទៃក្នុងគណបក្សប្រជាជនកម្ពុជារួមកម្លាំងជាមួយអ្នកសេ្នហាជាតិផ្សេងទៀត ព្រមទាំងអ្នកគាំទ្រអតីតបក្សប្រឆាំងផង ដើម្បីជំរុញឱ្យមានការផ្លាស់ប្តូរនៅក្នុងឆ្នាំ២០១៩នេះ។
ប៉ុន្តែភ្លាមៗ គណបក្សប្រជាជនកម្ពុជា បានចេញមុខមកទាត់ចោល។ តាមរយៈសេចក្តីថ្លែងការណ៍នៅថ្ងៃសុក្រនេះ គណបក្សកាន់អំណាច បានហៅសេចក្តីថ្លែងការណ៍នោះថា ឯកសារក្លែងក្លាយក្នុងគោលបំណងញុះញង់បំបែកបំបាក់គណបក្សប្រជាជនកម្ពុជា បង្កភាពវឹកវរក្នុងសង្គម និងបំផ្លាញដំណើរការអភិវឌ្ឍប្រទេសជាតិ។ ជាមួយគ្នានេះ គណបក្សប្រជាជនកម្ពុជាក៏បានប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការបង្កើតសេចក្តីថ្លែងការណ៍នេះ ហើយបានប្រកាសប្តឹងស្ថាប័នមានសមត្ថកិច្ចចាត់វិធានការជាបន្ទាន់ ដើម្បីវែកមុខអ្នកបង្កើតសេចក្តីថ្លែងការណ៍នេះ យកមកផ្ទន្ទាទោសតាមច្បាប់។
ជាការកត់សម្គាល់ សេចក្តីថ្លែងការណ៍បង្ហាញពីការបែកបាក់ផ្ទៃក្នុងរបស់គណបក្សកាន់អំណាចនេះ បានលេចឡើងស្របពេលដែលលោកសម រង្ស៊ី កំពុងបំផុសបំផុលប្រជាពលរដ្ឋខ្មែរទាំងនៅក្រៅប្រទេស និង ក្នុងប្រទេសឱ្យងើបឈរឡើងប្រឆាំងនឹងលោកនាយករដ្ឋមន្រ្តីហ៊ុន សែន ដោយសន្តិវិធី។
អ្នកនាំពាក្យគណបក្សកាន់អំណាច លោកសុខ ឥសាន បានចាត់ទុកការបង្កើតសេចក្តីថ្លែងការណ៍នេះថា ជាឧបាយកលចាស់គម្រិលរបស់លោកសម រង្ស៊ី ចង់បំបែកបំបាក់ផ្ទៃក្នុងគណបក្សប្រជាជនកម្ពុជា។ ប៉ុន្តែ គ្មានប្រសិទ្ធភាពនោះទេ។ គា្មនប្រសិទ្ធភាព ព្រោះគណបក្សប្រជាជនកម្ពុជាទាំងមូលមានសាមគ្គីភាព ឯកភាពផ្ទៃក្នុងខ្ពស់ និងគោរពនូវតួនាទីជាប្រវត្តិសាស្រ្តរបស់លោកនាយករដ្ឋមន្រ្តីហ៊ុន សែន ដែលជាស្នូលនៃគណបក្សប្រជាជនកម្ពុជា និងជាអគ្គមគ្គុទេ្ទសដ៏ឆ្នើមរបស់ប្រជាជនកម្ពុជា។ នេះបើតាមការបញ្ជាក់បន្ថែមរបស់គណបក្សប្រជាជនកម្ពុជានៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ