កម្ពុជា

កម្ពុជា​ស្ងប់​ស្ងាត់ ក្នុង​ខួប​៩​ឆ្នាំ​នៃ​ការ​ដាក់​បញ្ចូល​ប្រាសាទ​ព្រះ​វិហារ​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភព​លោក

ថ្ងៃទី៧ ខែកក្កដា ឆ្នាំ​២០១៧​ គឺ​ជា​ខួប​ឆ្នាំ​ទី​៩ ដែល​ប្រាសាទ​ព្រះ​វិហារ​កម្ពុជា​ត្រូវ​បាន​ដាក់​បញ្ចូល​ជា​សម្បត្ដិ​បេតិកភណ្ឌ​ពិភព​លោក។
ថ្ងៃទី៧ ខែកក្កដា ឆ្នាំ​២០១៧​ គឺ​ជា​ខួប​ឆ្នាំ​ទី​៩ ដែល​ប្រាសាទ​ព្រះ​វិហារ​កម្ពុជា​ត្រូវ​បាន​ដាក់​បញ្ចូល​ជា​សម្បត្ដិ​បេតិកភណ្ឌ​ពិភព​លោក។ @Samdech Hun Sen, Cambodian Prime Minister

ថ្ងៃ​ទី​៧ ​ខែ​កក្កដា ឆ្នាំ​២០១៧​នេះ គឺ​ជា​ខួប​ឆ្នាំ​ទី​៩ ដែល​ប្រាសាទ​ព្រះ​វិហារ​កម្ពុជា​ត្រូវ​បាន​ដាក់​បញ្ចូល​ជា​សម្បត្ដិ​បេតិកភណ្ឌ​ពិភព​លោក។ ប៉ុន្តែ​នៅ​ថ្ងៃ​នេះ​ រដ្ឋាភិបាល​កម្ពុជា មិន​បាន​រៀប​ចំ​អបអរ​សាទរ​ឲ្យ​អធិកអធម​ដូច​មុនៗ​នោះ​ទេ។ ដោយ​ឡែក លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​រំលឹក​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ថា ថ្ងៃ​នេះ​គឺ​ជា​ខួប​៩​ឆ្នាំ​នៃ​ការ​ដាក់​បញ្ចូល​ប្រាសាទ​ព្រះ​វិហារ​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភព​លោក។

ផ្សាយពាណិជ្ជកម្ម

ខុស​ពី​បណ្តា​ឆ្នាំ​មុនៗ នៅ​ថ្ងៃ​ទី ៧ ខែ​កក្កដា តាំង​ពី​ឆ្នាំ​២០០៨​មក រដ្ឋាភិបាល​កម្ពុជា​តែង​តែ​ធ្វើ​ពិធី​អបអរ​សាទរ​ខួប​នៃ​ការ​ដាក់​បញ្ចូល​ប្រាសាទ​ព្រះ​វិហារ​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភព​លោក​យ៉ាង​គគ្រឹក​គគ្រែង។ ប៉ុន្តែ​នៅ​ចំ​ខួប​៩​ឆ្នាំ​នៃ​ការ​ដាក់​បញ្ចូល​ប្រាសាទ​ព្រះ​វិហារ​នៅ​ថ្ងៃ​ទី​ ៧ ខែ ៧ ឆ្នាំ​២០១៧​នេះ កម្ពុជា​ហាក់​មាន​ភាព​ស្ងប់​ស្ងាត់។ ភាព​ស្ងប់​ស្ងាត់​នេះ ត្រូវ​បាន​លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​ទីស្តីការ​គណៈរដ្ឋមន្រ្តី​បាន​បញ្ជាក់​ថា គឺ​ដោយ​សារ​តែ​រដ្ឋាភិបាល​កម្ពុជា​រវល់​ពេក។

តែ​ទោះ​បី​ជា​ឆ្នាំ​នេះ រដ្ឋាភិបាល​មិន​បាន​ធ្វើ​ពិធី​អ្វី​ឲ្យ​ធំ​ដុំ​ក្តី​ ប៉ុន្តែ លោក ផៃ ស៊ីផាន ជា​រដ្ឋលេខាធិការ​ទីស្តីការ​គណៈរដ្ឋមន្រ្តី​ផង​នោះ បាន​លើក​ឡើង​ថា មាន​ការ​ជួប​ប្រជុំ​គ្នា​ជា​លក្ខណៈ​ផ្ទៃ​ក្នុង​នៅ​ឯ​ទីស្តីការ​គណៈរដ្ឋមន្រ្តី ដើម្បី​ជា​ការ​រំលឹក​ស្នាដៃ​របស់​លោក​ឧបនាយក​រដ្ឋមន្រ្តី សុខ អាន អតីត​ប្រធាន​ក្រុម​ការងារ​កម្ពុជា​ក្នុង​ការ​ដាក់​ប្រាសាទ​ព្រះវិហារ​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភព​លោក​នេះ។ លោក ផៃ ស៊ីផាន បាន​គូស​បញ្ជាក់​ថា កិច្ច​ប្រជុំ​នេះ ក៏​បាន​លើក​ឡើង ពី​បទ​ពិសោធន៍ ទិដ្ឋភាព​ច្បាប់ និង​ទិដ្ឋភាព​នយោបាយ ទាក់​ទង​ទៅ​នឹង​ដំណើរ​រឿង​នៃ​ការ​ដាក់​បញ្ចូល​ប្រាសាទ​ព្រះ​វិហារ​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភព​លោក និង​ក្តី​ក្តាំ​ជាមួយ​ភាគី​ថៃ ចាប់​តាំង​ពី​ឆ្នាំ​២០០៨ រហូត​ដល់​ឆ្នាំ ២០១៣។

ដោយ​ឡែក លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន នៅ​ថ្ងៃ​នេះ ក៏​បាន​សរសេរ​សារ​ខ្លី​មួយ​នៅ​លើ​គណនេយ្យ​ហ្វេសបុក​របស់​លោក​ដោយ​បាន​អបអរ​សាទរ​ខួប​៩​ឆ្នាំ​នៃ​ការ​ដាក់​បញ្ចូល​ប្រាសាទ​ព្រះ​វិហារ​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភព​លោក​នេះ​ដែរ។ លោក​បាន​លើក​ឡើង​ថា សព្វ​ថ្ងៃ​នេះ ប្រាសាទ​ព្រះ​វិហារ​ដ៏​ល្បី​ល្បាញ​របស់​កម្ពុជា បាន​នឹង​កំពុង​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​យ៉ាង​ច្រើន។

គួរ​ជំរាប​ជូន​ថា ប្រាសាទ​ព្រះ​វិហារ ត្រូវ​បាន​អង្គការ UNESCO ចុះ​បញ្ជី​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភព​លោក​នៅ​ថ្ងៃ​ទី ៧ ខែ​កក្កដា ឆ្នាំ​២០០៨ នៅ​ក្នុង​សម័យ​ប្រជុំ​លើក​ទី​៣២ នៅ​ក្នុង​ទីក្រុង​កេបិក ប្រទេស​កាណាដា។ ក្រោយ​ការ​ចុះ​បញ្ជី​នេះ ប្រាសាទ​ព្រះ​វិហារ ត្រូវ​បាន​ភាគី​ថៃ ចាប់​ផ្តើម​បញ្ជូន​ទាហាន​មក​ឈ្លាន​ពាន​ជា​ថ្មី នៅ​តាម​តំបន់​ក្បែរៗ​ប្រាសាទ​ព្រះ​វិហារ ដែល​ធ្វើ​ឲ្យ​ជម្លោះ​បាន​រីក​រាល​ដាល​ទៅ​កាន់​តំបន់​និង​ខេត្ត​ផ្សេងៗ​ទៀត ចាប់​តាំង​ពី​ខែ​តុលា​ឆ្នាំ​២០០៨ រហូត​ដល់​ខែ​វិច្ឆិកា​ឆ្នាំ​២០១៣។ ជម្លោះ​ដែល​ឈាន​ដល់​ការ​ផ្ទុះ​អាវុធ​កាល​ណោះ បាន​បណ្តាល​ឲ្យ​ភាគី​ទាំង​ពីរ​ស្លាប់​និង​របួស​ទាហាន​ដូច​គ្នា និង​បាន​ប៉ះ​ពាល់​ដល់​ថ្ម​ប្រាសាទ​ថែម​ទៀត​ផង។

យ៉ាង​ណា​ក៏​ដោយ ៩​ឆ្នាំ ក្រោយ​ពី​ការ​ដាក់​បញ្ចូល​ប្រាសាទ​ព្រះ​វិហារ​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភព​លោក​នេះ មន្រ្តី​ជំនាញ​បាន​អះអាង​ថា ប្រាសាទ​ព្រះវិហារ​ដែល​មាន​វ័យ​ជាង​១​ពាន់​ឆ្នាំ កំពុង​ប្រឈម​បញ្ហា​ខ្លាំង ពិសេស​បញ្ហា​អាកាស​ធាតុ និង​ធម្មជាតិ ដែល​ទាមទារ​ឲ្យ​មាន​ការ​ថែ​រក្សា និង​ជួស​ជុល​ជា​បន្ទាន់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI