របាយការណ៍មូលនិធិ UNFPA៖ អត្រាយកកូនសម្រាប់ស្ត្រីខ្មែរ ធ្លាក់ចុះពី៦នាក់មកនៅត្រឹម២នាក់
មូលនិធិសហប្រជាជាតិសម្រាប់ប្រជាជន ហៅកាត់ UNFPA ប្រចាំកម្ពុជា នៅថ្ងៃសុក្រនេះ បានចេញផ្សាយរបាយការណ៍ប្រចាំឆ្នាំ ស្ដីពី សិទ្ធិនៃការជ្រើសរើសលើបញ្ហាសុខភាពបន្តពូជ និងបម្រែបម្រួលប្រជាសាស្រ្ត។ សម្រាប់ប្រទេសកម្ពុជា មន្ត្រីUNFPA គូសបញ្ជាក់ថា នាពេលបច្ចុប្បន្ននេះ ទំនោរយកកូនរបស់ស្ដ្រីខ្មែរ បានប្រែប្រួលបើធៀបនឹងទសវត្សឆ្នាំ១៩៨០។ ទសវត្សឆ្នាំ១៩៨០ ដែលស្ត្រីខ្មែរម្នាក់លទ្ធភាពបង្កកំណើតកូនខ្ពស់យ៉ាងហោចណាស់៦នាក់ តែឥឡូវធ្លាក់មកនៅត្រឹម២នាក់។
ចុះផ្សាយនៅថ្ងៃ៖
លោក យី សុខថា មន្ត្រីកម្មវិធីទទួលបន្ទុកប្រជាជននិងការអភិវឌ្ឍ របស់ UNFPA ឲ្យដឹងថា ចន្លោះទសវត្សឆ្នាំ១៩៨០ ក្រោយសម័យប៉ុលពត លទ្ធភាពនៃការយកកូនរបស់ស្រី្តខ្ពស់មែនពិត តែអត្រានៃការស្លាប់ក៏ខ្ពស់ដែរ ដោយសារតែសេវាសុខាភិបាលនៅពេលនោះមិនទាន់មានលក្ខណៈទំនើបគ្រប់គ្រាន់។ តែក្រោយមកទៀត អត្រាដែលស្ត្រីយកកូនច្រើននៅខ្ពស់ ក៏ប៉ុន្តែអត្រានៃការស្លាប់របស់កូនមានការថយចុះ។ ហើយចំនួនប្រជាជននៅក្នុងប្រទេសកម្ពុជាក៏ចាប់ផ្ដើមកើនឡើង។
ប៉ុន្តែយ៉ាងណាក៏ដោយមកដល់បច្ចុប្បន្ននេះ ស្ត្រីមានទំនោរយកកូនតិចត្រឹមតែ២នាក់ប៉ុណ្ណោះ។ ក្នុងនោះកត្តាសេដ្ឋកិច្ចជារឿងអាទិភាព សម្រាប់ស្ត្រីដែលសម្រេចចិត្តយកកូនតិច។ ការយកកូនតិច ក៏បានអនុញ្ញាតឲ្យស្ត្រីផ្ដល់ផលប្រយោជន៍សម្រាប់ខ្លួនឯង ក៏ដូចជាបានរួមចំណែកក្នុងកិច្ចការងារសង្គមបានច្រើន។ ម្យ៉ាងទៀតក៏ដោយសារតែភាពសម្បូរបែបនៃមធ្យោបាយពន្យារកំណើតផងដែរ ដែលជាហេតុធ្វើឲ្យអត្រានៃការមានកូនធ្លាក់ចុះ។ នេះបើតាម លោក យី សុខថា។ មន្ត្រីរូបនេះឲ្យដឹងបន្ថែមថា អត្រានៃការយកកូនតិច នឹងបន្តធ្លាក់ចុះនាពេលអនាគត និយាយជារួមសម្រាប់ពិភពលោក និងនិយាយដោយឡែកសម្រាប់ប្រទេសកម្ពុជា។
លោក ប៉ូច ប៊ុនណាក់ រដ្ឋលេខាធិការក្រសួងផែនការ លើកឡើងថា អត្រានៃការយកកូនតិចមិនមែនជារឿងអាក្រក់ទេ សម្រាប់ប្រទេសកម្ពុជា។ មិនអាក្រក់ព្រោះថា គោលនយោបាយរដ្ឋាភិបាលស្ដីពីសិទ្ធិបន្តពូជ ផ្ដល់សិទ្ធិពេញលេញដល់ស្ត្រីកំណត់ចំនួនកូន។ ម្យ៉ាង ការយកកូនតិចបានក្លាយជានិន្នាការថ្មីរបស់ពិភពលោកផង មុននឹងឆ្លងមកដល់កម្ពុជា។ នេះដោយសារតែភាពវៃឆ្លាតរបស់គ្រួសារនីមួយៗ ដែលយល់ដឹងពីអត្ថប្រយោជន៍នៃការកំណត់ចំនួនកូន។ នេះបើតាម រដ្ឋលេខាធិការក្រសួងផែនការ។
បើទោះបីជារដ្ឋាភិបាលមិនសូវជាព្រួយបារម្ភចំពោះនិន្នាការយកកូនតិចបែបនេះក៏ដោយ តែ UNFPA បានរំឭករដ្ឋាភិបាល ឲ្យតាមដានឲ្យបានទៀងទាត់នូវគោលនយោបាយរបស់ខ្លួន ពាក់ព័ន្ធនឹងអត្រាកំណើតនេះ។ ប៉ុន្តែយ៉ាងណាក៏ដោយ រវាងអត្រាកំណើត និងអត្រាមនុស្សចាស់ គឺកំណើនមនុស្សចាស់ជាអ្វីដែលរដ្ឋាភិបាលព្រួយបារម្ភខ្លាំងជាង។ នេះបើតាមក្រសួងផែនការ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ