ករណីលុបឆ្នេរព្រែកត្រែងនិងបឹងព្រែកទប់ នឹងត្រូវលើកឡើងនៅក្នុងកិច្ចប្រជុំមួយ នៅចុងខែតុលានេះ
ចុះផ្សាយនៅថ្ងៃ៖
ថ្មនិងអាចម៍ដីដែលចាក់ចូលឆ្នេរព្រែកត្រែង ស្ថិតនៅក្នុងខេត្តព្រះសីហនុ នៅមិនទាន់កាយចេញអស់នៅឡើយទេ គិតត្រឹមថ្ងៃទី ១៨ តុលានេះ។ ផ្ទុយពីបទបញ្ជារបស់ប្រមុខរដ្ឋាភិបាលកម្ពុជា ក្រុមហ៊ុនដែលចាក់ដីចូលឆ្នេរព្រែកត្រែង មិនត្រឹមតែមិនទាន់កាយដីចេញអស់នៅឡើយទេ ហើយថែមទាំងធ្វើរបងព័ទ្ធទៀត។ ទាក់ទងនឹងករណីនេះ សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ បានសន្យាថា នឹងលើកយកករណីនេះ ទៅពិភាក្សានៅក្នុងកិច្ចប្រជុំមួយ នៅចុងខែនេះ។
ករណីចាក់ដីរំលោភយកឆ្នេរព្រែកត្រែង ស្ថិតនៅក្នុងខេត្តព្រះសីហនុ និងករណីរសើបផ្សេងទៀត នឹងត្រូវលើកឡើងដោយសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ នៅក្នុងកិច្ចប្រជុំមួយ ដែលគ្រោងធ្វើឡើងនៅថ្ងៃទី៣០ ខែតុលាខាងមុខនេះ បន្ទាប់ពីមានសេចក្តីរាយការណ៍ថា ក្រុមហ៊ុនដែលចាក់ដីចូលឆ្នេរព្រែកត្រែង មិនត្រឹមតែមិនទាន់កាយដីចេញអស់នោះទេ តែថែមទាំងធ្វើរបងព័ទ្ធទីនោះទៀត។ នេះបើតាមការបញ្ជាក់ពីលោក ពេជ្រ ស្រស់ សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ ជាយន្តការថ្មីដែលទើបបង្កើតឡើង នៅក្នុងរដ្ឋាភិបាលកម្ពុជាអាណត្តិទី៦នេះ។
ការលើកឡើងនេះ បន្ទាប់ពីមានសេចក្តីរាយការណ៍ពីកាសែតភ្នំពេញប៉ុស្តិ៍ជាភាសាខ្មែរ នៅថ្ងៃទី១៨ តុលា ដែលបានចុះផ្សាយថា ក្រុមហ៊ុន ដែលចាក់ដីរំលោភឆ្នេរសមុទ្រព្រែកត្រែង នៅក្នុងខេត្តព្រះសីហនុ នៅមិនទាន់កាយដីចេញនៅឡើយទេ ហើយបែរជាធ្វើរបងថែមទៀត។ ការណ៍នេះ គឺជាការអនុវត្តផ្ទុយពីបទបញ្ជារបស់ប្រមុខរដ្ឋាភិបាលកម្ពុជា ហ៊ុន សែន កាលពីខែកញ្ញា។ កាលពីខែកញ្ញា តាមរយៈលោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បានបញ្ជាឲ្យក្រុមហ៊ុនឯកជនមួយ កាយដីដែលខ្លួនបានចាក់ចូលឆ្នេរព្រែកត្រែង ហើយត្រូវរក្សាឆ្នេរធម្មជាតិនេះឲ្យនៅដូចដើម។
ប៉ុន្តែអស់រយៈពេលជាង១ខែមកនេះ ថ្មនិងអាចម៍ដី ដែលចាក់ចូលឆ្នេរព្រែកត្រែង នៅមិនទាន់កាយចេញអស់នៅឡើយទេ ហើយជាអ្វីដែលសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ លោក ពេជ្រ ស្រស់ បានសំដែងការសោកស្តាយ។ ឆ្លើយតបនឹងការចុះផ្សាយនេះ លោក ឱ សារឿន អ្នកនាំពាក្យខេត្តព្រះសីហនុ បានពន្យល់ថា កន្លងមកអាជ្ញាធរខេត្តបានធ្វើនីតិវិធីជាច្រើនរួចមកហើយ ប៉ុន្តែមិនទាន់ស្អាតទាំងស្រុងនៅឡើយទេ។ ប៉ុន្តែ ជាគោលការណ៍ ករណីនេះនៅមិនទាន់បញ្ចប់នៅឡើយទេ។
គួរកត់សំគាល់ដែរថា ខេត្តព្រះសីហនុ គឺជាខេត្តមួយដែលកំពុងមមាញឹកខ្លាំងក្នុងការអភិវឌ្ឍបន្ទាប់ពីការមកដល់យ៉ាងគំហុកនៃអ្នកវិនិយោគជនជាតិចិន ដែលធ្វើឲ្យតម្លៃដីធ្លីនៅក្នុងខេត្តជាប់ឆ្នេរសមុទ្រកម្ពុជាមួយនេះ បានហក់ឡើងខ្ពស់ ហើយតម្រូវការដីធ្លីក៏កាន់តែច្រើនថែមទៀត។ ក្រៅពីករណីរំលោភដីឆ្នេរដ៏លេចធ្លោនៅព្រែកត្រែងហើយនោះ ប្រជាពលរដ្ឋក៏កំពុងរិះគន់ទៅលើអាជ្ញាធរខេត្តនិងរដ្ឋាភិបាលកម្ពុជា ចំពោះការអនុញ្ញាតឲ្យមានការចាក់ដីលុបបឹងព្រែកទប់ ប្រមាណជា ១១.៥០ ហិចតា ដែលជាបឹងធម្មជាតិ និងប្រវត្តិសាស្ត្រនៅក្នុងខេត្តព្រះសីហនុ ហើយជាអ្វីដែលលោក ពេជ្រ ស្រស់ បានអះអាងថា ជារបៀបវារៈអាទិភាពរបស់លោក ដែលនឹងត្រូវលើកឡើងនៅក្នុងកិច្ចប្រជុំឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ នៃទីស្តីការគណៈរដ្ឋមន្ត្រី ដែលនឹងត្រូវធ្វើឡើងនៅចុងខែនេះ។ បើតាមលោក ពេជ្រ ស្រស់ បើទោះបីជាគ្មានសង្ឃឹមច្រើនក្តី តែលោកនឹងប្រើប្រាស់យន្តការថ្មីនេះ ដើម្បីធ្វើការតស៊ូមតិ ឲ្យមានការកែសម្រួល ដើម្បីផលប្រយោជន៍របស់សាធារណជនទូទៅ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ