លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បង្ហាញសក្តានុពល ៦ចំណុច ទាក់ទាញអ្នកវិនិយោគនៅក្នុងវេទិការធុរកិច្ច ជប៉ុន-មេគង្គ
នៅចំពោះមុខអ្នកធុរកិច្ចជាច្រើន លោកនាយករដ្ឋមន្ត្រី ហ៊ុន សែនកាលពីរសៀលថ្ងៃម្សិលមិញ បានបង្ហាញថាប្រទេសកម្ពុជា ជាប្រទេសមួយដែលមានសក្តានុពល និងកាលានុវត្តភាពជាច្រើន ក្នុងការទាក់ទាញ អ្នកវិនិយោគ។ ការលើកឡើងពីសក្តានុពល និងកាលានុវត្តភាពទាំង៦ចំណុច របស់ប្រមុខរដ្ឋាភិបាលកម្ពុជាដូច្នេះ ធ្វើឡើងខណៈលោកចូលរួមនៅក្នុងកិច្ចប្រជុំកំពូលមេគង្គ-ជប៉ុន លើកទី១០ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។
ចុះផ្សាយនៅថ្ងៃ៖
នៅក្នុងវេទិការធុរកិច្ចមេគង្គ-ជប៉ុន ដែលមានឈ្មោះថា«តំបន់ប្រមូលផ្តំនៃខ្សែច្រវាក់តម្លៃរបស់អាស៊ី» ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន បានលើកឡើងនូវគោលនយោបាយយុទ្ធសាស្ត្រចតុកោណចំនួន៤ ដោយបច្ចុប្បន្ននេះ រដ្ឋាភិបាលកម្ពុជាកំពុងតែអនុវត្ត នូវយុទ្ធសាស្ត្រចតុកោណទី។ នៅក្នុងដំណាក់កាលចតុកោណទី៤នេះ តាមលោក ហ៊ុន សែន គឺសំដៅស្វែងរក ប្រភពកំណើនសេដ្ឋកិច្ចថ្មី ដើម្បីធានាកំណើនសេដ្ឋកិច្ចខ្ពស់ និងប្រកបដោយចីរភាព ដោយទាញយកប្រយោជន៍ ពីកាលានុវត្តភាពនៅក្នុងតំបន់ បង្កើតតម្លៃបន្ថែមក្នុងវិស័យចន្ទល់សេដ្ឋកិច្ច ដែលមានស្រាប់នៅក្នុងអនុវិស័យពាក់ព័ន្ធ។
ដោយឡែក ចំពោះសក្តានុពល និងកាលានុវត្តភាពទាំង៦ចំណុច ដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកយកមកប្រាប់អ្នកវិនិយោគ នៅក្នុងឱកាសធុរកិច្ច មេគង្គ-ជប៉ុន នេះ រួមមាន ទី១ ភាពអំណោយផលនៃស្ថិរភាពនយោបាយ និងសន្តិសុខពេញលេញក្នុងប្រទេស បានធ្វើឲ្យកម្ពុជាស្ថិតលើគន្លងនៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ក្នុងអត្រាកំណើតសេដ្ឋកិច្ចជាមធ្យមប្រចាំឆ្នាំ ៧% ក្នុងរយៈពេលជាង ២ទសវត្សរ៍កន្លងទៅនេះ។
ទី២ គឺកម្ពុជាស្ថិតនៅលើទីតាំងជាយុទ្ធសាស្ត្រក្នុងតំបន់អាស៊ាន ដែលតំបន់នេះបាននិងកំពុងក្លាយជា “រោងចក្រនៃអាស៊ី” ហើយម្យ៉ាងទៀតកម្ពុជាក៏ស្ថិតនៅចំណុចកណ្តាលនៃតំបន់មេគង្គ ដែលជាតំបន់មានកំណើនសេដ្ឋកិច្ច និងការតភ្ជាប់ខ្ពស់ជាងគេ។ ជាមួយគ្នានេះ ការផ្លាស់ប្តូរទីប្រជុំទម្ងន់នៃកំណើនសេដ្ឋកិច្ចមកទ្វីបអាស៊ី ពិសេសអាស៊ីបូព៌ា បន្តនៅជា “ឱកាសមាស” សម្រាប់កម្ពុជាធ្វើការអភិវឌ្ឍ និងធ្វើទំនើបកម្ម ឧស្សាហកម្ម ផលិតកម្ម និងសេវាកម្ម ជាមួយបណ្តាប្រទេសក្នុងតំបន់។
ទី៣ កម្លាំងពលកម្មដែលមានភាពសម្បូរបែបនិងវ័យក្មេង ដែលក្នុនោះប្រជាជនដែលមានអយុត្រឹម ៣៥ឆ្នាំចុះមានចំនួនដល់ទៅ ៧២% នៃចំនួនប្រជាជនសរុប គួបផ្សំនឹងការកើនឡើងនៃចំនួនប្រជាជន ដែលមានចំណូលមធ្យម និងវណ្ណៈកណ្តាល នឹងបង្កើតកាលានុវត្តភាពសម្រាប់កម្ពុជា ក្នុងការសម្រេចនូវកំណើនសេដ្ឋកិច្ចខ្ពស់សម្រាប់រយៈពេល ៣ ទសវត្សរ៍ខាងមុខ។ ទី៤ គឺកម្ពុជាបានបើកចំហសេដ្ឋកិច្ចរបស់ខ្លួនសម្រាប់អ្នកវិនិយោគទាំងអស់ ដោយគ្មានការរើសអើង រវាងអ្នកវិនិយោគកម្ពុជា និងអ្នកវិនិយោគបរទេសនោះទេ។
ទី៥ ទំនិញផលិតនៅកម្ពុជា មិនមែនផ្គត់ផ្គងសម្រាប់តែទីផ្សារកម្ពុជាដែលមានប្រជាជនប្រមាណតែជាង១៥លាននាក់តែប៉ុណ្ណោះទេ ប៉ុន្តែអាចផ្គត់ផ្គង់ទៅក្នុងទីផ្សារអនុតំបន់មេគង្គដែលមានអតិថិជនប្រមាណ ២៥០ លាននាក់ទីផ្សារអាស៊ាន ដែលមានអតិថិជនប្រមាណ៦៣០លាននាក់ និងទីផ្សារនៅក្នុងតំបន់នៃកិច្ចព្រមព្រៀងភាពជាដៃគូ សេដ្ឋកិច្ចទូលំទូលាយតំបន់ (RECP) ដែលមានអតិថិជនប្រមាណ ៣ប៊ីលាននាក់ព្រមទាំងលទ្ធភាពចូលទីផ្សារធំដទៃទៀតក្នុងពិភពលោក។ និងទី៦ កម្ពុជាបាននិងកំពុងធ្វើសមាហរណកម្ម និងតភ្ជាប់តាមប៉ូលសេដ្ឋកិច្ចសំខាន់ៗ នៅក្នុងប្រទេស និងនៅក្នុងតំបន់ ជាដើម៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ