អានតួអត្ថបទ
កម្ពុជា

អង្គការ​​អ្នក​​កាសែត​​គ្មាន​​ព្រំដែន​​៖ ​សេរីភាព​​សារព័ត៌មាន​​កម្ពុជា​​ឆ្នាំ​​នេះ ​ល្អ​​ជាង​​ឆ្នាំ​​មុន​​៥​​ថ្នាក់​

អ្នកសារព័ត៌មាន​ខ្មែរ ក្នុងពេល​បំពេញ​ការងារ
អ្នកសារព័ត៌មាន​ខ្មែរ ក្នុងពេល​បំពេញ​ការងារ RFI/Channa Siv
ដោយ៖ អ៊ឹម រចនា
១៥ នាទី

នៅ​ក្នុង​របាយការណ៍​ស្ដី​ពី​សេរីភាព​សារព័ត៌មាន​ឆ្នាំ​២០១៥ ​អង្គការ​អ្នក​កាសែត​គ្មាន​ព្រំដែន បាន​ចាត់​ថ្នាក់​ប្រទេស​កម្ពុជា​នៅ​លេខ​រៀង​ទី១៣៩ ក្នុង​ចំណោម​ប្រទេស​ចំនួន​១៨០​​។ ចំណាត់​ថ្នាក់​នេះ​សរ​បង្ហាញ​ឲ្យ​ឃើញ​ថា សេរីភាព​សារព័ត៌មាន​របស់​កម្ពុជា​ល្អ​ជាង​មុន​៥​ថ្នាក់ បើ​ធៀប​នឹង​ឆ្នាំ​២០១៤​។ ឆ្នាំ​២០១៤ ដែល​កម្ពុជា​ឈរ​នៅ​លេខ​រៀង​ទី​១៤៤ លើ​តារាង​សេរីភាព​សារព័ត៌មាន​ពិភពលោក​​​។

ផ្សាយពាណិជ្ជកម្ម

របាយការណ៍​​ឆ្នាំ​២០១៥ស្ដី​ពី​សេរីភាព​សារព័ត៌មានរបស់​​អង្គការ​អ្នក​កាសែត​គ្មាន​ព្រំដែន បាន​បង្ហាញ​ថា ​ប្រទេស​កម្ពុជា​ស្ថិត​នៅ​លេខ​រៀង​ទី១៣៩ ក្នុង​ចំណោម​ប្រទេស​ចំនួន​១៨០​​។ បើ​តាម​របាយការណ៍​នេះ សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​ឆ្នាំ​នេះ មាន​ភាព​ល្អ​ប្រសើរ​ជាង​ឆ្នាំ​២០១៤​កន្លង​ទៅ​ ដែល​កាល​ណោះ កម្ពុជា​ឈរ​នៅ​លេខ​រៀង​ទី​១៤៤​។

យ៉ាងណា​ក៏​ដោយ ចំណាត់​ថ្នាក់​លេខ​១៣៩ ខាង​សេរីភាព​សារព័ត៌មាន​របស់​កម្ពុជា​នៅ​ឆ្នាំ​នេះ នៅ​តែ​មាន​កម្រិត​ទាប​នៅ​ឡើយ បើ​​​ធៀប​ទៅ​នឹងប្រទេស​ប៊្រុយណេ ដែល​មាន​ចំណាត់​ថ្នាក់​លេខ​១២១, ​ប្រទេស​ថៃ ដែល​ស្ថិត​នៅ​លេខ​រៀង​ទី ​១៣៤ និង​ឥណ្ឌូនេស៊ី ​លេខ​១៣៨​។ ប៉ុន្តែ​កម្ពុជា​មាន​សេរីភាព​សារព័ត៌មាន​ប្រសើរ​ជាង​ប្រទេស​ហ្វីលីពីន ដែល​ស្ថិត​នៅ​លេខ​រៀង​ទី​១៤១, មីយ៉ាន់ម៉ា ១៤៤, ម៉ាឡេស៊ី ១៤៧, សឹង្ហបុរី ១៥៣, ឡាវ ១៧១, និង​វៀតណាម ១៧៥​។

ដោយ​ឡែក ប្រទេស​ដែល​មាន​សេរីភាព​សារព័ត៌មាន​ល្អ​ប្រសើរ​ជាង​គេ ក្នុង​ចំណោម​ប្រទេស​ទាំង​១៨០​ទូទាំង​ពិភពលោក គឺ​ប្រទេស​ហ្វាំងឡង់​។ ហ្វាំងឡង់ បាន​គ្រង​ចំណាត់​ថ្នាក់​ជើង​ឯក​លេខ​១ ប្រាំ​​ឆ្នាំ​ជាប់​ៗ​គ្នា ដោយ​មាន​ប្រទេស​ន័រវ៉េស​តាម​ពីក្រោយ​ក្នុង​ចំណាត់​ថ្នាក់​លេខ​២ និង​លេខ​៣ គឺ​ប្រទេស​ដាណឺម៉ាក​។ ចំណែក​ប្រទេស​ដែល​ស្ថិត​នៅ​លំដាប់​លេខ​រៀង​ចុង​ក្រោយ​គេ នៅ​ក្នុង​តារាង​របស់​អង្គការ​អ្នក​កាសែត​គ្មាន​ព្រំដែន មាន​ដូចជា ប្រទេស Turkmenistan ដែល​មាន​ចំណាត់​ថ្នាក់​លេខ​១៧៨, ប្រទេស​កូរ៉េ​ខាង​ជើង ១៧៩ និង​ប្រទេស Eritrea ១៨០​។

គួរ​ជម្រាប​ជូន​ថា ​របាយការណ៍ស្ដី​ពី​សេរីភាព​សារព័ត៌មាន​ពិភពលោក ត្រូវ​បាន​ចេញ​ផ្សាយជា​រៀង​រាល់​ឆ្នាំ ​ដោយ​​អង្គការអ្នក​កាសែត​​គ្មាន​ព្រំដែន Reporters Without Borders​។ ​ក្នុងរបាយការណ៍​នោះ អង្គការ​អ្នក​កាសែត​គ្មាន​ព្រំដែន បាន​ចាត់​ថ្នាក់​​ប្រទេស​ទាំង​១៨០ ទាក់ទិន​ទៅ​នឹង​សេរីភាព​សារព័ត៌មាន ​និង​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​ច្បាស់លាស់​របស់​ប្រជាជន។ រី​ឯ​ការ​កំណត់​ពិន្ទុ​សម្រាប់​​ប្រទេស​នីមួយ​ៗ ធ្វើ​ឡើង​តាម​រយៈ​លក្ខខណ្ឌ​មួយ​ចំនួន​ដូចជា អំពើ​ហិង្សា​និង​ការ​គម្រាម​កំហែង​លើ​អ្នក​យក​ព័ត៌មាន ចំនួន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន ឯករាជ្យភាព បរិយាកាស​​និង​លក្ខខណ្ឌ​ការងារ​របស់​អ្នក​កាសែត ក្រប​ខណ្ឌ​ច្បាប់ តម្លាភាព និង​ហេដ្ឋារចនា​សម្ព័ន្ធ​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ