អង្គការសង្គមស៊ីវិល និងក្រសួងបរិស្ថានបង្ហាញភាពចម្រូងចម្រាស់បញ្ហាអភិរក្សព្រៃឡង់
ការហាមឃាត់ពីសំណាក់អាជ្ញាធរចំពោះភាពសកម្មរបស់ប្រជាពលរដ្ឋមូលដ្ឋានប៉ះពាល់យ៉ាងខ្លាំងដល់ការអភិរក្សព្រៃឡង់។ នេះបើតាមសេចក្តីថ្លែងការណ៍រួម របស់អង្គការសង្គមស៊ីវិលចំនួន១០៣ ចេញផ្សាយកាលពីថ្ងៃទី២៥ ខែកុម្ភៈ។ ភ្លាមៗបន្ទាប់ពីចេញសេចក្តីថ្លែងការណ៍នេះ ក្រសួងបរិស្ថានអះអាងថាក្រសួងគ្មានផលប្រយោជន៍អ្វីទៅប្រឆាំងនឹងអ្នកស្រឡាញ់និងចូលរួមការពារធនធានធម្មជាតិឡើយ ប៉ុន្តែតម្រូវគោរពតាមច្បាប់។
ចុះផ្សាយនៅថ្ងៃ៖
ក្រុមអង្គការសង្គមស៊ីវិលប្រមាណ១០០ស្ថាបប័ន បានសម្ដែងការសោកស្ដាយ និងហួសចិត្តជាខ្លាំង ចំពោះការរឹតត្បិតរបស់អាជ្ញាធរក្នុងការហាមឃាត់សមាជិកសហគមន៍ ព្រះសង្ឃ និងសកម្មជនបរិស្ថានរាប់រយនាក់ ដែលធ្វើដំណើរចូលទៅកាន់តំបន់ការពារព្រៃឡង់ កាលពីចុងសប្ដាហ៍មុននេះ។ នេះបើតាមសេចក្តីថ្លែងការណ៍កាលពីថ្ងៃទី២៥ ខែកុម្ភៈ។
ក្រុមអង្គការសង្គមស៊ីវិលបានហៅ ការប្រើប្រាស់មន្រ្តីឧទ្យានុរក្សប្រដាប់ដោយកាំភ្លើងរបស់ក្រសួងបរិស្ថាន ដើម្បីរារាំងសមាជិកបណ្ដាញសហគមន៍ព្រៃឡង់ ពីការប្រារព្ធពិធីបុណ្យបំបួសដើមឈើប្រចាំឆ្នាំនៅក្នុងព្រៃ គឺជាការរឹតត្បិតមិនសមហេតុផលទៅលើសេរីភាពនៃការដើរហើរ និងបង្អាក់ការខិតខំប្រឹងប្រែងអភិរក្សព្រៃឈើ។
លោក អំ សំអាត នាយករងកម្មវិធីឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ តាមរយៈសេចក្តីថ្លែងការណ៍ បានអះអាងថា“ការប្រើប្រាស់ច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលចំពោះបណ្ដាញសហគមន៍ព្រៃឡង់ គឺជាការរឹតត្បិតយ៉ាងខ្លាំង និងមិនសមស្របតាមច្បាប់”។ បើតាមលោក អំ សំអាត“បណ្ដាញសហគមន៍នេះគួរត្រូវបានអនុញ្ញាត ដើម្បីធ្វើសកម្មភាពអភិរក្សរបស់ខ្លួនដោយគ្មានការធ្វើទុក្ខបុកម្នេញនិងគំរាមកំហែង”។
ប៉ុន្មានម៉ោងបន្ទាប់ពីការចេញសេចក្តីថ្លែងការណ៍របស់ក្រុមអង្គការសង្គមស៊ីវិល ក្រសួងបរិស្ថានតាមរយៈលោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង ជាមន្ត្រីនាំពា្យក្រសួងបរិស្ថាន បានអះអាងថាកន្លងទៅ ក្រសួងតែងតែផ្តល់កិច្ចសហការល្អជាមួយបណ្តាញសហគមន៍ព្រៃឡង់ក្នុងការងារចុះល្បាត និងអភិរក្សធនធានធម្មជាតិនៅដែនជម្រកសត្វព្រៃព្រៃឡង់ ប៉ុន្តែបណ្តាញសហគមន៍ព្រៃឡង់បានធ្វើសកម្មភាព ដែលមានភាពមិនស្មោះត្រង់ក្នុងកិច្ចសហការ និងបង្កើតការអុកឡុក ក្រឡុកស្ថានការណ៍ បង្កើតរបាយការណ៍បំភ្លៃសាធារណមតិលើការងារគ្រប់គ្រងនិងអភិរក្សធនធានធម្មជាតិ។
លោក នេត្រ ភក្ត្រាបញ្ជាក់ថា ក្រសួងបរិស្ថានគ្មានផលប្រយោជន៍អ្វីទៅប្រឆាំងនឹងអ្នកស្រឡាញ់និងចូលរួមការពារធនធានធម្មជាតិឡើយ ប៉ុន្តែតម្រូវឲ្យគោរពតាមច្បាប់ជាធរមាន។ ក្រសួងបរិស្ថានបានណែនាំជាច្រើនដងរួចមកហើយឱ្យបណ្តាញសហគមន៍ព្រៃឡង់ចុះបញ្ជីនៅក្រសួងមហាផ្ទៃ ដើម្បីមានភាពស្របច្បាប់ក្នុងការបំពេញការងារ និងបង្កើតកិច្ចសហការដោយស្មោះត្រង់លើការងារគ្រប់គ្រងនិងអភិរក្សធនធានធម្មជាតិ។
មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថានរូបនេះអះអាងបន្ថែមថា ម្តងហើយម្តងទៀត ក្រោមខ្សែញាក់របស់ម្ចាស់ជំនួយរបស់ខ្លួន ពួកគេនៅតែបន្តធ្វើសកម្មភាពខុសច្បាប់ដើរចេញពីគន្លងសមូហភាពដឹកនាំគ្រប់គ្រង និងព្យាយាមចិញ្ចឹមទំនាស់លើបញ្ហាព្រៃឡង់ តាមយៈការលួចចូលល្បាតដោយអនាធិបតេយ្យ លួចប្រើប្រាស់ Apps ដែលគ្មានការទទួលស្គាល់ជាផ្លូវការពីអាជ្ញាធរមានសមត្ថកិច្ច បំភ្លៃលើទិន្នន័យនៃបទល្មើសធនធានធម្មជាតិ រាប់គល់ឈើមួយដើមថាជាបទល្មើសមួយដែលគ្មានលក្ខណៈវិទ្យាសាស្ត្រ។
សូមជម្រាបជូនថា កាលពីថ្ងៃទី២២ខែកុម្ភៈ កន្លងទៅ អាជ្ញាធរ និងមន្ត្រីឧទ្យានុរក្សបានរារាំងបណ្តាញសហគមន៍ព្រៃឡង់ ព្រះសង្ឃ សកម្មជនបរិស្ថាន និងយុវជន មិនឱ្យចូលព្រៃទៅកាន់កន្លែងប្រារព្ធពិធីបុណ្យព្រៃឡង់ និងបំបួសព្រៃឈើ ដែលគ្រោងធ្វើឡើង រយៈពេល២ថ្ងៃ គឺនៅថ្ងៃទី២២ ដល់ ២៣ ខែកុម្ភៈ ឆ្នាំ២០២០។ ហេតុផលនៃការហាមឃាត់នាពេលនោះ ត្រូវបានមន្ត្រីក្រសួងបរិស្ថានអះអាងថា អនុលោមតាមច្បាប់ ស្តីពីតំបន់ការពារធម្មជាតិ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ