កម្ពុជា-អភិរក្ស

សហគមន៍​ព្រៃឡង់៖ ការ​កាប់​បំផ្លាញ​ព្រៃ​ឡង់​នៅ​តែ​កើត​មាន​ក្នុង​រូប​ភាព​មួយ​គួរ​ឲ្យ​បារម្ភ

រូបភាព​ព្រៃឡង់ ​ថត​បាន​ពី​លើ​អាកាស។​
រូបភាព​ព្រៃឡង់ ​ថត​បាន​ពី​លើ​អាកាស។​ @Google

បណ្ដាញ​សហគមន៍​ព្រៃឡង់​នៅ​ថ្ងៃ​ទី​១៥​ធ្នូ​នេះ បាន​បង្ហាញ​របាយការណ៍​ឃ្លាំ​មើល​លើកទីប្រាំ​របស់​ខ្លួន​ស្ដី​អំពី​ស្ថានភាព​ព្រៃ​ឡង់​នៅ​តំបន់​ព្រៃឡង់។ ជា​ការ​បង្ហាញ​មួយ​ធ្វើ​ឡើងបន្ទាប់​ពី​រាជរដ្ឋាភិបាល​បាន​ចុះ​ហត្ថលេខា​លើ​អនុក្រិត្យ​ស្ដីពី​ការ​បង្កើត​ដែន​ជំរក​សត្វ​ព្រៃនិង​បាន​ដាក់​ព្រៃ​បួន​កន្លែង​ផ្សេង​ទៀត​ជា​ព្រៃ​ការពារ​កាល​ពី​ថ្ងៃ​ទី​០៩​ឧសភា​ឆ្នាំ​២០១៦។​ ទោះ​ជា​ស្ថិត​នៅ​ក្នុង​តំបន់​ការពារ​យ៉ាងណាក៏ដោយ តែ​បណ្ដាញ​សហគមន៍​​រក​ឃើញការ​កាប់​បំផ្លាញ​ព្រៃ​ឡង់​នៅ​តែ​កើត​មាន​ក្នុង​រូបភាព​មួយ​គួរ​ឲ្យ​ព្រួយ​បារម្ភ​ដដែល។  

ផ្សាយពាណិជ្ជកម្ម

ការ​បន្ត​កាប់​បំផ្លាញ​ព្រៃ​ឡង់​នៅ​លើ​ផ្ទៃ​ដី​អភិរក្ស​ជិត​៥​ម៉ឺន​ហិកតា​នោះ​ធ្វើ​ឡើង​តាម​រយៈរូបភាព​ជា​ច្រើន​ដូចជា៖​ ការ​កាប់​ទន្ទ្រាន​ដី​ព្រៃ​ឡង់​ដើម្បី​ពង្រីក​ជា​ផ្ទៃ​ដី​កសិកម្ម។ ការកាប់​ទន្ទ្រាន​ព្រៃ​ដើម្បី​កាន់​កាប់​បែប​អនាធិបតេយ្យ​ក៏​នៅ​តែ​បន្ត​កើត​មាន​ដដែល។ បន្ថែមពី​លើ​ពី​នេះ​ទៀត​អាជ្ញាធរ​ថ្នាក់​មូលដ្ឋាន​មួយ​ចំនួន​បាន​ប្រើប្រាស់​សិទ្ធិ​អំណាច​របស់​ខ្លួនបំពាន​ច្បាប់ តាម​រយៈ​ការ​ឃុប​ឃិត​ជា​មួយ​ជន​ល្មើស​សូក​ប៉ាន់​លុយ​ជា​ថ្នូរ​នឹង​ការ​កាប់ព្រៃ។

ធ្ងន់​ធ្ងរ​ជាង​នេះ​ទៀត​សមាជិក​បណ្ដាញ​សហគមន៍​ព្រៃឡង់​ប្រចាំ​ខេត្តស្ទឹង​ត្រែង​លោក ជា សុខហឿន បាន​ចុះ​ទៅ​ជួប​ដោយ​ផ្ទាល់​មាន​ករណី​ខ្លះ​ឱពុក​ជា​សមត្ថកិច្ច​បើក​ឱកាសឲ្យ​កូន​ខ្លួន​ឯង​ចូល​ទៅ​អា​ឈើ​នៅ​ក្នុង​ព្រៃ​ដែល​ជា​តំបន់​អភិរក្ស។ លោក​បន្ថែម​ថា នៅពេល​បណ្ដាញ​សហគមន៍​ព្រៃ​ចុះ​ទៅ​ឃើញ​សកម្មភាព​ទាំង​នេះ ហើយ​ចាប់​បាន​ទាំង​វត្ថុតាង​ទៀត​នោះ​ពួក​គេ​បែរ​ជា​គំរាម​សុវត្ថិភាព​មក​កាន់​បណ្ដាញ​សហគមន៍​ព្រៃ​ឡង់​ទៅវិញ​។

ហើយ​បញ្ហា​ប្រឈម​ដែល​សហគមន៍​ព្រៃ​ឡង់​បាន​ជួប​ប្រទះ​ទៀត​នោះ​មាន​ករណី​ប្រើប្រាស់​អាវុធ​កែ​ច្នៃ​បាញ់​គំរាម​មក​លើ​បណ្ដាញ​សហគមន៍​ព្រៃឡង់​រាល់​ពេល​ដែល​ពួក​គេចុះ​ល្បាត​ព្រៃ​នា​ពេល​យប់។ ហើយ​បន្ថែម​ពី​លើ​នេះ​ទៀត​សមត្ថកិច្ច​បាន​សៀត​កាំភ្លើងនៅ​ជាប់​ចង្កេះ​ដែល​ទង្វើល​នេះ​បណ្ដាញ​សហគមន៍ព្រៃ​ថា ជា​ការ​គំរាម​មក​លើ​ពួក​គេចៀស​ជាង​គំរាម​ទៅ​លើ​ឈ្មួញ​កាប់​ឈើ​ខុស​ច្បាប់។ លោក ជា សុខហឿន បាន​គូសបញ្ជាក់​ថា ម៉ាស៊ីន​កែ​ច្នៃ​ឈើ​ក៏​នៅ​តែ​មាន​នៅ​តាម​ភូមិ​មួយ​ចំនួន​នៅ​ជុំវិញ​ព្រៃឡង់​នេះ។

តែយ៉ាង​ណា​ក៏​ដោយ​បណ្ដាញ​សហគមន៍​ព្រៃឡង់​បាន​អះអាង​ថា ការ​កាប់​បំផ្លាញ​ព្រៃឈើ​នៅ​តំបន់​អភិរក្ស​ព្រៃឡង់​មាន​ការ​ថម​ថយ​ដែរ។ ប៉ុន្តែ​ស្ថិត​នៅ​ក្នុង​រូប​ភាព​មួយ​ស្រួចស្រាល​បំផុត​ដោយ​មិន​ទាន់​អាច​ឆ្លើយ​តប​នឹង​អនុក្រិត្យ​ការពារ​របស់​រដ្ឋាភិបាល​កាល​ពីថ្ងៃ​ទី​០៩​ឧសភា​ឆ្នាំ​២០១៦​បាន​ទេ។ លោក ជា សុខហឿន បាន​គូស​បញ្ជាក់​ថា មុខសញ្ញា​ដែល​បន្ត​កាប់​ឈើ​នោះ​គឺ​ភាគ​ច្រើន​ជា​ពលរដ្ឋ​ចំណាក​ស្រុក​ស៊ី​ឈ្នួល​ឲ្យ​ក្រុមហ៊ុន។

សូមបញ្ជាក់ថា រាជ​រដ្ឋាភិបាល​សម្រេច ផ្ទេរ​តំបន់​ព្រៃ​ផ្តល់​ផល​ចំនួន​០៥ (ប្រាំ) កន្លែង​រួម​មាន ព្រៃ​ឡង់ ព្រៃ​ច្រក​របៀង​ក្រវាញ​ខាង​ត្បូង ព្រៃ​ព្រះ​រកា ព្រៃ​សៀម​ប៉ាង​លិច និង​ព្រៃវ៉ឺនសៃ ព្រម​ទាំង​ឯកសារ​ពាក់ព័ន្ធ​ទាំង​អស់ ពី​ក្រសួង​កសិកម្ម​ រុក្ខាប្រមាញ់ និង​នេសាទ ទៅ​ឲ្យ​ក្រសួង​បរិស្ថាន​គ្រប់​គ្រង ហើយ​អនុញ្ញាត​ឲ្យ​ក្រសួង​បរិស្ថាន​បន្ត នីតិវិធី​ក្នុង​ការ​ដាក់បញ្ចូល​ព្រៃ​ផ្តល់​ផល​ទាំង​០៥​កន្លែង​នេះ ជា​តំបន់​ការពារ​ និង​អភិរក្ស​ព្រៃឈើ៕

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI