សកម្មជនបរិស្ថានថាវត្តមានមន្ត្រីឧទ្យានុរក្ស បង្កឲ្យមានបទល្មើសព្រៃឈើកាន់តែច្រើននៅតំបន់ព្រៃឡង់
ចុះផ្សាយនៅថ្ងៃ៖
ក្រុមការងារការពារបរិស្ថាន ចំនួន ៦រូប រួមមានទាំងវីរៈជនព្រៃឈើ និងបរិស្ថានពិភពលោក លោកអ៊ូច ឡេង ផងនោះ ត្រូវបានក្រុមឧទ្យានុរក្សបរិស្ថាន ក្នុងតំបន់ការពារបរិស្ថានព្រៃឡង់ ស្រុកជ័យសែន ខេត្តព្រះវិហារ ហាមមិនឲ្យចូលដាក់ស្លាក និងបដា «សូមជួយរក្សាព្រៃឈើ» កាលពីព្រឹកថ្ងៃអាទិត្យ ទី ២៦វិច្ឆិកាម្សិលមិញ។ ក្រុមសកម្មជនបរិស្ថានដែលត្រូវបានរារាំងនោះ យល់ថា នេះគឺជាសកម្មភាពខុសច្បាប់ ដើម្បីលាក់បាំងរូបភាពពុករលួយរបស់មន្ត្រីឧទ្យានុរក្សមួយចំនួន។ ប៉ុន្តែមន្ត្រីឧទ្យានុរក្ស បញ្ជាក់ថា នេះគឺជាការធ្វើតាមច្បាប់ និងដើម្បីរក្សាសណ្តាប់ធ្នាប់ក្នុងតំបន់ព្រៃអភិរក្សប៉ុណ្ណោះ។
លោក ហេង ស្រស់ សមាជិកក្រុមតំណាងនិស្សិតឯករាជ្យដើម្បីធ្វើការការពារព្រៃឈើ និងការជួញដូរឈើខុសច្បាប់ ដែលបានចូលរួមធ្វើដំណើរទៅបិទស្លាក បដា ក្នុងតំបន់ការពារបរិស្ថានព្រៃឡង់ ស្ថិតនៅភូមិពើក ឃុំពុទ្រា ស្រុកជ័យសែន ខេត្តព្រះវិហារ បានឲ្យដឹងថា ក្រុមឧទ្យានុរក្ស ៤នាក់ បានរារាំង និងហាមឃាត់សកម្មភាពការពារបរិស្ថានរបស់ពួកគេ ក្នុងហេតុផលមួយ ដែលក្រុមសកម្មជន យល់ថាជារឿង ខុសនឹងច្បាប់រដ្ឋធម្មនុញ្ញរបស់កម្ពុជា និងផ្ទុយពីប្រសាសន៍របស់ប្រមុខរដ្ឋាភិបាលកម្ពុជា ដែលតម្រូវឲ្យមានការសហការគ្នាការពារបរិស្ថាន និងព្រៃឈើ។ លោក ហេង ស្រស់ បញ្ជាក់ថា ពួកគេ ត្រូវបង្ខំចិត្តត្រលប់មកវិញ ជាមួយនឹងស្លាក និងបដា ជាង ៥០០ផ្ទាំង ខណៈទើបតែចូលបានជាង ២គីឡូម៉ែត្រ ហើយបិទបដា អស់ប្រមាណ ១០ផ្ទាំងប៉ុណ្ណោះ។
ប៉ុន្តែប្រធានឧទ្យានុរក្សប្រចាំទិសព្រះវិហារ លោក ជិន មនោរិទ្ធ បានប្រាប់វិទ្យុបារាំងថា ការហាមឃាត់នេះ ក៏ព្រោះតែក្រុមសកម្មជន មិនបានសហការជាមួយក្រុមមន្ត្រីឧទ្យានុរក្ស ដោយមិនព្រមបង្ហាញពីគោលបំណងជាក់លាក់ពីសកម្មភាពរបស់ខ្លួន។ តាមលោក ជិន មនោរិទ្ធ លោកពេញចិត្តចូលរួមគ្រប់រូបភាពនៃការអភិរក្សព្រៃឈើ ហើយជារឿយៗ លោកតែងតែបញ្ជូនមន្ត្រីរបស់លោក ឲ្យទៅការពារសុវត្ថិភាពពេលក្រុមសកម្មជន ចូលទៅក្នុងព្រៃជ្រៅទៀតផង។
លោក ជិន មនោរិទ្ធ អះអាងថា ដោយសារការសហការនេះហើយ ទើបធ្វើឲ្យបទល្មើសព្រៃឈើ ក្នុងតំបន់ការពារព្រៃឡង់ ខេត្តព្រះវិហារនេះ មានតិចតួចបំផុត នាពេលសព្វថ្ងៃនេះ។ ប៉ុន្តែបើតាមក្រុមសកម្មជនការពារបរិស្ថាន តាំងពីមានវត្តមានរបស់មន្ត្រីឧទ្យានុរក្ស គឺព្រៃឈើក្នុងតំបន់នេះ ស្ទើរតែហិនហោចទៅហើយ បើប្រៀបធៀបទៅនឹងបណ្តាឆ្នាំមុនៗ ព្រោះតែការជួយសម្រួល ពីមន្ត្រីបរិស្ថាន ទៅដល់ឈ្មួញទុច្ចរឹត។
ក្រុមការងារការពារបរិស្ថាន ហ៊ានអះអាងទៀតថា ការហាមឃាត់មិនឲ្យក្រុមពួកគេចូលទៅក្នុងតំបន់ព្រៃឡង់ នាពេលនេះ គឺដើម្បីលាក់បាំង បទល្មើស និងអំពើពុករលួយ នៅក្នុងតំបន់នោះ ដែលមិនទាន់មាននរណាម្នាក់ អាចទប់ស្កាត់បាន។ តាមការសង្កេតរបស់ក្រុមការពារព្រៃឈើនេះ បានមើលឃើញថា ព្រៃឈើក្នុងតំបន់អភិរក្សព្រៃឡង់ នាពេលសព្វថ្ងៃ នៅសល់តែប្រមាណ ៤០ភាគរយប៉ុណ្ណោះ ក្នុងទំហំព្រៃឈើលើដី ជាង ៤៨ម៉ឺនហិកតា ជុំវិញខេត្តចំនួន ៤ នៅប្រទេសកម្ពុជា៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ