អានតួអត្ថបទ
កម្ពុជា

បណ្តាញ​ព្រៃឡង់ ​ចូល​រួម​សិក្ខាសិលា ​ស្តីពី​ការ​ការ​ពារ​តំបន់​ព្រៃជិត​១លាន​ហិកតា​ នៅ​ថ្ងៃស្អែក​

រូបភាព​ព្រៃឡង់ ​ថត​បាន​ពី​លើ​អាកាស។​
រូបភាព​ព្រៃឡង់ ​ថត​បាន​ពី​លើ​អាកាស។​ @Google
3 នាទី

បណ្តញ​​សហគមន៍​​ព្រៃឡង់ ​នៅ​​ថ្ងៃ​ស្អែក​​នេះ ​នឹង​​ចូល​​រួម​​សិក្ខា​សិលា​​ពិគ្រោះ​​យោបល់​ ថ្នាក់​​ជាតិ​របស់​​ក្រសួង​បរិស្ថាន​​ស្តី​​ពី​«ការ​​រៀប​​ចំ​​ដាក់​​ព្រៃ​ឡង់ ​ព្រៃ​​ក្រវ៉ាញ​​ខាង​​ត្បូង​ ព្រៃ​​ព្រះ​រកា ​ព្រៃ​សៀម​ប៉ាង​ខាង​លិច​ និង​ ព្រៃ​វ៉ឺន​សៃ ​ជា​​តំបន់​​ការពារ​​ធម្មជាតិ​» ។​ អ្នក​​សម្រប​​សម្រួល​​លេខាធិការដ្ឋាន​នៃ​​បណ្តាញ​សហគមន៍​​ព្រៃឡង់​ ចាត់​​ទុក​​ថា​ ការ​​ចូល​រួម​​នៅ​​ក្នុង​​សិក្ខា​សិលា​​នេះ ​ពិត​​ជា​​មាន​សារៈ​​សំខាន់​​ណាស់ ​ដើម្បី​​តាម​​ដាន​ និង​ ផ្តល់​​ជា​​យោបល់​​ផ្សេងៗ​​ទៅ​​លើ​សំណើ​​នៃ​​ការ​​បញ្ចូល​តំបន់​​ទាំង​​ប្រាំ​​ជា​​តំបន់​​ការ​ពារ ​មុន​​នឹង​​បញ្ជូន​​ទៅ​​កាន់​​រាជ​រដ្ឋាភិ​បាល​​។ 

ផ្សាយពាណិជ្ជកម្ម

លោក សេង សុខហេង អ្នក​សម្រប​សម្រួល​លេខាធិការ​ដ្ឋាន​នៃ​បណ្ដាញ​សហគមន៍​ព្រៃ​ឡង់ បាន​គាំទ្រ​ចំពោះ​ការ​សម្រេច​របស់​រដ្ឋាភិបាល និង​ក្រសួង​ពាក់ព័ន្ធ​ចំពោះ​ការសម្រេចដាក់តំបន់​ព្រៃ​ផ្ដល់​ផល​ជិត​១​លាន​ហិកតាជាតំបន់ការពារ​ដូច្នេះ​​ ។

អ្នក​សម្រប​សម្រួល​រូប​នេះ ឲ្យ​ដឹង​ថា តំណាង​សហគមន៍​ព្រៃឡង់​នឹង​ចូល​រួម​នៅ​ក្នុង​សិក្ខា​សិលាពិគ្រោះ​យោបល់​របស់​ក្រសួង​បរិស្ថាន ហើយ លោក ថា បើ​នៅ​ក្នុងសំណើ​នៃ​ការ​រៀប​ចំ​ដាក់តំបន់​ទាំង​៥ ជា​តំបន់​ការពារ មាន​ចំណុច​ខ្វះ​ខាត ឬ អវិជ្ជមាន ក្រុម​របស់​លោក នឹង​ធ្វើ​ការ​តស៊ូមតិ ដើម្បី​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ។

លោក សេង សុខហេង រំពឹង​ទុកថា រដ្ឋាភិបាលនឹង​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​មតិ និង​សេចក្ដី​ត្រូវ​ការ​របស់​ប្រជា​សហគមន៍ និង​អង្គការ​សង្គម​ស៊ីវិល នៅ​ពេល​មាន​ការ​រៀបចំ​សិក្ខាសាលា​ពិគ្រោះ​យោបល់​ណាមួយ​នា​ពេល​ខាង​មុខ​។

ទោះ​បី​ជា​ចំណាត់ការ​នេះ​ហាក់​ដូច​ជា​យឺត​ពេល​បន្តិច ប៉ុន្តែ​លោក សេង សុខហេង យល់ឃើញ​ថា វា​ជា​ជោគជ័យមួយ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​អស់​គ្នា ក្នុង​ការ​ការពារ​តំបន់​ព្រៃ ​ពិសេស​​ព្រៃ​ឡង់ ដែល​ជា​តំបន់​ព្រៃ​សេស​សល់​ធំ​ជាង​គេ​នៅ​កម្ពុជា​។

លោក សៅ សុភាព អ្នក​នាំ​ពាក្យ​ក្រសួង​បរិស្ថាន បាន​បញ្ជាក់​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​ ថាសិក្ខា​សិលា​ពិគ្រោះ​យោបល់​ថ្នាក់​ជាតិ គឺ​ជា​ការ​ផ្តល់​ឱកាស​ចុង​ក្រោយ ​ដល់​អង្គការ​សង្គម​ស៊ីវិល ស្ថាប័ន​ពាក់​ព័ន្ធ ព្រម​ទាំង​តំណាង​សហគមន៍ ដើម្បី​ពិភាក្សា និង ស្នើ​សុំ​យោបល់​ទៅ​លើសំណើ​ការ​រៀប​ចំ​ដាក់​បញ្ចូល​តំបន់​ការពារ​ និង អភិរក្ស​ព្រៃ​ឈើ។ ជា​ការ​ពិភាក្សា​មុន​នឹងក្រសួង​បរិស្ថាន​ដាក់​សំណើ​ទៅ​ឲ្យ​រាជរដ្ឋាភិបាល​សម្រេច​។

សិក្ខា​សិលា​ពិគ្រោះ​យោបល់​នេះ ក៏​នឹង​មាន​នូវ​បទ​បង្ហាញ​ស្តី​ពី​ចំណាត់​ថ្នាក់​ប្រព័ន្ធ​តំបន់​ការពារធម្មជាតិ​និង​ច្បាប់​តំបន់​ការពារ​ធម្មជាតិ និង ការ​ធ្វើ​បទ​បង្ហាញ​ស្តី តំបន់​ព្រៃ​ផ្តល់​ទាំង​ប្រាំ​ផង​ដែរ ( ព្រៃឡង់ ព្រៃច្រករបៀងក្រវាញខាងត្បូង ព្រៃព្រះរក ព្រៃសៀមប៉ាងលិច និង​ ព្រៃវ៉ឺនសៃ។

សូម​បញ្ជាក់​ថា រាជ​រដ្ឋាភិបាល​កម្ពុជា កាល​ពី​ថ្ងៃទី២២ ខែ មេសា បាន​ចេញ​លិខិត​ជូន​រដ្ឋ​មន្រ្តីក្រសួង​បរិស្ថាន និងក្រសួង​កសិកម្ម ស្តី​ពី​ការ​កែ​សម្រួល​តួនាទី និង​ភារកិច្ច​របស់​ក្រសួង​ទាំង​ពីរ ពាក់​ព័ន្ធ​នឹង​សមត្ថកិច្ច និង​ការ​គ្រប់​គ្រង​តំបន់​វិនិយោគ​អភិវឌ្ឍន៍​សម្បទាន​ដី សេដ្ឋកិច្ច និង​ការគ្រប់​គ្រង​តំបន់​ការពារ និងអភិរក្ស​ព្រៃឈើ និង​ជលផល។

បើ​តាម​លិខិត​ចុះ​ថ្ងៃទី ២២ ខែ មេសា រាជ​រដ្ឋាភិបាល​សម្រេច ផ្ទេរ​តំបន់​ព្រៃ​ផ្តល់​ផល​ចំនួន​០៥ (ប្រាំ) កន្លែង​រួម​មាន ព្រៃ​ឡង់ ព្រៃ​ច្រក​របៀង​ក្រវាញ​ខាង​ត្បូង ព្រៃ​ព្រះ​រកា ព្រៃ​សៀម​ប៉ាង​លិច និង​ព្រៃវ៉ឺនសៃ ព្រម​ទាំង​ឯកសារ​ពាក់ព័ន្ធ​ទាំង​អស់ ពី​ក្រសួង​កសិកម្ម​ រុក្ខាប្រមាញ់ និង​នេសាទ ទៅ​ឲ្យ​ក្រសួង​បរិស្ថាន​គ្រប់​គ្រង ហើយ​អនុញ្ញាត​ឲ្យ​ក្រសួង​បរិស្ថាន​បន្ត នីតិវិធី​ក្នុង​ការ​ដាក់បញ្ចូល​ព្រៃ​ផ្តល់​ផល​ទាំង​០៥​កន្លែង​នេះ ជា​តំបន់​ការពារ​ និង​អភិរក្ស​ព្រៃឈើ៕
អត្ថបទដោយៈ សរ ពិសី

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ