អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

បទ​បញ្ជា​​របស់​​នាយក​​រដ្ឋមន្ត្រី​!

សំឡេង ០៤:៤៧
លោក នាយករដ្ឋមន្ត្រីហ៊ុន សែន
លោក នាយករដ្ឋមន្ត្រីហ៊ុន សែន RFI-ចាន់ណា
ដោយ៖ ប៉ែន បូណា
២៧ នាទី

ក្រសួង​រ៉ែ​និង​ថាមពល​កំពុង​ចាត់វិធានការ​យ៉ាង​ក្តៅគគុក​ដើម្បី​លុបបំបាត់​ភាពអនាធិបតេយ្យ​ក្នុង​អាជីវកម្ម​បូម​ខ្សាច់។ ចំណាត់ការ​ទាំងនោះ​បាន​ធ្វើឡើង​បន្ទាប់ពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានចេញ​បទបញ្ជា​ឲ្យ​ក្រសួង​នេះ​ទទួលបន្ទុក​ដោះស្រាយ​បញ្ហា​បូម​ខ្សាច់​ដែល​តែង​ធ្វើ​ឲ្យ​បាក់​ច្រាំងទន្លេ ដែល​បង្កបញ្ហា​ធំធេង​ដល់​ប្រជាពលរដ្ឋ​នៅតាម​ដង​ទន្លេ។ នេះ​មិនមែនជា​លើក​ទី១ទេ​ដែល​ប្រមុខ​រដ្ឋាភិបាល​បាន​អន្តរាគមន៍​ឲ្យ​ក្រសួង​មាន​សមត្ថកិច្ច​ដោះស្រាយ​បញ្ហា​រ៉ាំរ៉ៃ​នានា។ យ៉ាងណាក៏ដោយ ការអនុវត្ត​បទបញ្ជា​របស់​នាយករដ្ឋមន្ត្រី​ហាក់​មាន​តែមួយ​ភ្លែត​តែប៉ុណ្ណោះ។

ផ្សាយពាណិជ្ជកម្ម

ប្រជាពលរដ្ឋ​ជាច្រើន​បាន​អបអរសាទរ​ជាថ្មីទៀត​ចំពោះ​អន្តរាគមន៍​របស់លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន ដើម្បី​លុបបំបាត់​ភាពអនាធិបតេយ្យ​នៃ​អាជីវកម្ម​បូម​ខ្សាច់។ ភាពអនាធិបតេយ្យ​ទាំងនោះ​មិនមែនជា​រឿង​ថ្មីថ្មោង​ទេ តែ​វា​ជា​បញ្ហា​រ៉ាំរ៉ៃ​ដែល​ចាំបាច់​ត្រូវមាន​អន្តរាគមន៍​ពី​នាយករដ្ឋមន្ត្រី។

គេ​នៅ​ចាំបាន​ថា ផ្ទះ​របស់​ប្រជាពលរដ្ឋ​ជាច្រើន រហូត​ដល់ទី​វត្ត​អារាម​មួយចំនួន​ផង​បាន​ធ្លាក់​ចូលក្នុង​ទឹកទន្លេ​ដោយសារ​ការបាក់​ច្រាំង។ បាក់​ច្រាំង​ដោយ​បញ្ហា​ធម្មជាតិ​ជា​រឿង​មួយ តែ​មូលហេតុ​នៃ​ការ​បូម​ខ្សាច់​គឺជា​រឿង​ដ៏​ធំធេង​មួយទៀត។ ក្រោយពី​ឆ្លងកាត់​រឿងរ៉ាវ​ជាច្រើន​រួចមក ប្រជាពលរដ្ឋ​ដែល​រស់​នៅតាម​មាត់ទន្លេ​នាំគ្នា​ព្រួយបារម្ភ​កាន់តែខ្លាំង​នៅពេល​លឺថា​មាន​ក្រុមហ៊ុន​បូម​ខ្សាច់​ធ្វើ​អាជីវកម្ម​នៅក្នុង​ទន្លេ។ ការប្រមូលផ្តុំ​គ្នា​តវ៉ារ​បស់​ពលរដ្ឋ និង​ចំណាត់ការ​របស់​អាជ្ញាធ​រ​មិន​ខុស​អ្វី​ពី​ការ​វែក​ចក​នៅក្នុង​បឹង​នោះឡើយ។

ជាការ​ពិតណាស់ នេះ​មិនមែនជា​លើក​ទី១ទេ​ដែល​ប្រមុខ​រដ្ឋាភិបាល​បានចេញ​បញ្ជា​ដោយ​សម្តីធ្ងន់ៗប្រឆាំងនឹង​បទល្មើស​រ៉ាំរ៉ៃ​ដែល​ពិបាក​បង្ក្រាប។ ដោយ​គ្រាន់តែ​រាប់ត្រួសៗ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ គេ​ប្រាកដជា​នៅចាំ​បាន​វិធានការ​កណ្តាប់ដៃ​ដែក​ប្រឆាំង​មន្ត្រី​តុលាការ​ពុករលួយ បទបញ្ជា​ក្តៅគគុក​ប្រឆាំងនឹង​កុងត្រូលជជុះ  វិធានការ​បង្ក្រាប​ទ្រង់ទ្រាយ​ធំ​ប្រឆាំង​បទល្មើស​ព្រៃឈើ និង​បទល្មើស​នេសាទ​ជាដើម។ ឥឡូវនេះ ដល់​វេន​អាជីវកម្ម​ខ្សាច់​វិញ​ម្តង។ នេះ​បានបង្ហាញ​ពី​ការ​ភាព​អសកម្ម​របស់​អាជ្ញាធរ​ថ្នាក់ក្រោម​ក្នុងការ​ដោះស្រាយ​បញ្ហា​ក្នុង​ដែន​សមត្ថកិច្ច​របស់ខ្លួន​ដែល​តម្រូវ​ឲ្យ​នាយករដ្ឋមន្ត្រី​ចូលខ្លួន​អន្តរាគមន៍។

ជាការ​កត់សម្គាល់ បទបញ្ជា​របស់​នាយក​រដ្ឋមន្ត្រី ហាក់ដូច​ជាមាន​ប្រសិទ្ធភាព​ដូច​ផ្លេកបន្ទោរ​ពោលគឺ​ក្រោយ​បទបញ្ជា​ចេញ​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ ការអនុវត្ត​ក៏​ចាប់ផ្តើម​ភា្លមៗនៅ​ទូទាំងប្រទេស។ បទល្មើស​ក៏បាន​ស្ងប់ស្ងាត់​មួយរយៈ ប៉ុន្តែ មិនយូរប៉ុន្មាន ជំងឺ​ចាស់​ក៏​លាប់​ឡើងវិញ អាជ្ញាធរ​ថ្នាក់ក្រោម​ក៏​ហាក់​ទម្លាក់​ដៃ​ចុះ​ដែល​អនុញ្ញាត​ឲ្យ​ជនល្មើស​ផ្តើម​សកម្មភាព​ឡើងវិញ​ជាធម្មតា។ ជាក់ស្តែង ទោះជា​មាន​វិធានការ​ជា​បន្តបន្ទាប់ ក៏​មន្ត្រី​តុលាការ​មួយចំនួន​នៅតែ​រង​ការរិះគន់​ពី​អំពើពុករលួយ កុងត្រូលជជុះ​នៅតែមាន​តាម​ដងផ្លូវ ក្មេង​ទំនើង​នៅតែ​បង្ក​ការអុកឡុក​ជា​ហូរហែ រីឯ​បទល្មើស​ព្រៃឈើ និង​នេសាទ​ក៏​នៅតែ​កើតមាន​ជា​រៀងរាល់ថ្ងៃ។ តើ​ហេតុអ្វី​បានជា​ដូច្នេះ?

ដើម្បី​ឆ្លើយ​សំណួរ​នេះ ជាបឋម គេ​គួរ​យល់​កត្តា​សត្យានុម័ត​មួយ នោះ​គឺ​គ្មាន​សង្គម​ណាមួយ​ដែល​គ្មាន​បទល្មើស​សោះ​នោះឡើយ​ទោះជា​អ្នកដឹកនាំ​នោះ​ខ្លាំងពូកែ​យ៉ាងណាក៏ដោយ មានន័យថា បទល្មើស«បើ​មិន​នេះ​ក៏​នោះដែរ»តែង​កើត​ឡើងជា​រឿង​ធម្មតា។ ប៉ុន្តែ បញ្ហា​ដោយឡែក​របស់​កម្ពុជា​គឺ​បទល្មើស​ជាច្រើន​មាន​ជាប់​ពាក់​ព​ន្ធ័​នឹង​ការឃុបឃិត​របស់​អាជ្ញា​ធរមាន​សមត្ថកិច្ច។  ដើមហេតុ​របស់​វា​គឺ​បញ្ហា​ផលប្រយោជន៍​នេះឯង។ បញ្ហា​ផលប្រយោជន៍​មាន​ឥទ្ធិពល​រហូតដល់​ធ្វើ​ឲ្យ«ទឹកមាត់»របស់​នាយករដ្ឋមន្ត្រី​មិនសូវ​ជា​ប្រៃ​បានយូរ​ប៉ុន្មាន​ឡើយ។

តាមរយៈ​បទបញ្ជា​របស់​នាយករ​ដ្ឋ​មន្ត្រី​ដែល​បានធ្វើ​កន្លងទៅ គេ​ក៏​អាច​យល់បាន​ដែរ​ថា ក្រសួង​ឬ​ស្ថាប័នរដ្ឋ​ហាក់ដូចជា​មិនសូវមាន​ប្រសិទ្ធភាព​ក្នុងការ​គ្រប់គ្រង​ការងារ​ក្នុង​ដែន​សមត្ថកិច្ច​របស់ខ្លួន​នោះទេ។ សូម្បីតែ​រឿងរ៉ាវ​កំប៉ិកកំប៉ុក​សោះ​ក៏​ចាំបាច់​ត្រូវមាន​អន្តរាគមន៍​ពី​នាយករដ្ឋមន្ត្រី​ដែរ។ តើ​ប្រធាន​ស្ថាប័ន​ឬ​មន្ត្រី​របស់​ក្រសួង​ជំនាញ​ទាំងឡាយ​នោះ​ស្រ​វ៉ាំ​ង​ភ្នែក​មើលមិនឃើញ​បញ្ហា? ឬក៏​មើលឃើញ​ដែរ​តែ​គ្មាន​សមត្ថភាព​ដោះស្រាយ? នេះ​ជា​សំណួរ​ដែល​គ្រប់គ្នា​ចង់បាន​ចម្លើយ។

សរុប​មកវិញ បទបញ្ជា​ទាំងឡាយ​របស់​នាយករ​ដ្ឋ​មន្ត្រី​បាន​ឆ្លុះ​ឲ្យ​ឃើញថា រដ្ឋាភិបាល​ពិតជា​ចង់​លុបបំបាត់​បាតុភាព​អសកម្ម​នៅក្នុង​សង្គម ពីព្រោះថា នៅលើ​លោក​នេះ​ប្រហែលជា​គ្មាន​មេដឹកនាំ​ប្រទេស​ណាមួយ​ដែល​មិន​ប្រាថ្នា​ចង់ឃើញ​វឌ្ឍនភាព​ប្រកបដោយ​ភាពសុខដុមរមនា​ក្នុងសង្គម​នៅក្រោម​ការដឹកនាំ​របស់​ខ្លួន​នោះឡើយ។ ប៉ុន្តែ នាយករដ្ឋមន្ត្រី​ម្នាក់ឯង​មិនអាច​ចេញ​បញ្ជា​គ្រប់​បញ្ហា​បានទេ។

ប្រសិទ្ធភាព​ពិតប្រាកដ​ក្នុងការ​បំបាត់​បទល្មើស​ទាំងឡាយ​គឺ​ស្ថិតនៅលើ​សមត្ថភាព និង​មនសិការ​របស់​អាជ្ញាធ​រ​មាន​សមត្ថកិច្ច​គ្រប់​ជាន់ថ្នាក់​ដែលជា​សេនាធិការ​របស់​រដ្ឋាភិបាល។ផ្ទុយទៅវិញ ប្រសិនបើ​ក្រសួង​ជំនាញ​ទាំងឡាយ​រង់ចាំតែ​បទបញ្ជា​នាយករដ្ឋមន្ត្រី​គ្រប់​តែ​រឿង​គេ​ប្រហែលជា​មិនចាំបាច់​បង្កើត​ក្រសួង​ទាំងនោះ​នាំ​ឲ្យ​ខាតបង់​ថវិកាជាតិ​នោះឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ