កម្ពុជា

ព្រះ​រាជពិធី​បុណ្យ​ចម្រើន​ព្រះជន្ម​គម្រប់​៧៩ យាង​ចូល​៨០​ព្រះវស្សា​របស់​សម្តេច​ម៉ែ​សីហនុ​ នៅ​ថ្ងៃ​នេះ

ព្រះរាជ​ពិធី​បុណ្យ​ចម្រើន​ព្រះជន្ម​គម្រប់​៧៩ យាង​ចូល​៨០​​ព្រះវស្សា​ របស់​សម្តេច​ព្រះ​មហាក្សត្រី​ នរោត្តម​មុនីនាថ​សីហនុ។ ​
ព្រះរាជ​ពិធី​បុណ្យ​ចម្រើន​ព្រះជន្ម​គម្រប់​៧៩ យាង​ចូល​៨០​​ព្រះវស្សា​ របស់​សម្តេច​ព្រះ​មហាក្សត្រី​ នរោត្តម​មុនីនាថ​សីហនុ។ ​ RFI/ Siv Channa

នៅ​ថ្ងៃ​ទី​១៨ មិថុនា​គឺ​ជា​ព្រះរាជ​ពិធី​បុណ្យ​ចម្រើន​ព្រះជន្ម​គម្រប់​៧៩ យាង​ចូល​៨០ ព្រះ​វស្សា​របស់​សម្តេច​ព្រះ​មហាក្សត្រី ​នរោត្តម មុនីនាថ សីហនុ។ ហើយ​ថ្ងៃ​នេះ​ប្រជាពលរដ្ឋ សិស្សានុសិស្ស និង​មន្ត្រី​រាជការ​ក៏​ត្រូវ​បាន​ឈប់​សម្រាក​មួយ​ថ្ងៃ​ផង​ដែរ។ ដោយ​ឡែក​ចរាចរណ៍​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​វិញ​ មិន​សូវ​ជា​មមាញឹក​ដូច​សព្វ​មួយ​ដង​នោះ​ទេ។

ផ្សាយពាណិជ្ជកម្ម

សម្តេច​ម៉ែ នរោត្តម មុនីនាថ​សីហនុ បាន​រៀប​អភិសេក​ជាមួយ​និង​សម្តេច​នរោត្តមសីហនុ​ នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​នៅ​ក្នុង​ឆ្នាំ​ ១៩៥២ ហើយ​បន្ទាប់​មក​ព្រះ​អង្គ​ទាំងពីរ​ក៏​មាន​បុត្រា​ពីរ​អង្គ។ មុន​ពេល​រៀប​អភិសេក​ព្រះ​មហាក្សត្រី​បាន​សិក្សា​នៅ​ក្នុង​សាលា​បឋម​សិក្សា​នរោត្តម​ បន្ទាប់​មក​សិក្សា​នៅ​វិទ្យាល័យ​ស៊ីសុវត្ថិ។

សម្តេច​ម៉ែ​បាន​ក្លាយ​ជា​ប្រធាន​កាកបាទ​ក្រហម​កម្ពុជា​ចាប់​ពី​ឆ្នាំ​១៩៦០ រហូត​ដល់​ឆ្នាំ​១៩៧០។ ហើយ​នៅ​ឆ្នាំ ១៩៧០ ដល់ ១៩៧៥ សម្តេច​ម៉ែ​បាន​យាង​ទៅ​រស់នៅ​ក្នុង​ប្រទេសចិន​ ហើយ​នៅ​ចន្លោះ​ចុង​ឆ្នាំ​ ១៩៧៥ និង​ដើម​ឆ្នាំ​ ១៩៧៩ ព្រះ​មហាក្សត្រី​បាន​រស់នៅ​ក្នុង​ព្រះ​បរមរាជ​វាំង​ក្នុង​ទីក្រុង​ភ្នំពេញ​ ជាមួយ​និង​ព្រះស្វាមី​ សម្តេច​តា នរោតម្ត សីហនុ និង​បុត្រា​ទាំងពីរ​អង្គ គឺ​ព្រះអង្គ​នរោតម្ត សីហមុនី និង​ព្រះ​អង្គ​ណារិន្រ្ទាពង្ស​ ក្រោម​ការ​គ្រប់​គ្រង​ពី​របប​ខ្មែរ​ក្រហម។

នៅ​ក្នុង​ឆ្នាំ​១៩៩២ ព្រះ​មហាក្សត្រី​ត្រូវ​បាន​តែងតាំង​ជា​សម្តេច​ព្រះ​ជាយា ​ហើយ​នៅ​ឆ្នាំ ​១៩៩៣ សម្តេច​ម៉ែ​ក៏​ត្រូវ​បាន​តែងតាំង​ជា​ព្រះមហេសី។ លុះ​រហូត​មក​ដល់​ឆ្នាំ​ ២០០៤ ទើប​សម្តេច​ម៉ែ​ត្រូវ​បាន​តែង​តាំង​ជា សម្តេច​ព្រះមហាក្សត្រី​ វរៈរាជ​មាតា។

សូម​ជម្រាប​ជូនថា​ ព្រះ​រាជពិធី​បុណ្យ​ចម្រើន​ព្រះជន្ម​សម្តេច​ព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ​គម្រប់ ៧៩ ចូល ៨០ ព្រះវស្សា​នៅ​ក្នុង​ឆ្នាំ​នេះ​មាន​សភាព​ស្ងប់ស្ងាត់​ជាង​រាល់​ៗ​ឆ្នាំ ដោយសារ​តែ​ប្រារព្ធ​ឡើង​ចំ​ពេល​ ដែល​លោក​ជា ស៊ីម ប្រធាន​ព្រឹទ្ធសភា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​ទទួល​មរណៈ កាល​ពី​ថ្ងៃ​ទី ៨ មិថុនា។ ហើយ​ព្រះរាជ​ពិធី​បុណ្យ​ចម្រើន​ព្រះជន្ម​នេះ​ ត្រូវ​បាន​ធ្វើ​ឡើង​មុន​មួយ​ថ្ងៃ​ នៃ​ពិធី​បុណ្យ​ដង្ហែ និង​បូជា​សព​របស់​លោក​ជា ស៊ីម​នៅ​ថ្ងៃ​ទី​ ១៩ មិថុនា នៅ​ទីធ្លា​ខាង​មុខ​វ​ត្តបុទមវត្តី ​ក្នុង​រាជធានី​ភ្នំពេញ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI