ម្តាយរបស់ទារិកាដែលស្លាប់នៅក្នុងពន្ធនាគារ ត្រូវបានដោះលែងនៅថ្ងៃនេះ ក្រោយពីមានអន្តរាគមន៍
ចុះផ្សាយនៅថ្ងៃ៖
ស្ត្រីជាម្តាយទារិកាដែលស្លាប់នៅក្នុងពន្ធនាគារព្រៃសរ ត្រូវបានដោះលែងឲ្យមានសេរីភាពវិញហើយ នៅព្រឹក ថ្ងៃទី ២៨ កុម្ភៈនេះ បន្ទាប់ពីមានអន្តរាគមន៍ពីគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា។ ស្ត្រីដែលជាប់ចោទពីបទជួញដូរនិងប្រើប្រាស់សារធាតុញៀនរូបនេះ ត្រូវបានតុលាការកម្ពុជាកាត់ទោសតម្រឹមឲ្យជាប់ពន្ធនាគាររយៈពេលពីរឆ្នាំ ដោយអនុវត្តទោសក្នុងពន្ធនាគាររយៈពេល៨ខែ និង១០ថ្ងៃ។ ចំណែកទោសដែលនៅសល់ ត្រូវបានព្យួរទាំងអស់។ មន្ត្រីអង្គការសិទ្ធិមនុស្សលីកាដូបានស្វាគមន៍ចំពោះកិច្ចអន្តរាគមន៍នេះ ប៉ុន្តែបន្តអំពាវនាវឲ្យតុលាការពន្លឿននីតិវិធីក្នុងសំណុំរឿងផ្សេងៗទៀត។
នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជានៅថ្ងៃទី ២៨ កុម្ភៈ បានស្វាគមន៍ និងសំដែងការអរគុណចំពោះភាគីពាក់ព័ន្ធទាំងអស់ ដែលបានផ្តល់នូវកិច្ចសហការតាមការស្នើសុំរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក្នុងដំណើរការនៃការស៊ើបអង្កេត និងការពន្លឿនដំណើរការនៃសំណុំរឿងនេះទៅតាមនីតិវិធីច្បាប់។ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាសង្ឃឹមថា ស្ត្រីជាប់ឃុំដែលត្រូវបានដោះលែងឲ្យមានសេរីភាពនៅថ្ងៃនេះ នឹងខិតខំកែប្រែនិងកសាងខ្លួនជាថ្មី ឈប់ពាក់ព័ន្ធជាមួយគ្រឿងញៀន និងក្លាយជាពលរដ្ឋល្អម្នាក់នៅក្នុងសង្គម។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជានៅថ្ងៃទី ២៨ កុម្ភៈ។
សូមជំរាបជូនថា បន្ទាប់ពីទទួលបានព័ត៌មាន ស្តីពី ការស្លាប់របស់ទារិកាអាយុ៥ខែ ដែលរស់នៅជាមួយម្តាយ នៅក្នុងមណ្ឌលអប់រំកែប្រែទី ២ នៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត កាលពីថ្ងៃទី ១៩ កុម្ភៈ មក គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានចាត់ក្រុមការងារឲ្យស៊ើបអង្កេតដោយផ្ទាល់នៅនឹងកន្លែង។ គណៈកម្មាធិការសិទ្ធិមនុស្សរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្តល់ជំនួយផ្នែកច្បាប់ និងមេធាវីការពារក្តីដោយឥតគិតថ្លៃ ដើម្បីជួយដល់ស្ត្រីរូបនេះ។ ហើយក្រោមកិច្ចអន្តរាគមន៍និងសម្របសម្រួលផ្នែកច្បាប់របស់ក្រុមមេធាវីសិទ្ធិមនុស្សកម្ពុជាមក តុលាការបានបើកសវនាការលើសំណុំរឿងរបស់ស្ត្រីខាងលើនេះ និងបានប្រកាសសាលក្រមជាសាធារណៈ កាលពីថ្ងៃទី ២៥ កុម្ភៈ ដោយសម្រេចផ្តន្ទាទោសជាប់ពន្ធនាគារយៈពេល២ឆ្នាំ ពីបទជួញដូរនិងប្រើប្រាស់សារធាតុញៀន។ ដោយអនុវត្តទោសក្នុងពន្ធនាគាររយៈពេល៨ខែ និង១០ថ្ងៃប៉ុណ្ណោះ។ ចំណែកទោសដែលនៅសល់ ត្រូវបានព្យួរទាំងអស់។
គួរជំរាបជូនថា អន្តរាគមន៍របស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជានេះ បានធ្វើឡើង ក្រោយពីមានរបាយការណ៍អង្គការសិទ្ធិមនុស្សលីកាដូ កាលពីថ្ងៃទី ១៨ កុម្ភៈ ថា ទារិកាអាយុ៥ខែម្នាក់ ដែលរស់នៅជាមួយម្ដាយ ដែលកំពុងជាប់ឃុំក្នុងមណ្ឌលអប់រំកែប្រែទី២ (ព្រៃសរ) បានស្លាប់ កាលពីថ្ងៃអាទិត្យ ទី២៦ ខែមករា នៅមន្ទីរពេទ្យ មិត្តភាពខ្មែរ-សូវៀត ក្នុងរាជធានីភ្នំពេញ។ បើតាមលីកាដូ ការស្លាប់ដ៏ខ្លោចផ្សារនេះ បានបង្ហាញពីតម្រូវការចាំបាច់សម្រាប់អាជ្ញាធរ ក្នុងការផ្ដល់អាទិភាពសិទ្ធិនៅក្រៅឃុំបណ្ដោះអាសន្នសម្រាប់ស្ត្រីដែលមានកូនតូចនៅជាមួយ។
លោក អុំ សំអាត នាយករងកម្មវិធីឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ បានស្វាគមន៍ចំពោះអន្តរាគមន៍ខាងលើនេះ ក៏ប៉ុន្តែលោកបានសំណូមពរឲ្យតុលាការបន្តពន្លឿននីតិវិធីលើសំណុំរឿងផ្សេងៗទៀត ពិសេសចំពោះស្ត្រីដែលមានផ្ទៃពោះ និងស្ត្រីដែលមានកូនតូច នៅក្នុងពន្ធនាគារ។ បើតាមលីកាដូ បច្ចុប្បន្ននេះ មានកុមារចំនួន១០៣នាក់ និងស្រ្តីមានផ្ទៃពោះចំនួន៤៣នាក់ កំពុងជាប់ឃុំក្នុងពន្ធនាគារចំនួន១៨ ដែលអង្គការលីកាដូបានធ្វើការឃ្លាំមើល។ តួលេខនេះ បានកើនឡើងស្ទើរតែ២ដង គិតចាប់តាំងពីថ្ងៃទី ០១ ខែមករា ឆ្នាំ២០១៧មក។ ថ្ងៃដែលមាន “យុទ្ធនាការបង្ក្រាបគ្រឿងញៀន” នៅទូទាំងប្រទេស៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ