អានតួអត្ថបទ
កម្ពុជា

សង្គមស៊ីវិល​៖ពន្ធនាគារ​ស្រុកខ្មែរ​ផ្ទុក​អ្នកទោស​លើស​ចំណុះ​រហូត​ត្រូវ​ប្តូរ​វេនគ្នា​ដេក!

ពន្ធនាគារ​ក្នុងប្រទេស​កម្ពុជា បានឃុំឃាំង​អ្នកទោស​ច្រើនលើសចំណុះ
ពន្ធនាគារ​ក្នុងប្រទេស​កម្ពុជា បានឃុំឃាំង​អ្នកទោស​ច្រើនលើសចំណុះ ©សុវណ្ណារា
ដោយ៖ ប្រាក់ ធីតា
១៥ នាទី

នៅ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ អង្គការ​លីកាដូ​បាន​ចេញ​របាយការណ៍​ជា​បន្ត​បន្ទាប់​ស្តីពី​ស្ថាន​ភាព​ពន្ធនាគារ​ និង​ភាព​ចង្អៀត​ណែន​ដោយសារ​តែ​ផ្ទុក​លើស​ចំណុះ​ពី​ពីរដង​រហូត​ដល់​បី​ដង​ឯណោះ។ មន្ត្រី​អង្គការ​លីកាដូ​បាន​បញ្ជាក់​ថា​ ការ​ផ្ទុក​លើស​ចំណុះ​នេះ​បាន​ធ្វើ​ឲ្យ​អ្នក​ទោស​នៅ​ក្នុង​ពន្ធនាគារ​ភាគ​ច្រើន​ត្រូវ​តែ​ផ្លាស់​វែន​គ្នា​ដេក​ ហើយ​កត្តា​នេះ​ក៏​ប៉ះពាល់​​ដល់​​សិទ្ធ​សេរីភាព​​របស់​អ្នក​ទោស។

ផ្សាយពាណិជ្ជកម្ម

អង្គការ​លីកាដូ​បាន​ចេញ​របាយការណ៍​របស់​ខ្លួន​ជា​បន្ត​បន្ទាប់​ចាប់​តាំង​ពី​ឆ្នាំ​ ២០០៩ រហូត​មក​ទល់​នឹង​បច្ចុប្បន្ន​នេះ​ ស្តី​ពី​ភាព​ចង្អៀត​ណែន​នៅ​ក្នុង​ពន្ធនាគារ​ទាំងអស់​នៅ​ក្នុង​ប្រទេស​កម្ពុជា​។ លោក​អំ សំអាត ​មន្ត្រី​ស៊ើប​អង្កេត​ជាន់​ខ្ពស់​អង្គការ​លីកាដូ​បញ្ជាក់​ប្រាប់ វិទ្យុ​បារាំង​នៅ​ថ្ងៃ​នេះ​ថា ​ពន្ធនាគារ​ស្ទើរ​តែ​ទាំងអស់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ផ្ទុក​អ្នកទោស​លើស​ចំណុះ​ រហូត​បណ្តាល​ឲ្យ​អ្នកទោស​ទាំង​នោះ​មិន​អាច​សម្រាក​បាន​ក្នុង​ពេល​តែ​មួយ​នោះ​ទេ​ ដោយ​ត្រូវ​ចែកវេន​គ្នា​ដេក​ថែម​ទៀត​ផង។

លោក​បាន​បន្ត​ថា​កត្តា​នេះ​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​សិទ្ធសេរីភាព​របស់​អ្នកទោស ​ដែល​មិន​ទទួល​បាន​ការ​រស់នៅ​សមរម្យ​ និង​គ្មាន​អនាម័យ​ក្នុង​ការ​ហូបចុក​ជាដើម។ ​កន្លង​មក​អង្គការ​លីកាដូ​ក៏​ធ្លាប់​បាន​ផ្តល់​អនុសាសន៍​មួយ​ចំនួន​ទៅ​ដល់​រដ្ឋាភិបាល​កម្ពុជា​ទាក់ទង​ទៅ​នឹង​ដំណោះស្រាយ​ផង​ដែរ។ ​ប៉ុន្តែ​លោក​បាន​បញ្ជាក់​ថា​ ការ​កែ​លម្អ​នេះ​នៅ​មាន​កម្រិត​នៅ​ឡើយ​ ដោយ​មិន​ទាន់​អាច​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​នា​ពេល​បច្ចុប្បន្ន​នេះ​នៅ​ឡើយ។

ជាក់​ស្តែង​ដូច​លោក​ រស់ សុធា ​អនុប្រធាន​ពន្ធនាគារ​ខេត្ត​ស្ទឹងត្រែង​បាន​ថ្លែង​បា្រប់​កាសែត​នៅ​ក្នុង​ស្រុក​ថា​ លោក​ពិត​ជា​ទទួល​ស្គាល់​ថា​អគារពន្ធនាគារ​ពិតជា​មាន​សភាព​ទ្រុឌទ្រោម​ និង​ផ្ទុក​អ្នក​ទោស​លើស​ចំណុះ​ពិតមែន។ ​លោក​បាន​បន្ត​ថា ​កន្លង​មក​លោក​ធ្លាប់​បាន​ធ្វើ​របាយការណ៍​បញ្ចូន​ទៅ​ថ្នាក់​លើ​រួច​ហើយ​ដែរ​ ទាក់ទង​នឹង​ស្ថានភាព​ពន្ធនាគារ​នៅ​ពេល​បច្ចុប្បន្ន​នេះ​ ហើយ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​ក៏​បាន​ចុះ​មក​ពិនិត្យ​ផ្ទាល់​ នឹង​មាន​គម្រោង​ដើម្បី​អភិវឌ្ឍន៍​ថ្មី​ដែរ។

លោក​គុយ ប៊ុនសន ​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដា​នៃ​ក្រសួង​មហាផ្ទៃ ​បាន​ទទួល​ស្គាល់​ថា​ ពន្ធនាគារ​កម្ពុជា​សព្វថ្ងៃ​ពិត​ជា​មាន​ភាព​ចង្អៀត​សម្រាប់​ផ្ទុក​អ្នក​ទោស​មែន។ ​ប៉ុន្តែ​លោក​មិន​បាន​ពន្យល់​លម្អិត​អំពី​ស្ថានភាព​របស់​ទណ្ឌិត​នៅ​ក្នុង​ពន្ធនាគារ​នីមួយ​ៗ​នោះ​ទេ។

បើ​តាម​មន្ត្រី​អង្គការ​លីកាដូ​បាន​បញ្ជាក់​ថា​ ពន្ធនាគារ​នៅ​ទូទាំង​ប្រទេស​កម្ពុជា​មាន​ទាំង​អស់​២៧​ ហើយ​ស្ទើរ​តែ​គ្រប់​ពន្ធនាគារ​ទាំង​អស់​ផ្ទុក​ទណ្ឌិត​លើស​ចំណុះ​ ដោយ​ខ្លះ​ច្រើន​ និង​តិច​នៅ​តាម​កន្លែង​ផ្សេង​គ្នា។ ​របាយការណ៍​លីកាដូ​បាន​ឲ្យ​ដឹង​ថា​ គិត​ត្រឹម​ចុង​ឆ្នាំ​ ២០១៤​កន្លង​ទៅ​នេះ​ អ្នក​ទោស​ដែល​បាន​កំពុង​ជាប់​ក្នុង​ពន្ធនាគារ​ទាំងអស់​នៅ​កម្ពុជា​មាន​ចំនួន​ជាង​ ១ម៉ឺន ៣ពាន់​នាក់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ