អានតួអត្ថបទ
កម្ពុជា

ទណ្ឌិត​៤៨​នាក់​ក្នុង​ចំណោម​៤០០​នាក់​ត្រូវ​បាន​ស្នើ​លើកលែង​និង​បន្ថយ​ទោស

ពន្ធនាគារ​ក្នុងប្រទេស​កម្ពុជា បានឃុំឃាំង​អ្នកទោស​ច្រើនលើសចំណុះ
ពន្ធនាគារ​ក្នុងប្រទេស​កម្ពុជា បានឃុំឃាំង​អ្នកទោស​ច្រើនលើសចំណុះ ©សុវណ្ណារា
១១ នាទី

ក្រសួង​យុត្តិធម៌ នៅ​រសៀល​ថ្ងៃ​ទី​២៦ ខែ​តុលា​នេះ បាន​ពិភាក្សា​សំណើ​បន្ធូរ​បន្ថយ និង​លើក​លែង​ទោស ដល់​ទណ្ឌិត សម្រាប់​ឱកាស​បុណ្យ​អុំ​ទូក ដែល​នឹង​ចូល​មក​ដល់​នៅ​ចុង​សប្តាហ៍​ក្រោយ​នេះ​។ បើ​តាម​មន្រ្តី​ផ្លូវ​ការ គឺ​មាន​ទណ្ឌិត​ជាង​៤០០​នាក់ ត្រូវ​បាន​ស្នើ​សុំ​ការ​លើក​លែង​ទោស ដោយ​ប្រធាន​ពន្ធនាគារ​ខេត្ត​ចំនួន​១៩ និង​មណ្ឌល​អប់រំ​កែ​ប្រែ​ទាំង​៤​។ ប៉ុន្តែ​មាន​តែ​ទណ្ឌិត​ជាង​១០​% ក្នុង​ចំណោម​នោះ ឬ​ស្មើ​នឹង​៤៨​នាក់​ប៉ុណ្ណោះ ដែល​ត្រូវ​បាន​ក្រសួង​ទទួល​យក​។ ចំនួន​ផ្សេង​ក្រៅ​ពី​នោះ​ត្រូវ​ទាត់​ចោល​។

ផ្សាយពាណិជ្ជកម្ម

លោក គឹម សន្តិភាព អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌ បាន​ប្រាប់​វិទ្យុ​បារាំង​នៅ​ម៉ោង​៦​ល្ងាច​នេះ​ថា ក្នុង​ចំណោម​ទណ្ឌិត​ទាំង​៤២១​នាក់​នោះ គឺ​មាន​តែ​ជាង ​១០​% ឬ​ស្មើ​នឹង​៤៨​នាក់​ប៉ុណ្ណោះ ដែល​គណៈកម្មការ​បាន​ឯកភាព​តាម​សំណើ​របស់​ប្រធាន​ពន្ធនាគារ​នីមួយ​ៗ ខណៈ​ជិត​ ៩០​% ​ទៀត​ត្រូវ​បាន​ទាត់​ចោល​។ ទាត់​ចោល​ដោយ​សារ​ទណ្ឌិត​ទាំង​នោះ គឺ​ដោយ​សារ​តែ​ទណ្ឌិត​​ខ្លះ​ប្រព្រឹត្តិ​បទ​ល្មើស​កាច​សាហាវ និង​ខ្លះ​ទៀត​ស្នើ​សុំ​ខុស​លក្ខខណ្ឌ​។

សូម​បញ្ជាក់​ថា ទណ្ឌិត​ចំនួន​៤២១​នាក់ ក្នុង​នោះ​ស្រី​៣៧​នាក់ ត្រូវ​បាន​ប្រធាន​ពន្ធនាគារ​ខេត្ត​ចំនួន​១៩ និង​មណ្ឌល​អប់រំ​កែ​ប្រែ​ទាំង​៤ ស្នើ​មក​ក្រសួង​យុត្តិធម៌ ដើម្បី​ពិនិត្យ​លក្ខខណ្ឌ​មុន​នឹង​បញ្ជូន​ទៅ​នាយក​រដ្ឋមន្រ្តី​ដើម្បី​ថ្វាយ​ព្រះមហាក្សត្រ​សុំ​លើក​លែង​ទោស​។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌​។

យ៉ាង​ណា​ក៏​ដោយ អ្នក​នាំ​ពាក្យ​រូប​នេះ​ក៏​អះអាង​ថា លោក​មិន​ដឹង​ថា​មាន​សកម្មជន​គណបក្ស​សង្រ្គោះ​ជាតិ និង​សកម្មជន​ដី​ធ្លី​អ្នក​ស្រី​ទេព វន្នី ត្រូវ​បាន​ដាក់​បញ្ចូល​ក្នុង​បញ្ជី​សុំ​លើក​លែង​ទោស​ឬ​យ៉ាង​ណា​នោះ​ទេ​។

ការ​ស្នើសុំ​បន្ធូរបន្ថយ និង​លើកលែង​ទោស​សម្រាប់​ទណ្ឌិត ត្រូវ​បាន​វាយ​តម្លៃ​ដោយ​គណៈកម្មការ​ពន្ធនាគារ​នៅ​តាម​ខេត្ត និង​គណៈកម្មការ​ថ្នាក់​ជាតិ ហើយ​ថ្វាយ​ព្រះមហាក្សត្រ ដើម្បី​សុំ​ព្រះរាជទាន​បន្ធូរបន្ថយ និង​លើកលែង​ទោស ​នៅ​ក្នុង​ឱកាស​បុណ្យ​ជាតិ​ធំៗ ដូចជា ​បុណ្យ​អុំ​ទូក បុណ្យ​ចូល​ឆ្នាំ​ខ្មែរ និងពិធី​បុណ្យវិសាខ​បូជា​ជាដើម។

បើ​តាម​អ្នក​នាំ​ពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​នៃ​ក្រសួង​មហាផ្ទៃ ​អ្នក​កំពុង​ជាប់​ឃុំឃាំង​នៅ​ពន្ធនាគារ​ទូទាំង​ប្រទេស​មាន​ជាង ២​ម៉ឺន ៤​ពាន់​នាក់។

កាលពីឱកាសបុណ្យចូលឆ្នាំខ្មែរកន្លង​ទៅ​នេះ មាន​ទណ្ឌិត​ចំនួន ៣១៤ នាក់​ត្រូវ​បាន​ស្នើសុំ​បន្ធូរ​បន្ថយ​ទោស និង​ទណ្ឌិត​ចំនួន ៧៧នាក់ ត្រូវ​បាន​ស្នើ​សុំ​លើក​លែង​ទោស៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ