តើពេលនេះកម្ពុជាកំពុងស្ថិតនៅក្នុងដំណាក់កាលណានៃនីតិវិធីដកEBA ជាបណ្តោះអាសន្ន?
ចុះផ្សាយនៅថ្ងៃ៖
កម្ពុជាគ្រោងនឹងបញ្ជូនរបាយការណ៍ឆ្លើយតបទៅសហភាពអឺរ៉ុបយ៉ាងយូរត្រឹមថ្ងៃ១២ ធ្នូ ខាងមុខ ជុំវិញបញ្ហាEBA។ នេះបើតាមការលើកឡើងរបស់មន្ត្រីជាន់ខ្ពស់កម្ពុជា បន្ទាប់ពីអឺរ៉ុប(EU) កាលពីថ្ងៃទី១២ខែវិច្ឆិកា ឆ្នាំ២០១៩ បានចេញរបាយការណ៍ ដោយទុករយៈពេលមួយខែឲ្យរដ្ឋាភិបាលកម្ពុជា ធ្វើឆ្លើយតប។ តើពេលនេះ កម្ពុជាកំពុងស្ថិតនៅក្នុងដំណាក់កាលណានៃនីតិវិធីដក EBA ជាបណ្តោះអាសន្នពីកម្ពុជា?
កម្ពុជាគ្រោងនឹងបញ្ជូនរបាយការណ៍ឆ្លើយតបពាក់ព័ន្ធនឹងការទាមទាររបស់សហភាពអឺរ៉ុប ឲ្យបានមុនថ្ងៃទី១២ ខែធ្នូ ខាងមុខនេះ។ នេះបើតាមការអះអាងរបស់លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា ដែលបានបញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិនៅថ្ងៃទី០៦ ខែធ្នូនេះ។ អ្នកនាំពាក្យក្រសួងការបរទេសរូបនេះ ក៏បានបញ្ជាក់ដែរថា គិតរហូតមកដល់ពេលនេះ កម្ពុជាកំពុងពិនិត្យទៅលើចំណុចអ្វីខ្លះ ដែលត្រូវឆ្លើយតបទៅកាន់សហភាពអឺរ៉ុប។
ដោយឡែក បើតាមលោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាឧបនាយករដ្ឋមន្ត្រីបានឲ្យដឹង កាលពីថ្ងៃទី៥ ខែធ្នូថា ក្រសួងមហាផ្ទៃបានបញ្ចូនរបាយការណ៍របស់ខ្លួនទៅកាន់ក្រសួងការបរទេសរួចហើយ ខណៈក្រសួងផ្សេងទៀត ដែលមានការពាក់ព័ន្ធក៏ត្រូវបញ្ជូនទៅក្រសួងការបរទេសដែរ ទាក់ទងទៅនឹងការពិតរបស់កម្ពុជា។
សូមជម្រាបជូនថា កាលពីថ្ងៃទី១២ខែវិច្ឆិកា ឆ្នាំ២០១៩ សហគមន៍អឺរ៉ុប(EU) បានចេញសេចក្តីថ្លែងការណ៍ជាលើកទី២ ដោយទុករយៈពេលមួយខែឲ្យរដ្ឋាភិបាលកម្ពុជា ធ្វើឆ្លើយតបទៅនឹងរបាយការណ៍របស់សហភាពអឺរ៉ុប ដែលបានលើកឡើងជុំវិញបញ្ហាសិទ្ធិមនុស្ស និងសិទ្ធិការងារនៅក្នុងប្រទេសនេះ។
តាមច្បាប់ស្តីពីប្រព័ន្ធអនុគ្រោះពន្ធ ចុះថ្ងៃទី២៥ តុលា ២០១២ (ជំពូក៥) ព្រមទាំងកំណត់យ៉ាងលម្អិតនៅក្នុងសេចក្តីសម្រេចរបស់គណៈកម្មការអឺរ៉ុប និងតាមរយៈសេចក្តីសម្រេចចុះថ្ងៃទី២៨ សីហា ២០១៣ កម្ពុជាកំពុងស្ថិតនៅក្នុងដំណាក់កាលទី២ ដែលជាដំណាក់កាលនៃការឆ្លើយតបទៅនឹងរបាយការណ៍របស់សហភាពអឺរ៉ុប ចាប់ពីថ្ងៃទី១២ ខែវិច្ឆិកា ដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩។
បន្ទាប់ពីការឆ្លើយតបរបស់កម្ពុជានៅថ្ងៃទី១២ ខែធ្នូខាងមុខនេះ នោះគណៈកម្មការអឺរ៉ុបនឹងធ្វើការសំរេចចិត្តនៅខែកុម្ភៈឆ្នាំ ២០២០ ថាតើត្រូវដកការអនុគ្រោះពន្ធរបស់កម្ពុជាជាបណ្តោះអាសន្នឬយ៉ាងណា។ នេះបើតាមខ្លឹមសារនៅក្នុងសេចក្តីថ្លែងការណ៍របស់សហភាពអឺរ៉ុបនៅថ្ងៃទី១២ខែវិច្ឆិកា។
ប្រើសិនបើគណៈកម្មការសម្រេចមិនព្យួរប្រព័ន្ធអនុគ្រោះពន្ធទេនោះ នីតិវិធីត្រូវបិទបញ្ចប់ត្រឹមនេះ។ ប្រសិនបើគណៈកម្មការសម្រេចព្យួរប្រព័ន្ធអនុគ្រោះពន្ធ សេចក្តីសម្រេចនេះក៏នៅមិនទាន់អាចចូលជាធរមានបានភ្លាមៗនោះដែរ។
យោងតាមនីតិវិធី ដែលមានចែងនៅក្នុងច្បាប់ស្តីពីការបង្កើតប្រព័ន្ធអនុគ្រោះពន្ធ ប្រសិនបើ សភាអឺរ៉ុប ឬក្រុមប្រឹក្សាអឺរ៉ុបសម្រេចមិនជំទាស់ ឬមិនអាចរកសំឡេងភាគច្រើន ដើម្បីជំទាស់នឹងសេចក្តីសម្រេចរបស់គណៈកម្មការអឺរ៉ុបបានទេ ការព្យួរប្រព័ន្ធអនុគ្រោះពន្ធនឹងត្រូវចូលជាធរមាន ៦ខែ រាប់ចាប់ពីថ្ងៃដែលគណៈកម្មការអឺរ៉ុបអនុម័តសេចក្តីសម្រេចព្យួរប្រព័ន្ធអនុគ្រោះពន្ធនេះ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ