កម្ពុជាដាក់របាយការណ៍នៃការអនុវត្តលទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្សទៅអឺរ៉ុប ដើម្បីទប់ដំណើរការព្យួរEBA
រដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងការបរទេសកាលពីថ្ងៃទី១២ ខែសីហាកន្លងទៅ បានផ្ញើរបាយការណ៍លម្អិតមួយស្តីពីលទ្ធផលនៃការអនុវត្តលទ្ធិប្រជាធិបតេយ្យក៏ដូចជាការគោរពសិទ្ធិមនុស្សទៅកាន់គណៈកម្មការអឺរ៉ុប ដើម្បីទប់ស្កាត់ដំណើរការព្យួរប្រព័ន្ធអនុគ្រោះពន្ធ EBA។ ការផ្ញើរបាយការណ៍នេះ ធ្វើឡើងស្របពេលដែលរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវវិធានការមួយចំនួន ដើម្បីការពារផលប្រយោជន៍និយោជក ប្រសិនបើសហភាពអឺរ៉ុបព្យួរប្រព័ន្ធអនុគ្រោះពន្ធEBA ពីកម្ពុជា។
ចុះផ្សាយនៅថ្ងៃ៖
លោកកេត សោផាន់ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាបានអះអាងប្រាប់ក្រុមអ្នកកាសែតកាលពីល្ងាចថ្ងៃពុធ ទី១៤ ខែសីហា ថា ក្រសួងការបរទេសកម្ពុជាបានឆ្លើយតបទៅគណៈកម្មការអឺរ៉ុបរួចហើយតាមរយៈការផ្ញើរបាយការណ៍លម្អិតមួយដែលជាចម្លើយទៅនឹងការចោទសួរជាច្រើនចំណុចរបស់គណៈកម្មការអឺរ៉ុបនៅក្នុងឯកសារកម្រាស់៣០ទំព័ររបស់ខ្លួន។ បើតាមលោក កេត សោផាន់ របាយការណ៍ដែលដាក់ទៅគណៈកម្មការអឺរ៉ុបនេះ គឺជាលទ្ធផលនៃការអនុវត្តរបស់កម្ពុជាក្នុងការពង្រឹងលំហប្រជាធិបតេយ្យ សង្គមស៊ីវិល ការគោរពសិទ្ធិមនុស្ស និង ដំណើរការលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជា។
សូមជម្រាបជូនថា ការដាក់របាយការណ៍ឆ្លើយតបទៅនឹងគណៈកម្មការអឺរ៉ុបនាពេលនេះ ធ្វើឡើងក្រោយពីគណៈកម្មការអឺរ៉ុបបានបញ្ចប់ដំណើរការនីតិវិធីរយៈពេល៦ខែដំបូងក្នុងការត្រួតពិនិត្យដំណើរការអនុវត្តលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សរបស់កម្ពុជា មុនឈានទៅព្យួរប្រព័ន្ធអនុគ្រោះពន្ធEBA ជាផ្លូវការ។ ដំណើរការនីតិវិធីរយៈពេល៦ខែដំបូងនេះ បានបញ្ចប់កាលពីថ្ងៃទី១២ ខែសីហា ហើយចាប់ពីពេលនេះតទៅ ពោល គឺក្នុងរយៈពេល៣បន្តទៀតនេះ គឺជាដំណាក់ការឆ្លើយតបគ្នាទៅវិញទៅមកតាមរយៈរបាយការណ៍រវាងរដ្ឋាភិបាលកម្ពុជា និងគណៈកម្មការអឺរ៉ុប។ និយាយឱ្យចំ គឺក្នុងរយៈពេលនេះ កម្ពុជាត្រូវធ្វើរបាយការណ៍ការពារខ្លួនទៅកាន់គណៈកម្មការអឺរ៉ុប ហើយគណៈកម្មការអឺរ៉ុបនឹងបង្ហាញការយល់ឃើញរបស់ខ្លូនចំពោះការអនុវត្តរបស់កម្ពុជា។
ជាការកត់សម្គាល់ ស្របពេលដែលកម្ពុជាកំពុងឈានជើងចូលក្នុងដំណាក់កាលទីពីរនៃដំណើរការនីតិវិធីឈានទៅព្យួរប្រព័ន្ធអនុគ្រោះពន្ធEBAនេះ រដ្ឋាភិបាលកម្ពុជាក៏បានត្រៀមលក្ខណៈរួចរាល់ហើយដែរសម្រាប់ទប់ទល់បើសិនជាអឺរ៉ុបដកEBAពីកម្ពុជា។ ក្រសួងពាណិជ្ជកម្មកម្ពុជាតាមរយៈអ្នកនាំពាក្យបានប្រាប់បណ្តាញព័ត៌មានក្នុងស្រុកថា រដ្ឋាភិបាលកម្ពុជាបានដាក់ចេញវិធានការកំណែទម្រង់ស្ថាប័នរដ្ឋជិត២០ចំណុច ដើម្បីកាត់បន្ថយបញ្ហាប្រឈមផ្សេងៗ ប្រសិនបើអឺរ៉ុបផ្តាច់ប្រព័ន្ធអនុគ្រោះពន្ធ EBA។ ការកែទម្រង់ទាំងនេះ រួមមានដូចជា កាត់បន្ថយការស្កេន(Scan)ទំនិញតាមទូកុងតឺន័រដែលត្រូវដឹកចេញ ឬនាំចូល ការកាត់បន្ថយថ្លៃសេវាលើកដាក់នៅតាមកំពង់ផែ ការដឹកជញ្ជូនតាមផ្លូវទឹក ការកាត់បន្ថយថ្លៃអគ្គិសនី កាត់បន្ថយថ្ងៃឈប់សម្រាកសម្រាប់បុណ្យជាតិ ការកែសម្រួលស្ថាប័នគយ ការដកកាំកុងត្រូលចេញពីតាមច្រកព្រំដែន និងការលុបចោលនូវភ្នាក់ងារកម្ពុជានាវាចរជាដើម។
បើទោះជាបែបនេះក្តី សមាគមរោងចក្រកាត់ដេរនៅកម្ពុជា(GMAC)កាលដើមសប្តាហ៍នេះបានចេញមកព្រមានជាថ្មីថា បើសហភាពអឺរ៉ុបផ្អាកប្រព័ន្ធអនុគ្រោះពន្ធ(EBA)នៅពេលខាងមុខនេះ នឹងធ្វើឱ្យរងគ្រោះដល់កម្មករ៧៥ម៉ឺននាក់ និងប៉ះពាល់ដល់គ្រួសាររបស់ពួកគេ៣លាននាក់ទៀត។ ដូច្នេះហើយ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា(GMAC)ធ្វើការកត់សម្គាល់ថា អឺរ៉ុបពុំគួរដកប្រព័ន្ធអនុគ្រោះពន្ធEBAពីកម្ពុជានោះទេ។ នេះបើតាមសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃទី១២ ខែសីហា៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ