ទស្សនៈព្រឹត្តិការណ៍ខ្មែរ

តើ​​បក្ស​កាន់​អំណាច​​ ចំណេញ​​អ្វីខ្លះ ចំពោះ​​សម្បទាន​​នយោ​បាយ​​លើកនេះ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ស្ថាន​ការ​ណ៍​នយោបាយ​ដែល​​ជាប់គាំ​ង​ជាង​១ឆ្នាំ​ទៅ​ហើយ ត្រូវ​ដោះស្រាយ​ត្រឹម​មួយ​ប៉ប្រិច​ភ្នែក​​។ បក្ស​កាន់អំណាច ដែល​ធ្លាប់​​អះអាង​ដាច់​អហង្ការថា​មិន​ចរចា​ជា​ដាច់​ខាត ប៉ុន្តែនៅ​ទី​បំផុត ​ត្រឹមតែ​មួយ​រំពេច​ ​ បក្ស​គ្រប់​គ្រង​រដ្ឋាភិបាល បាន​ជួយសម្រួល​ដែល​ឈាន​ដល់​ការ​លើកលែង​​ទោសចំពោះ​លោក កឹម សុខា និង​មេឃុំម្នាក់​របស់​បក្ស​សម រង្ស៊ី  ហើយ​និង​មាន​សញ្ញាណ​វិជ្ជមាន​បន្ថែមទៀត​ចំពោះ​មន្ត្រី​សង្គម​ស៊ីវិល​៤នាក់ និង​មន្ត្រី​គ.ជ.ប. ម្នាក់ ដែល​ពួក​គេ​ទាំង​នេះ​ ទំនង​ជា​នឹង​អាច​រួច​ខ្លួន​ពី​ពន្ធនាគារ ​នៅដំ​ណាច់​ឆ្នាំ​២០១៦​នេះ។  ការ​សម្ប​ទាន​​ច្រើនទៅ​ឲ្យ​​បក្ស​ប្រឆាំង​ដែល​ជាគូ​ប្រជែង​យ៉ាងដូច្នេះ​ តើ​គណបក្ស​កាន់អំណាច​ បានផល​​​ចំណេញ​អ្វីខ្លះ?

លោក កឹម សុខា និងលោក ហ៊ុន សែន បណ្តើរ​គ្នា​ នៅ​រដ្ឋសភា ថ្ងៃទី​៧ ធ្នូ​ ២០១៦
លោក កឹម សុខា និងលោក ហ៊ុន សែន បណ្តើរ​គ្នា​ នៅ​រដ្ឋសភា ថ្ងៃទី​៧ ធ្នូ​ ២០១៦ @Facebook FN
ផ្សាយពាណិជ្ជកម្ម

បើ​ទោះបី​ជា​ស្ថានការណ៍​ទៅជាបែប​នេះ ដោយ​គ្មាន​ការពន្យល់​​ពី​ការ​ដោះ​ដូរក្នុង​​លក្ខខណ្ឌ​ណា​ក៏ដោយ​ចុះ​ ក៏ប៉ុន្តែ​​​ក្រុម​អ្នក​វិភាគ​នយោបាយមួយ​ចំនួន​បាន​មើល​ឃើញថា មាន​សេណារីយ៉ូ ចំនួនយ៉ាងតិច​​៣ ដែលទំនង​ជា​​ផល​ចំណេញ​សម្រាប់​​បក្ស​កាន់អំណាច។

សេណារីយ៉ូទី១ ដែល​អ្នក​វិទ្យាសាស្ត្រ​នយោបាយ​មើលឃើញ​ច្បាស់ជាង​គេនោះ​ គឺ​ជា​​ដំណាក់​កាល​ដែល​បង្ខាំងទុក លោក សម រង្ស៊ី ឲ្យ​បន្ត​និទេសខ្លួន​នៅ​បរទេស​ ត​ទៅទៀត​។ ការ​បន្ត​ផាត់​ប្រធាន​បក្ស​សង្គ្រោះជាតិ ឲ្យ​នៅឆ្ងាយ​ពី​​រង្វង់​សង្វៀន​នយោបាយ​ក្នុងស្រុក គឺ​ជាការ​បំបែក​កម្លាំង​រួប​រួម​ជាធ្លុង​មួយ ​រវាងលោក សម រង្ស៊ី និង​លោក កឹម សុខា។ គួរ​កត់​សម្គាល់​​ថា ដោយសារតែ​កម្លាំងរួប​រួម​​សាមគ្គី​នៃ​ឥស្សរជន​នយោបាយ​ទាំងពីរ​នេះហើយ ទើប​ការ​បោះឆ្នោត​ជាតិកាលពី​​ឆ្នាំ​២០១៣ ធ្វើ​ឲ្យ​បក្ស​សង្គ្រោះជាតិប៊ិះឈ្នះ។

សេណារីយ៉ូទី២​​ ដែល​អ្នក​វិភាគ​ខ្លះកំពុង​តែ​សម្លឹង​មើល​ជាបន្ទាប់ គឺទំនង​ជាចេតនា​ក្នុង​​ការ​បំបែកអនុប្រធានបក្ស​​ប្រឆាំង ចេញពីមេ​​បក្ស​របស់ខ្លួន ព្រមទាំង​បង្ក​ឲ្យ​អ្នក​គាំទ្រ​បុគ្គលទាំងពីរ ​មាន​ការ​ចែង​ចែក​និន្នាការ​។

ជាក់​ស្តែង នៅ​ក្នុង​កិច្ច​ប្រជុំ​​សភាថ្ងៃទី​៧ធ្នូ គេ​សង្កេត​ឃើញថា ​ប្រមុខ​បក្ស​កាន់អំណាច បាន​ខំប្រឹង​ប្រែង​ជួយ​សម្រប​សម្រួលឲ្យ​​តំណែង ជាប្រធាន​​ថ្នាក់​ដឹកនាំ​​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង ឲ្យ​ក្លាយ​ជា​ស្វ័យ​ប្រវត្តិ ​ប្រធាន​ក្រុម​សំឡេង​ភាគតិច​នៅ​រដ្ឋ​សភា​ ហើយ​​បញ្ជាឲ្យ​លក្ខខ​ណ្ឌគតិយុត្ត​ ដែល​​ចែង​ខុស​ពីនេះ គឺត្រូវសម្រួល​ឲ្យ​មក​​ជា​ការ​បកស្រាយ​ដូច្នេះទៅ​វិញ។ ​ប្រមុខ ​បក្ស​កាន់អំណាច ក៏​ថែមទាំង​អនុញ្ញាត​​ឲ្យ​លោក កឹម សុខា ក្លាយ​ជា​ដៃ​គូ​សន្ទនា​រឿង​ប្រទេស​ជាតិ​ជា​ខ្លួនថែម​ទៅ​​ទៀត​។
ប្រការ​ទាំង​នេះ គឺ​ជា​បង្ហាញ​ឲ្យ​ឃើញថា ប្រមុខរដ្ឋាភិបាល ទំនង​ជា​ច​ង់​អូស​លោក​អនុ​ប្រធាន​សង្គ្រោះជាតិ​ ឲ្យ​កាន់តែឃ្លាត​ឆ្ងាយ​ពី​ប្រធាន​បក្ស​របស់ខ្លួន និយាយ​បែប​ផ្សេង គឺ​លើក​លោក កឹម សុខា ជំនួស លោក សម រង្ស៊ី តែម្តង​។ តាម​រយៈ​សេណារីយ៉ូនេះ ចំពោះ​អ្នកគាំទ្រ​ដែល​​ដើរ​តាមឥស្សរជនជាន់ខ្ពស់​ទាំង​ពីរ គឺប្រហែល​ជា​ត្រូវ​សម្រេច​ចិត្ត​ជ្រើស​រើសតាម​មួយ​ណា​​ហើយមើលទៅ!​

សេណារីយ៉ូទី៣ គឺ​ចំពោះ​ការ​សម្បទាន​ក្នុង​ការ​ដោះលែង​បុគ្គល​ទាំងឡាយ​​ដែល​ជាប់ទោស​​ដោយសារតែ​សំណុំ​រឿង​អាស្រូវ​ផ្លូវ​ភេទ​របស់​លោក កឹម សុខា គឺ​ទំនង​ជា​ថ្នូរ​នឹង​ការ​ឈប់​​កុំឲ្យ​មាន​ការ​រុក​កួន​ដេញ​ដោរ​តទៅ​ចំពោះ​ការ​បែក​ធ្លាយ​សារឆ្លើយ​ឆ្លង​​រវាងចៅស្រីនិង​ជីតា ដែល​គេសង្ស័យ​ថា ជា​ការ​​ឆ្លើយ​ឆ្លង​របស់​​នាង​ ធី សុវណ្ណថា និង​លោកនាយករដ្ឋមន្ត្រី​។ ជា​សារ​ដែលឆ្លុះ​បង្ហាញ​ពីជន​ដែល​នៅ​ពីក្រោយ​ការ​ដុកដាន ក្នុង​សំណុំរឿង​អាស្រូវ​​អាស្រូវ​​ផ្លូវ​ភេទ​របស់​ប្រធាន​ស្តីទី​បក្ស​ប្រឆាំង​។​

សេណារីយ៉ូផ្សេងទៀត គឺ​គេ​ទំនង​ជា​សម្លឹង​ទៅ​ដល់​ការដែល​អាច​នឹង​លុប​លាង​មុខ​មាត់​ខ្មៅ​ខ្លះ របស់​កម្ពជានៅលើ​ឆាក​អន្តរជាតិ​។

បើ​ទោះបីជា គណបក្ស​កាន់អំណាច​អាច​នឹង​ទទួល​បាន​ផល​ចំណេញ​តាម​រយៈ​សេណារីយ៉ូ​ទាំង​នេះ ក៏ប៉ុន្តែ​បក្ស​សង្គ្រោះជាតិវិញ​​ ក៏​ទំនង​ជា​បាន​ផល​ខ្លះទៅវិញ ​ដែរ។ ធំ​បំផុតនោះ​ គឺ​ចំពោះ​ប្រធាន​ស្តីទី​បក្ស​សង្គ្រោះជាតិ​តែម្តង ដែល​បាន​រួច​ពី​បន្ទប់​ឃុំ​ខ្លួន​ឯង ហើយ​បាន​សម្រេចខ្លះដែរ តាម​​ការ​អះអាង​របស់​ខ្លួន​ដែលថាការ​ធ្វើ​កូដកម្ម​ឃុំ​ខ្លួន​ឯងអស់រយៈ​ជាង​ កន្លះ​ឆ្នាំ​មកនេះ​ គឺ​ចង់​ឲ្យ​ស្ថាន​ការនយោបាយ​វិលទៅ​រក​ភាព​ប្រត្រតី​ឡើងវិញ និង​ចង់​ឲ្យ​មាន​ការ​ដោះលែង​មេឃុំ​បក្ស​សមរង្ស៊ី, មន្ត្រី​សង្គម​ស៊ីវិល ទាំង​៤នាក់​, មន្ត្រី​គ.ជ.ប. ម្នាក់​ និង​អ្នក​ដទៃ​ផ្សេងទៀត​។

ថែមពីនេះ ការផ្តើម​​សន្ទនានយោបាយ​ជាថ្មី និង​ការ​ផ្តើម​ចាប់​ដៃ​រលាក់ ញញឹម​ដាក់គ្នា ព្រមទាំង​ ​អង្គុយ​ជជែក​គ្នា​ រវាង​អ្នក​នយោបាយ​ធំៗឡើង​វិញ នៅ​ពេល​នេះ​ គឺ​បាន​សម្រាល​កម្តៅ​នយោ​បាយខ្លះដែរ​​ និង​បាន​សម្រាល​ក្តីព្រួយ​បារម្ភ​របស់​ពលរដ្ឋ​ជាទូទៅ។ ហើយ​ទោះ​តិច​ឬ​ច្រើន​ ក៏​ប្រហែល​ជា​បាន​​ចំណែក​ខ្លះ​ជា​ប្រយោជន៍​ជាតិ។ ត្បិត​ថា ក្រុម​តំណាង​រាស្ត្រ​របស់​បក្ស​សង្គ្រោះ​​ជាតិ នឹង​បើក​ការ​សួរ​ដេញ​ដោររដ្ឋ​​មន្ត្រីធំ​មួយ​ចំនួន ជាបន្តបន្ទាប់ ជុំវិញ​ភាព​​មិន​ប្រក្រតី​ក្នុង​ដំណើរ​ការ​ការងារ​នៃ​អាជ្ញាធរ​រដ្ឋ។ ​

ទោះបី​ជា​យ៉ាង​ណា​ក៏ដោយ​ចុះ​ ចំពោះ​បក្ស​សង្គ្រោះ​ជាតិ​ គឺ​បាន​ដឹងខ្លួន​យ៉ាង​ច្បាស់ថា ការ​បែក​គឺស្លាប់​ ហើយ​សាមគ្គី​គឺរស់។ ត្បិត​​មាន​បក្ស​ហ្វ៊ុន​ស៊ិន​ប៉ិច ជាឧទាហរណ៍​សម្រាប់។ ក៏​ប៉ុន្តែ ផ្ទុយ​ទៅវិញ ចំពោះ​ការ​ធូរ​ស្រាល​ស្ថានការ​ណ៍​បន្តិច​នៅពេល​នេះ បើ​វា​គ្រាន់​តែ​ជា​នយោបាយ​លាក់​កាំ​បិត​ស្នៀតទៀត​ទេ គឺនៅ​តែបង្ហាញថា អ្នក​​នយោបាយខ្មែរ​​ នៅ​តែ​ធ្វើនយោបាយ​ របៀប​​​ចាប់​ដៃ​ជាន់​ជើង ដដែល​ជា​ដែលនោះទេ​​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI