កម្ពុជាជម្រុញឲ្យមានទេសចរណ៍ម្ហូបអាហារ ខណៈវិស័យនេះ រកចំណូលចូលរដ្ឋចំនួន៤ពាន់លានដុល្លារនៅឆ្នាំ២០១៨
ប្រទេសកម្ពុជាកាលពីថ្ងៃពុធម្សិលមិញ បានរៀបចំសន្និសីទអន្តរជាតិលើកទី១ ស្ដីពីទេសចរណ៍ម្ហូបអាហារកម្ពុជា ខណៈដែលប្រទេសជាសមាជិកអាស៊ាននានា បានផ្តួចផ្តើមពង្រឹងលើវិស័យទេសចរណ៍ម្ហូបអាហារនេះ តាមរយៈផែនការមេអភិវឌ្ឍទេសចរណ៍ម្ហូបអាហារអាស៊ាន។ សម្រាប់កម្ពុជា ការបង្កើតឲ្យមានទេសចរណ៍ម្ហូបអាហារនេះ គឺជាផលិតផលទេសចរណ៍ថ្មីមួយទៀត បន្ទាប់ពីទេសចរណ៍វប្បធម៌ធម្មជាតិ ដែលកម្ពុជារំពឹងថានឹងអាចទាក់ទាញទេសចរបរទេសច្រើនថែមទៀត និងមានកំណើនចំណូលដល់សេដ្ឋកិច្ចជាតិផងដែរ។
ចុះផ្សាយនៅថ្ងៃ៖
នៅចំពោះមុខអ្នកចូលរួមជាច្រើនជាតិសាសន៍ ក្នុងសន្និសីទអន្តរជាតិលើកទី១នេះ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងថា វិស័យទេសចរណ៍ និងម្ហូបអាហារ មានទំនាក់ទំនងជាសារវ័ន្តយ៉ាងតិចលើវិសាលភាពចំនួន២គឺ៖ ម្ហូបអាហារជាផលិតផលទេសចរណ៍ ឬ (សេវាកម្មទេសចរណ៍ Gastronomy Tourism Product) និងម្ហូបអាហារជាចំណែកទីផ្សារទេសចរណ៍(Market Segment)។
តាមលោករដ្ឋមន្ត្រី សន្និសីទអន្តរជាតិនេះ គឺជាការលើកកម្ពស់គុណតម្លៃនៃម្ហូបអាហារកម្ពុជា ដែលជាផលិតផលទេសចរណ៍ដ៏ទាក់ទាញនៅកម្ពុជា ក៏ដូចជាចូលរួមលើកតម្កើងប្រពៃណី វប្បធម៌ និងបេតិកភណ្ឌជាតិ តាមរយៈទេសចរណ៍ម្ហូបអាហារផងដែរ។
សូមបញ្ជាក់ថា វិស័យទេសចរណ៍កម្ពុជាកាលពីឆ្នាំ២០១៨ បានបង្កើតប្រាក់ចំណូលចូលសេដ្ឋកិច្ចជាតិប្រមាណជាង៤ពាន់លានដុល្លារ គឺស្មើនឹង១២% នៃផលិតផលក្នុងស្រុកសរុប(GDP) និងបានបង្កើតការងារផ្ទាល់ជាង៦២ម៉ឺននាក់ គឺស្មើនឹង១៣%នៃការងារសរុប ជិត៣លាននាក់ ។ សមិទ្ធិផលនេះ ក៏មានការចូលរួមពីទេសចរក្នុងស្រុក ដែលកើនឡើងរហូតដល់ជាង១០លាននាក់។
ដោយឡែកកាលពី៦ខែដើមឆ្នាំ២០១៩នេះ ទេសចរអន្តរជាតិមានចំនួនជាង ៣,៣លាននាក់ កើន១១,២% ធៀបទៅនឹងរយៈពេលដូចគ្នានៃឆ្នាំ២០១៨។ ជាចក្ខុវិស័យនៅឆ្នាំ២០១៩ កម្ពុជាអាចនឹងទទួលបានទេសចរអន្តរជាតិចំនួន ៦,៦លាននាក់ ហើយឆ្នាំ២០២០ នឹងទទួលបានជាង៧លាននាក់ ឆ្នាំ២០២៥ អាចទទួលបាន១១លាននាក់ និងនៅឆ្នាំ២០៣០ កម្ពុជាអាចទទួលបានទេសចរបរទេសចំនួន១៥លាននាក់។
ដើម្បីសម្រេចចក្ខុវិស័យខាងលើនេះ លោករដ្ឋមន្ត្រី ថោង ខុន បានបញ្ជាក់ថាក្រសួងទេសចរណ៍ បាននិងកំពុងអនុវត្តយ៉ាងសកម្មនូវមុំយុទ្ធសាស្ត្រចំនួន៤ រួមមាន ការបង្កើតនិងផ្សព្វផ្សាយផលិតផលទេសចរណ៍ថ្មីៗ ការពង្រឹងគុណភាពសេវាកម្មតាមយុទ្ធនាការ«សេវាកម្ម១ស្តង់ដារ១»។ ការអនុវត្តធនធានមនុស្សតាមរយៈយុទ្ធនាការ«បុគ្គលិកម្នាក់ ជំនាញ១» និងចុងក្រោយការអភិវឌ្ឍទេសចរណ៍ឆ្លាតវៃ(Smart Tourism)៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ