អ្នកជំនាញថាទីផ្សារអ្នកទិញផ្ទះ២ម៉ឺនដុល្លារចុះក្រោមមានច្រើន តែគ្មានការផ្គត់ផ្គង់
អ្នកជំនាញផ្នែកអចលនទ្រព្យបានលើកឡើងថាក្រុមហ៊ុន អចលនទ្រព្យក្នុងប្រទេស បានកំណត់គោលដៅទីផ្សាររបស់ខ្លួនខុស ព្រោះទីផ្សារ ដែលធំបំផុតគឺអតិថិជន ដែលមានចំណូលក្រោមមធ្យម ហើយបច្ចុប្បន្នគ្មាន ការផ្គត់ផ្គង់សម្រាប់ទីផ្សារនេះទេ។ ការលើកឡើងរបស់អ្នកជំនាញនេះ ចំពេលរដ្ឋាភិបាលកម្ពុជាបានបង្ហើបពីគម្រោងផ្ទះរដ្ឋ ដែលមានតម្លៃចាប់ពី២ម៉ឺនដុល្លារឡើងទៅ ហើយគ្រោងនឹងបើកការដ្ឋានរបស់ខ្លួននៅដើមឆ្នាំ២០១៧ខាងមុខនេះ។
ចុះផ្សាយនៅថ្ងៃ៖
ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាលោក គីម ហ៊ាង បានឲ្យដឹងថាបច្ចុប្បន្ននេះទីផ្សារអចលនទ្រព្យកម្ពុជាមានអតិថិជនក្រោមមធ្យមប្រមាណ៧០ភាគរយ ដែលមានចំណូលពី៣០០ដុល្លារ ដល់៥០០ដុល្លារ គ្មានលទ្ធភាពក្នុងការទិញផ្ទះ ដែលមានតម្លៃពី៧ម៉ឺនដុល្លារ ទៅ១០ម៉ឺនដុល្លារអាមេរិកនោះទេ។ លោកកត់សម្គាល់ថានេះ មិនមែនបង្ហាញថាទីផ្សារអចលនទ្រព្យកម្ពុជាមានបញ្ហានោះទេ ប៉ុន្តែបង្ហាញថាក្រុមហ៊ុនទាំងអស់នោះបានកំណត់គោលដៅទីផ្សាររបស់ខ្លួនខុស។
លោកបន្ថែមថាប្រសិនបើក្រុមហ៊ុនទាំងនោះ បង្វែរពីការសាងសង់ បុរី ឬខុនដូរតម្លៃពី៧ម៉ឺនដុល្លារ ដល់១០ម៉ឺនដុល្លារឡើងទៅ ហើយមកលក់ផ្ទះល្វែងតម្លៃពី២ម៉ឺនដុល្លារចុះក្រោម នោះបើមានផ្ទះពី៣០០ល្វែង ទៅ៥០០ល្វែង គាត់នឹងលក់ផ្ទះទាំងនោះអស់ ក្នុងរយៈពេលតែ៣ខែប៉ុណ្ណោះ។ លោកបញ្ជាក់ថាទីផ្សារដែលកំពុងស្រេកឃ្លានរាល់ថ្ងៃ គឺទីផ្សារអ្នកមានចំណូលក្រោមមធ្យម ដែលមានលទ្ធភាពទិញផ្ទះតម្លៃក្រោម២ម៉ឺនដុល្លារ ប៉ុន្តែគ្មានការផ្គត់ផ្គង់។
គួរជម្រាបជូនថាថ្មីៗនេះ លោកជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានបង្ហើបពីគម្រោងសាងសង់ផ្ទះល្វែងរបស់រដ្ឋ សហការនឹងក្រុមហ៊ុនឯកជន ដែលនឹងចាប់ផ្តើមដំណើរការការដ្ឋានរបស់ខ្លួននៅថ្ងៃទី៧ ខែមករាឆ្នាំ២០១៧ ខាងមុខនេះ។ ផ្ទះរដ្ឋនេះ មានតម្លៃចាប់ពី២ម៉ឺន ដល់២ម៉ឺន៥ពាន់ដុល្លារ។ យ៉ាងណាមិញ ការសាងសង់ផ្ទះល្វែងប្រមាណ២៤០០ខ្នង ក្រោមគម្រោងរបស់រដ្ឋជាលើកដំបូងនេះ គឺសម្រាប់តែមន្ត្រីរាជការ ដែលមានប្រពន្ធកូនតែប៉ុណ្ណោះ។
អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ ឆៃលីន ស៊ា រៀលធីខូអិលធីឌី លោក ស៊ា ឆៃលីន ក៏យល់ឃើញស្រដៀងនឹងលោកគីម ហ៊ាងដែរ តែលោកថាការសាងសង់ផ្ទះដែលមានតម្លៃ២ម៉ឺនដុល្លារ មិនអាចធ្វើឲ្យអ្នករកស៊ីផ្នែកអចលនទ្រព្យចំណេញបានទេ។ លោកបន្ថែមថាបច្ចុប្បន្ននេះ ផ្ទះល្វែងដែលមានតម្លៃទាបបំផុតគឺ៣ម៉ឺនដុល្លារឡើងទៅ អាស្រ័យទៅតាមតំបន់ ហើយបើកៀកនឹងទីក្រុង ផ្ទះទាំងនោះអាចមានតម្លៃចាប់ពី៤ម៉ឺន៥ពាន់ដុល្លារឡើងទៅ។
លោកឧកញ៉ា នួន រិទ្ធី អគ្គនាយកក្រុមហ៊ុន Khmer Foundation Appaisal មិនយល់ស្របនឹងការលើកឡើងដែលថាមានការកំណត់គោលដៅទីផ្សារខុសនោះទេ ពីព្រោះក្រុមហ៊ុនអចលនទ្រព្យបានសម្លឹងមើលទីផ្សារ ពោលគឺមានទីផ្សារដែលមានតម្លៃខ្ពស់(អ្នកមាន) និងទីផ្សារដែលមានតម្លៃមធ្យម(អ្នកចំណូលមធ្យម) ហើយបច្ចប្បន្ននេះក្រុមហ៊ុនអចលនទ្រព្យបានកំពុងតែងាកមករកទីផ្សារសម្រាប់អ្នកមានចំណូលមធ្យម និងអ្នកមានចំណូលក្រោមមធ្យម ដោយសារតែការផ្គត់ផ្គង់ និងតម្រូវការ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ