ពលរដ្ឋខ្មែរគ្រោងធ្វើបាតុកម្មនៅស្វីស នៅពេល លោក ហ៊ុន សែន ត្រឡប់មកកម្ពុជា
ប្រជាពលរដ្ឋខ្មែរនៅអឺរ៉ុបគ្រោងជួបជុំគ្នាធ្វើបាតុកម្មប្រឆាំងលោកនាយករដ្ឋមន្រ្តីហ៊ុន សែននៅទីក្រុងហ្សឺណែវ ប្រទេសស្វីសនៅថ្ងៃទី០៥ កក្កដានេះ។ ប៉ុន្តែគម្រោងបាតុកម្មនេះធ្វើឡើង នៅពេលដែលលោកហ៊ុន សែន បានបញ្ចប់បេសសកកម្មទាំងស្រុងនៅទីនោះ និង វិលត្រឡប់មកកម្ពុជាវិញ។ មុនមកកម្ពុជា លោកហ៊ុន សែន បានចំអកទៅកាន់អ្នករៀបចំបាតុកម្មថា បរាជ័យក្នុងការរៀបចំដោយសារតែធ្វើបាតុកម្មមិនចំពេលដែលលោកស្ថិតនៅទីក្រុងហ្សឺណែវ។
ចុះផ្សាយនៅថ្ងៃ៖
នៅក្នុងវេទិកាជួបសំណោះសំណាលជាមួយប្រជាពលរដ្ឋ និងនិស្សិតខ្មែរនៅក្នុងប្រទេសស្វីសកាលពីថ្ងៃព្រហស្បតិ៍ លោកនាយករដ្ឋមន្រ្តីហ៊ុន សែន បានហៅគម្រោងធ្វើបាតុកម្មប្រឆាំងរូបលោកនៅថ្ងៃទី០៥ កក្កដា របស់ប្រជាពលរដ្ឋខ្មែរមួយចំនួននៅអឺរ៉ុបថា គឺជាលេសរបស់ពួកគេ ដើម្បីចោទរូបលោកថារត់ចេញពីអឺរ៉ុបដោយសារតែបាតុកម្មនេះ។ ប៉ុន្តែបើតាមលោកនាយករដ្ឋមន្រ្តីហ៊ុន សែន គឺវាពុំមែនដូច្នេះនោះទេ។ ពោល គឺលោកបានប្រកាសរួចហើយថា បេសសកកម្មនៅស្វីសរបស់លោកនឹងបញ្ចប់នៅថ្ងៃទី០៥ កក្កដា ហើយត្រូវវិលត្រឡប់មកកាន់ប្រទេសកម្ពុជាវិញ។
មិនតែប៉ុណ្ណោះ លោកប្រមុខរដ្ឋាភិបាលខ្មែរមិនជឿថាបាតុកម្មប្រឆាំងរូបលោកដែលគ្រោងធ្វើនៅថ្ងៃទី០៥ កក្កដានេះ អាចកើតឡើងនោះទេ ព្រោះដំណើរការនីតិវិធីស្នើសុំច្បាប់ធ្វើមិនទាន់។ លោកថា ក្រុមអ្នកប្រឆាំងរូបលោកទើបតែបានដាក់ពាក្យស្នើសុំច្បាប់ធ្វើបាតុកម្មនៅស្វីសកាលពីថ្ងៃទី០៤ កក្កដា ប៉ុន្តែសម្រាប់ការសម្រេចថាឱ្យ ឬ មិនឱ្យធ្វើបាតុកម្មនោះ គឺអាជ្ញាធរស្វីសត្រូវការពេលវេលាដល់៤៨ម៉ោងឯណោះ។
ប៉ុន្តែ លោកសម រង្ស៊ី ប្រធានស្តីទីអតីតគណបក្សសង្រ្គោះជាតិ បានគូសបញ្ជាក់នៅលើទំព័រហ្វេសប៊ុករបស់លោកកាលពីថ្ងៃព្រហស្បតិ៍ថា គម្រោងធ្វើបាតុកម្មប្រឆាំងលោកនាយករដ្ឋមន្រ្តីហ៊ុន សែន គឺនឹងធ្វើឡើងដូចបានគ្រោងទុក ដោយគ្មានអ្វីប្រែប្រួលទេ។ តាមលោកសម រង្ស៊ី បាតុកម្មនេះនឹងធ្វើឡើងចាប់ពីម៉ោង១២រសៀលរហូតដល់ម៉ោង១៧យប់ ម៉ោងនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស នាថ្ងៃទី០៥ កក្កដានេះ។
ជាមួយនឹងការបញ្ជាក់ជាក់លាក់នៃការធ្វើបាតុកម្មនេះ លោកសម រង្ស៊ី តាមរយៈទំព័រហ្វេសប៊ុកដដែលក៏បានចោទប្រកាន់លោកហ៊ុន សែន ថាបានជួលមនុស្សឱ្យទៅស្វាគមន៍រូបគាត់ ក្នុងកម្រៃចាប់ពី ២០០ ដុល្លារ ទៅ ២.០០០ ដុល្លារក្នុងម្នាក់ អាស្រ័យលើការមកពីជិតឬឆ្ងាយ។ នេះ គឺខុសពីអ្នកគាំទ្រអតីតបក្សប្រឆាំងដែលលោកសម រង្ស៊ី អះអាងថា មកធ្វើបាតុកម្មដោយចិត្តឯង ហើយចេញថ្លៃធ្វើដំណើរដោយខ្លួនឯងថែមទៀត។
ប៉ុន្តែ លោកប្រមុខរដ្ឋាភិបាលកម្ពុជាបានទាត់ចោលការចោទប្រកាន់នេះ ហើយថែមទាំងហៅការចោទប្រកាន់នេះថា ជាការប្រមាថដ៏ធ្ងន់ធ្ងរដល់អ្នកដែលមកស្វាគមន៍រូបលោក។ លោក ហ៊ុន សែន ថែមទាំងបបួលលោកសម រង្ស៊ី ស្បថដាក់ជីវិតថែមទៀតចំពោះការចោទប្រកាន់បែបនេះ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ