ឡុង ឌីម៉ង់៖ លិចទឹកនៅភ្នំពេញល្ងាចមិញនេះគឺដោយប្រព័ន្ធលូមិនគ្រប់គ្រាន់និងសំរាម
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ភ្លៀង២មេធំៗនៅ២ថ្ងៃជាប់គ្នានេះ បានធ្វើឲ្យសាលាក្រុងភ្នំពេញ រងការរិះគន់យ៉ាងចាស់ដៃពីសំណាក់មហាជន ពិសេសអ្នកប្រើប្រាស់បណ្តាញសង្គមតែម្តង។ ទន្ទឹមនឹងនេះ លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីភ្នំពេញទទួលស្គាល់ថាគឺដោយសារមានបញ្ហាប្រព័ន្ធលូនិងសំរាម។ លោកអះអាងថានឹងជំរុញល្បឿនការដ្ឋានសាងសង់និងជួសជុលប្រព័ន្ធលូ ព្រមទាំងបង្កើនសកម្មភាពស្តារសំរាមបន្ថែមទៀត។ សូមបញ្ជាក់ថា ល្ងាចថ្ងៃសៅរ៍នេះ ទឹកលិចខ្លាំងជាងម្សិលមិញទៅទៀត ព្រោះកម្ពស់នីវូទឹកភ្លៀងបានកើតដល់ប្រមាណ៦០មីលីម៉ែត្រទៅហើយ។
អ្នកប្រើប្រាស់បណ្តាញសង្គមខ្លះ បានថតរូបភាពទឹកជន់លិចផ្លូវ លិចផ្ទះសម្បែង និងទឹកដក់ក្នុងផ្លូវក្រោមស្ពានអាកាសតិចណូជាដើម យកទៅផ្សព្វផ្សាយព្រោងព្រាតពេញទំព័រហ្វេសបុក ហើយក៏មានការអធិប្បាយវាយប្រហារចំពោះអាជ្ញាធរក្រុងភ្នំពេញយ៉ាងដំណំផងដែរ។ យុវជនខ្លះបានយកពោងទៅអុំក្នុងទឹកជន់នោះ ហើយថតវីដេអូដើម្បីសើចលេងកម្សាន្ត និងចំអកដល់ថ្នាក់ដឹកនាំក្រុងភ្នំពេញទៀតផង។ ជាមួយគ្នានេះ អ្នកប្រើហ្វេសបុកខ្លះទៀតដែលមាននិន្នាការបក្សនយោបាយ ក៏បានយកឱកាសនេះ ដើម្បីវាយប្រហារគូប្រជែង និងកេងចំណេញនយោបាយផងក៏មាន។
ចំណែក លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលាក្រុងភ្នំពេញ បានចេញមុខបកស្រាយថាលិចទឹកនៅភ្នំពេញ ពីល្ងាចថ្ងៃសុក្រនិងថ្ងៃសៅរ៍ គឺដោយសារប្រព័ន្ធលូ នៅមិនទាន់គ្រប់គ្រាន់នៅឡើយ ដូចជានៅផ្លូវ២៥៧ ផ្លូវកម្ពុជាក្រោម ម្តុំស្តុបសន្ធរម៉ុកជាដើម ដែលការដ្ឋានសាងសង់លូ នៅមិនទាន់រួចរាល់នៅឡើយ។ អ្នកនាំពាក្យរូបនេះ បន្ថែមថា សំរាមក៏ជាបញ្ហាសំខាន់ដែរ ដែលបណ្តាលឲ្យស្ទះខ្ទប់ប្រព័ន្ធបញ្ច្រៀសទឹកជំនន់។ បើតាមអ្នកនាំពាក្យដដែល នៅភ្នំពេញក្នុងមួយថ្ងៃៗ មានការដ្ឋានប្រមាណ៥០ ដែលកំពុងជួសជុលនិងដាក់ប្រព័ន្ធលូ ។ សូមបញ្ជាក់ថា នៅថ្ងៃសុក្រ កម្ពស់ទឹកភ្លៀងប្រមាណ៣២មីលីម៉ែត្រ ហើយនៅថ្ងៃសៅរ៍ បានកើតឡើងដល់ប្រមាណជា៦០មីលីម៉ែត្រ ដែលធ្វើឱ្យភ្លៀងថ្ងៃសៅរ៍ លិចក្រុងភ្នំពេញ ខ្លាំងជាងថ្ងៃសុក្រទៅទៀត។ ជាធម្មតា កម្រិតនីវូទឹកត្រឹមជាង៣០មីលីម៉ែត្រ អាចលិច ភ្នំពេញបាន ព្រោះភូមិសាស្ត្ររាជធានីនេះ ទាបជាងនីវូទឹកទន្លេ។ នេះបើតាមការអះអាងរបស់អ្នកនាំពាក្យសាលារាជធានីភ្នំពេញ។
ជាដំណោះស្រាយ លោក ឡុង ឌីម៉ង់ បញ្ជាក់ថាអាជ្ញាធរនិងអ្នកជំនាញ នឹងបង្កើនសកម្មភាពជួសជុលប្រព័ន្ធលូ និងស្តារសំរាមឲ្យសកម្មបន្ថែមទៀត។ លោកក៏អំពាវវនាវដែរ ឲ្យពលរដ្ឋទាំងអស់ប្រយ័ត្នចំពោះអនាម័យ និងកុំបោះចោលសំរាមពាលវាលពាលកាលនៅក្នុងក្រុង ពិសេសនៅមាត់លូតែម្តង។
យ៉ាងណាក៏ដោយចុះ អ្នករស់នៅក្នុងក្រុងតែងតែរអ៊ូរាល់ពេលមានភ្លៀងធំម្តងៗ ហើយនៅពេលដែល រដូវវស្សាឈានចូលមកដល់ ពួកគេនៅតែបន្តព្រួយប្រារម្ភខ្លាំងបន្ថែមទៀត ពិសេសនៅខែសីហា និងកញ្ញាខាងមុខនេះ ដែលភ្លៀងអាចកាន់តែធំ ហើយភ្លៀងនឹងធ្លាក់ញឹកញាប់៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ